មូស្គូ៖ សេដ្ឋីប្រេងកាតជាតិរុស្ស៊ីមា្នក់ គឺលោក រ៉ាវីល ម៉ាហ្គាណូវ (Ravil Maganov) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ី បានស្លាប់នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្លាក់ពីអគាជាន់ទី៦ នៃមន្ទីរពេទ្យប្រណីត ស្ថិតក្នុងទីក្រុងមូស្គូ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់រុស្ស៊ី បានរាយការណ៍ថា លោក រ៉ាវីល ម៉ាហ្គាណូវ អាយុ៦៧ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនប្រេង ឈ្មោះ លូខយ (Lukoil) បានធ្លាក់តាមបង្អួចនៃមន្ទីរពេទ្យរដ្ឋសម្រាប់ព្យាបាលអ្នកមានទ្រព្យ និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងទីក្រុងមូស្គូ ដែលជាកន្លែងលោកទទួលសម្រាកបាលជំងឺធ្ងន់ធ្ងរ។

ភ្លាមៗនេះ​ខាង​មន្ទីរពេទ្យ​ ក៏បាន​បញ្ជាក់​ពី​ព័ត៌មាន​នៃការស្លាប់នេះដែរ ​ដោយ​និយាយ​ថា ​សមត្ថកិច្ច​កំពុង​តែ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បីស៊ើបអង្កេតរកមូលហេតុជាក់ស្តែង។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសរុស្ស៊ី បានលើកឡើងថា លោក រ៉ាវីល ម៉ាហ្គាណូវ គឺជាអ្នកជំនួញម្នាក់ ដែលធ្លាប់បានចេញមុខរិះគន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ​ ពូទីន ចំពោះការបញ្ជូនទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ចំណែកក្រុមហ៊ុនប្រេង លូខយ ក៏បានបញ្ជាក់អំពីការស្លាប់របស់លោក រ៉ាវីល ម៉ាហ្គាណូវ ដោយបញ្ជាក់ថា លោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ហើយបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ជាច្រើនខែមកហើយ។

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា លោកបានស្លាប់បន្ទាប់ពីធ្លាក់ពីលើអគារជាន់ទី៦ អាចបន្ទាប់ពីទទួលបានដំណឹងមិនល្អអំពីស្ថានភាពចុងក្រោយនៃជំងឺរបស់លោក។

លោក រ៉ាវីល ម៉ាហ្គាណូវ បានចំណាយពេលពេញមួយអាជីពរបស់លោកនៅក្នុងអាជីវកម្មប្រេង ក្នុងប្រទេសរុស្ស៊ី។ លោកបានចូលរួមជាមួយក្រុមហ៊ុន លូខយ ក្នុងឆ្នាំ១៩៩៣ ដោយផ្តោតសំខាន់លើការរុករកធនធានប្រេងក្រោមដី និងដឹកនាំប្រតិបត្តិការបូមយកប្រេង។

ចំណែកប្អូនប្រុសរបស់លោកឈ្មោះ ណេល ម៉ាហ្គាណូវ (Nail Maganov) ក៏ជាអ្នករកស៊ីប្រេងដ៏ល្បីម្នាក់ផងដែរ ដោយមានតំណែងជានាយកប្រតិបត្តិមួយរូប និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន តាតណេហ្វ (Tatneft) ដែលជាក្រុមហ៊ុនប្រេង ដ៏ធំរបស់រុស្ស៊ី៕

 

By Ana

You missed