ម៉ូស្គូ៖ លោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) គឺជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតម្នាក់ នៅលើពិភពលោក ក្នុងសតវត្សទី២០ និងជាអ្នកធ្វើឲ្យដួលរលំសហភាពសូវៀត ដែលមានអាយុកាលជិត៧០ឆ្នាំ ហើយបានគ្រប់គ្រងតំបន់ដ៏ធំធេងនៅទ្វីបអាស៊ី និងអឺរ៉ុបខាងកើត។
ទោះជាយ៉ាងណាក៏ដោយ នៅពេលលោកបានកំណត់កម្មវិធីធ្វើកំណែទម្រង់របៀបដឹកនាំរុស្ស៊ី នៅឆ្នាំ១៩៨៥ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ និងកែសម្រួលកម្មវិធីនយោបាយរបស់សហភាពសូវៀត បែរជាត្រូវទទួលរងបរាជ័យទៅវិញ។
ការខិតខំប្រឹងប្រែងរបស់លោកបានក្លាយជាកត្តាជំរុញឲ្យកើតមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងរបស់លទ្ធិកុម្មុយនិស្ត មិនត្រឹមតែនៅក្នុងសហភាពសូវៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងអតីតរដ្ឋរណបរបស់ខ្លួនផងដែរ។
លោក មីខាអ៊ីល ហ្គោបាឆេវ កើតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៣១ នៅតំបន់ ស្តាវរ៉ូប៉ូល (Stavropol) ភាគខាងត្បូងប្រទេសរុស្ស៊ី។
កាលនៅវ័យជំទង់ ឪពុកម្តាយរបស់លោក ជាអ្នកធ្វើការនៅកសិដ្ឋានសមូហភាព ហើយលោកធ្វើការជាអ្នកបើកបរម៉ាស៊ីនច្រូតកាត់។
នៅពេលលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ូស្គូ ក្នុងឆ្នាំ១៩៥៥ លោកក្លាយជាសមាជិកសកម្មរបស់គណបក្សកុម្មុយនិស្ត។
នៅពេលលោកវិលត្រឡប់ទៅកាន់ស្រុកកំណើតក្នុងតំបន់ ស្តាវរ៉ូប៉ូល វិញ ជាមួយភរិយារបស់លោក ឈ្មោះ រ៉ៃសា ហ្គោបាឆេវ៉ា (Raisa Gorbacheva) លោកបានឡើងបុណ្យស័ក្តិយ៉ាងឆាប់រហ័ស នៅក្នុងរចនាសម្ព័ន្ធគណបក្សក្នុងតំបន់នោះ។
លោក មីខាអ៊ីល ហ្គោបាឆេវ គឺជាសកម្មជនបក្សជំនាន់ថ្មីម្នាក់ ដែលខ្វាយខ្វល់ចំពោះភាពចាស់ជរា នៅកំពូលនៃឋានានុក្រមដឹកនាំរបស់សហភាពសូវៀត។
នៅឆ្នាំ១៩៦១ លោកគឺជាលេខាបក្សប្រចាំតំបន់នៃសម្ព័ន្ធកុម្មុយនិស្តវ័យក្មេង ហើយបានក្លាយជាសមាជិកប្រតិភូ ទៅចូលរួមសមាជបក្ស នាទីក្រុងមូស្គូ។
តួនាទីរបស់លោកជាអ្នកគ្រប់គ្រងកសិកម្ម បានផ្តល់ឱកាសដល់លោក ដើម្បីបង្ហាញពីសមត្ថភាពច្នៃប្រឌិត រួមជាមួយនឹងឋានៈរបស់លោកនៅក្នុងគណបក្ស បានផ្តល់ឲ្យលោកនូវឥទ្ធិពលយ៉ាងច្រើននៅក្នុងតំបន់ ស្តាវរ៉ូប៉ូល។
ស្រូបយកខ្យល់បរិសុទ្ធ នៃលទ្ធិថ្មី
នៅឆ្នាំ១៩៧៨ លោក មីខាអ៊ីល ហ្គោបាឆេវ បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ក្នុងនាមជាសមាជិកនៃលេខាធិការដ្ឋានកសិកម្មនៃគណៈកម្មាធិការកណ្តាល ហើយត្រឹមតែក្នុងរយៈពេលពីរឆ្នាំក្រោយមក លោកត្រូវបានតែងតាំងជាសមាជិកពេញសិទ្ធិនៃការិយាល័យនយោបាយមជ្ឈឹមបក្ស។
ក្នុងអំឡុងពេលលោក យូរី អាន់ដ្រូប៉ូវ (Yuri Andropov) កាន់តំណែងជាអគ្គលេខាធិការមជ្ឈឹមបក្ស លោក មីខាអ៊ីល ហ្គោបាឆេវ បានធ្វើដំណើរជាច្រើនលើកទៅក្រៅប្រទេស រួមទាំងដំណើរទស្សនកិច្ចឆ្នាំ១៩៨៤ ទៅកាន់ទីក្រុងឡុងដ៍ ជាកន្លែងដែលលោកបានធ្វើឲ្យមានការចាប់អារម្មណ៍ពីនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី ម៉ាហ្គារ៉េត ថាច់ឈ័រ (Margaret Thatcher) ដែលចាត់ទុកលោកថា ជាមេដឹកនាំគួរឲ្យគោរព និងទុកចិត្តបាន។
នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស លោកស្រី ម៉ាហ្គារ៉េត ថាច់ឈ័រ បានមានប្រសាសន៍ថា លោកស្រីមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងនាពេលអនាគតជាមួយសហភាពសូវៀត។
លោកស្រី ម៉ាហ្គារ៉េត ថាច់ឈ័រ បានមានប្រសាសន៍ដូច្នេះថា «ខ្ញុំចូលចិត្តលោក ហ្គោបាឆេវ។ យើងអាចធ្វើការជាមួយគ្នាបាន»។
ពេលនោះ លោក មីខាអ៊ីល ហ្គោបាឆេវ ត្រូវបានគេរំពឹងថា នឹងស្នងតំណែងពីលោក យូរី អាន់ដ្រូប៉ូវ ដែលក្រោយមកទៀតបានទទួលមរណភាពនៅឆ្នាំ១៩៨៤ ប៉ុន្តែលោក កុនស្តានទីន ឈើណេនកូ (Konstantin Chernenko បានក្លាយជាអគ្គលេខាធិការមជ្ឈឹមបក្ស។
ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោក កុនស្តានទីន ឈើណេនកូ ក៏បានទទួលមរណភាពដោយសារជំងឺ ដូច្នេះលោក មីខាអ៊ីល ហ្គោបាឆេវ ដែលជាសមាជិកវ័យក្មេងបំផុតនៃការិយាល័យនយោបាយ បានឡើងកាន់តំណែងបន្ត។
លោក មីខាអ៊ីល ហ្គោបាឆេវ គឺជាអគ្គលេខាធិការទីមួយ ដែលបានចាប់កំណើតបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩១៧ ហើយត្រូវបានគេមើលឃើញថា ជាការស្រូបយកខ្យល់បរិសុទ្ធ បន្ទាប់ពីការជាប់គាំងផ្នែកនយោបាយនៃឆ្នាំលោក ឡេអូណីត ប្រេសណេវ (Leonid Brezhnev) ជនជាតិអ៊ុយក្រែន កាន់អំណាចដឹកនាំសហភាពសូវៀត ។
សម្លៀកបំពាក់ទាន់សម័យ និងលក្ខណៈបើកចំហរបស់លោក មីខាអ៊ីល ហ្គោបាឆេវ មិនដូចអ្នកកាន់តំណែងមុនៗទេ ចំណែកភរិយារបស់លោក គឺលោកស្រី រ៉ៃសា ហ្គោបាឆេវ៉ា គឺដូចជាស្ត្រីទីមួយរបស់អាមេរិកដែរ ខុសភរិយារបស់អគ្គលេខាធិការមុនៗ។
ការបើកឲ្យមានទីផ្សារសេរី ជំនួសទីផ្សាររដ្ឋគ្រប់គ្រង
ភារកិច្ចដំបូងរបស់លោក មីខាអ៊ីល ហ្គោបាឆេវ គឺពិនិត្យមើលឡើងវិញអំពីសេដ្ឋកិច្ចរបស់សហភាពសូវៀត ដែលមានសភាពទ្រុឌទ្រោមដុនដាប ស្ទើរតែឈានដល់ការដួលរលំទៅហើយនោះ អាចមានកម្លាំងងើបឡើងវិញបាន តាមរយៈការបើកឲ្យមានទីផ្សារសេរី។
លោកក៏មានប្រាជ្ញាគ្រប់គ្រាន់ក្នុងការយល់បានថា ភាពចាំបាច់ត្រូវតែធ្វើកំណែទម្រង់ដល់ឫសគល់ និងដល់មែកធាងរបស់បក្សកុម្មុយនិស្ត ប្រសិនបើកំណែទម្រង់សេដ្ឋកិច្ចរបស់លោកទទួលបានជោគជ័យ នឹងអាចជួយការពារសហភាពសូវៀតឲ្យគេចផុតពីការដួលរលំនៅអនាគត។
ដំណោះស្រាយរបស់លោកនាពេលនោះ បាននាំយកពាក្យរុស្ស៊ីពីរម៉ាត់ បញ្ចូលគ្នាទៅជាពាក្យតែមួយសម្រាប់ប្រើប្រាស់ទូទៅ។ លោកបាននិយាយថា ប្រទេសនេះត្រូវការ ប៉េរ៉េសត្រយការ (Perestroika) ឬការរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយវីធីសាស្ត្ររបស់លោកសម្រាប់អនុវត្ត គឺពាក្យ ក្លាសណូស (Glasnost) មានន័យថា បើកចំហ និងតម្លាភាព នៅក្នុងការងារ និងនៅក្នុងស្ថាប័នរដ្ឋ។
លោកបានប្រាប់បណ្តាមេដឹកនាំកុម្មុយនិស្តនៅទីក្រុង ឡេនីនក្រាដ (Leningrad) ដែលក្រោយមកត្រូវបានប្តូរឈ្មោះជា ទីក្រុង សេន ភីតធើស្បើក (Saint Petersburg) ក្នុងឆ្នាំ១៩៩១ថា «សមមិត្តកំពុងតែដើរយឺតពីក្រោយសេដ្ឋកិច្ចទាំងមូល។ ផលិតផលទំនិញអន់គុណភាពរបស់សមមិត្ត ធ្វើឲ្យអាម៉ាសមុខណាស់»។
សម្តីបែបនេះមិនមែនជាចេតនារបស់លោក ចង់កែប្រែសេដ្ឋកិច្ចទីផ្សារគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដូចលោកបាននិយាយយ៉ាងច្បាស់នៅក្នុងសុន្ទរកថា ទៅកាន់ប្រតិភូគណបក្ស កាលពីឆ្នាំ១៩៨៥។
នៅឆ្នាំនោះ លោកមានប្រសាសន៍ថា «សមមិត្តខ្លះមើលទីផ្សារថា ជាអ្នកសង្គ្រោះជីវិតសេដ្ឋកិច្ចរបស់សមមិត្ត។ ប៉ុន្តែតាមពិតសមមិត្តមិនគួរគិតអំពីអ្នកសង្គ្រោះសេដ្ឋកិច្ចទេ ប៉ុន្តែត្រូវគិតចំពោះចង្កូតនាវាវិញ គឺជានាវាសង្គមនិយម»។
អាវុធមុខស្រួចរបស់លោក មីខាអ៊ីល ហ្គោបាឆេវ មួយទៀត សម្រាប់ដោះស្រាយការជាប់គាំងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ គឺលទ្ធិប្រជាធិបតេយ្យ។ ជាលើកដំបូងហើយ ដែលយលោកបង្កើតឲ្យមានការបោះឆ្នោតដោយសេរី ដើម្បីជ្រើសរើសសមាជិកសភាតំណាងប្រជាជន។
ការសាកល្បងដ៏លំបាកបំផុត នាំឲ្យបែកបាក់
ការបន្ធូរបន្ថយនៃរបបគាបសង្កត់នៅក្នុុងរបបដឹកនាំតាមលទ្ធិកុម្មុយនិស្ត បានបង្កឲ្យមានការរំជើបរំជួលក្នុងចំណោមជាតិសាសន៍ចម្រុះជាច្រើន ដែលរួមគ្នាបង្កើតបានជាសហភាពសូវៀត លើផ្ទៃដីលាតសន្ធឹងដ៏ធំនៅលើពិភពលោក។ កុប្បកម្មនៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងខែធ្នូ ឆ្នាំ១៩៨៦ បានបង្កឲ្យមានបញ្ហាចលាចលជាបន្តបន្ទាប់។
លោក មីខាអ៊ីល ហ្គោបាឆេវ ចង់បញ្ចប់សង្គ្រាមត្រជាក់ ដោយជោគជ័យក្នុងការចរចាជាមួយប្រធានាធិបតីអាមេរិក គឺលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដើម្បីលុបបំបាត់អាវុធគ្រប់ប្រភេទ តាមរយៈសន្ធិសញ្ញាថាមពលក្លេអ៊ែរអន្តរជាតិ។
ក្រោយមកទៀត លោកបានប្រកាសកាត់បន្ថយជាឯកតោភាគី នូវវត្តមានកងទ័ពរបស់សហភាពសូវៀត ដែលចូលការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយការបង្ហូរឈាម។
ប៉ុន្តែការសាកល្បងដ៏លំបាកបំផុតរបស់លោក គឺកើតចេញពីបណ្តាប្រទេសមួយចំនួន ដែលមិនព្រមស្ម័គ្រចិត្តចូលរណបជាមួយសហភាពសូវៀត បែរជាមានសិទ្ធិទាមទារទៅវិញ។
កាបើកចំហ និងលទ្ធិប្រជាធិបតេយ្យ បាននាំឲ្យមានការទាមទារឯករាជ្យពីបណ្តាប្រទេសមួយចំនួន ដែលនាំឲ្យលោក មីខាអ៊ីល ហ្គោបាឆេវ ដកកងទ័ពរុស្ស៊ីចេញ ដោយគ្មានការបង្ហូរឈាម។
ការបែកបាក់សហភាពសូវៀត មុនគេបង្អស់ បានចាប់ផ្តើមនៅក្នុងបណ្តាសាធារណរដ្ឋ ស្ថិតក្នុងតំបន់បាល់ទិកភាគខាងជើង មានដូចជាប្រទេស ឡាតវី ប្រទេសលីទុយអានី និងប្រទេសអេស្តូនី ដែលប្រកាសផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលទីក្រុងមូស្គូ ហើយចាប់ផ្តើមរាលដាលដល់ប្រទេសជាសម្ព័ន្ធមិត្តនៃកិច្ចព្រមព្រៀងទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ។
លុះឈានដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ បន្ទាប់ពីមានមហាបាតុកម្ម ពលរដ្ឋអាល្លឺម៉ង់ខាងកើត ដែលជាមនុស្សខ្លាំងបំផុតរបស់សហភាពសូវៀត ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដោយសេរី ទៅកាន់អាល្លឺម៉ង់ខាងលិច។
ប្រតិកម្មរបស់ លោក មីខាអ៊ីល ហ្គោបាឆេវ នាពេលនោះ គឺមិនមែនបញ្ជូនរថក្រោះ ដែលជាប្រតិកម្មបែបប្រពៃណីរបស់សហភពសូវៀតចំពោះការបះបោរប្រឆាំងឡើយ ផ្ទុយទៅវិញលោកបែរជាប្រកាសថា «ការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ គឺជាកិច្ចការផ្ទៃក្នុងរបស់អាល្លឺម៉ង់»។
នៅឆ្នាំ១៩៩០ លោក មីខាអ៊ីល ហ្គោបាឆេវ បានទទួលពានរង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីឈានមុខគេ ដែលលោកបានធ្វើក្នុងការផ្លាស់ប្តូរទំនាក់ទំនងរវាងអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។
ប៉ុន្តែត្រឹមខែសីហា ឆ្នាំ១៩៩១ ក្រុមទាហានជើងចាស់របស់រដ្ឋាភិបាលកុម្មុយនិស្ត នៅទីក្រុងមូស្គូ មានលេសគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពប្រឆាំងលោក គឺធ្វើរដ្ឋប្រហារយោធា ហើយចាប់ខ្លួនលោក មីខាអ៊ីល ហ្គោបាឆេវ ពេលកំពុងតែសម្រាកលំហែកាយ នៅសមុទ្រខ្មៅ។
លោក បូរីស យ៉ែលស៊ីន (Boris Yeltsin) មេបក្សប្រចាំក្រុងមូស្គូ បានឆ្លៀតឱកាសបញ្ចប់រដ្ឋប្រហារ ដោយចាប់ខ្លួនបាតុករ និងដកហូតអំណាចនយោបាយស្ទើរតែទាំងអស់ពីលោក មីខាអ៊ីល ហ្គោបាឆេវ ដើម្បីជាថ្នូរនឹងសេរីភាពរួចផុតពីជាប់ពន្ធនាគារ។
ប្រាំមួយខែក្រោយមក លោក មីខាអ៊ីល ហ្គោបាឆេវ បានលាលែងពីតំណែង ចំណែកបក្សកុម្មុយនិស្ត ត្រូវដាក់ឲ្យនៅក្រៅច្បាប់ ហើយប្រទេសរុស្ស៊ី បានចាប់ផ្តើមកំណត់ជោគវាសនាថ្មីរបស់ខ្លួន ដោយមិនមានភាពច្បាស់លាស់។
នៅឆ្នាំបន្តបន្ទាប់មកទៀត លោក មីខាអ៊ីល ហ្គោបាឆេវ បានបន្តដើរតួសំខាន់ទាំងនៅក្នុងបញ្ហារបស់រុស្ស៊ី និងលើឆាកអន្តរជាតិ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅឯបរទេស តែងតែមានតម្លៃខ្ពស់ជាងនៅក្នុងប្រទេសរបស់ខ្លួន។
នៅពេលលោកឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ី ក្នុងឆ្នាំ១៩៩៦ លោកទទួលបានសម្លេងឆ្នោតគាំទ្រតិចជាង៥ភាគរយ គឺមានន័យថា ប្រជាពលរដ្ឋរុស្ស៊ីភាគច្រើនមិនគាំទ្រលោកឡើយ។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោកបានចូលរួមក្នុងវគ្គបង្រៀនជាអន្តរជាតិ និងរក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំពិភពលោក ដោយបន្សល់ទុកជាវីរៈបុរសដល់ប្រជាជន ដែលមិនមែនជាជនជាតិរុស្សីជាច្រើន ហើយទទួលបានពានរង្វាន់ និងសញ្ញាប័ត្រកិត្តិយសជាច្រើន។
លោក មីខាអ៊ីល ហ្គោបាឆេវ មានការសោកសង្រេងយ៉ាងខ្លាំង ក្នុងឆ្នាំ១៩៩៩ នៅពេលលោកស្រី រ៉ៃសា ហ្គោបាឆេវ៉ា ភរិយាសំណព្វចិត្តរបស់លោក បានទទួលមរណភាពដោយសារជំងឺមហារីកគ្រាប់ឈាម។ ពេលលោកស្រីនៅមានជីវិត លោកទទួលបានការគាំទ្រផ្នែកកម្លាំងចិត្ត ក្នុងការធ្វើកំណែទម្រង់នយោបាយ និងបង្កើតទីផ្សារសេដ្ឋកិច្ចសេរី នៅក្នុងប្រទេសរុស្ស៊ី។
លោកនៅតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែលលោកបានចោទប្រកាន់ថា កំពុងតែដឹកនាំរដ្ឋាភិបាលឆ្ពោះទៅរករបបផ្តាច់ការ ដោយមានការគាបង្កត់កាន់តែខ្លាំងឡើងៗ។
លោក មីខាអ៊ីល ហ្គោបាឆេវ បាននិយាយថា «នយោបាយក្នុងប្រទេសរុស្ស៊ី កំពុងតែក្លាយជាប្រជាធិបតេយ្យក្លែងក្លាយកាន់តែខ្លាំងឡើង ដោយអំណាចទាំងអស់ស្ថិតនៅក្នុងដៃស្ថាប័នប្រតិបត្តិតែមួយគត់»។
ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៤ លោក មីខាអ៊ីល ហ្គោបាឆេវ បានការពារការបោះឆ្នោតប្រជាមតិ ដែលនាំទៅដល់ការបញ្ចូលឧបទ្វីបគ្រីមៀ ជាចំណែករបស់រុស្ស៊ី។
លោក មីខាអ៊ីល ហ្គោបាឆេវ បានប្រកាសថា «ខណៈពេលឧបទ្វីប គ្រីមៀ ត្រូវបានកាត់ចូលជាមួយអ៊ុយក្រែន គឹដោយសារផ្អែកតាមច្បាប់របស់សហភាពសូវៀត ដែលមានន័យថា ច្បាប់គណបក្សដោយមិនចាំបាច់សួរប្រជាជន។ ឥឡូវនេះប្រជាជនខ្លួនឯង បានសម្រេចចិត្តកែកំហុសនោះ»។
នៅថ្ងៃខួបកំណើតគម្រប់៩០ឆ្នាំរបស់លោក ក្នុងខែមីនា ឆ្នាំ២០២១ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសរសើរលោកថា «ជារដ្ឋបុរសដ៏អស្ចារ្យបំផុតម្នាក់នៃសម័យទំនើប ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រវត្តិសាស្រ្តប្រទេសជាតិរបស់យើង និងនៅលើពិភពលោក»។
លោក ពូទីន បានលើកឡើងថា ទស្សនៈផ្ទាល់ខ្លួនរបស់លោក មីខាអ៊ីល ហ្គោបាឆេវ បានបន្សើ់កេរ្តិ៍ដំណែលរបស់លោក ដែលត្រឹមត្រូវក្នុងការលុបបំបាត់របបដឹកនាំផ្តាច់ការ បញ្ចប់សង្គ្រាមត្រជាក់ និងកាត់បន្ថយការសាយភាយអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែនៅតែមានការសោកស្ដាយចំពោះរដ្ឋប្រហារ និងការបញ្ចប់នៃសហភាពសូវៀត។ ជនជាតិរុស្សីជាច្រើននៅតែឲ្យលោក មីខាអ៊ីល ហ្គោបាឆេវ ទទួលខុសត្រូវចំបោះការដួលរលំសហភាពសូវៀត។
ទោះបីលោកជាអ្នកនយោបាយប្រកបដោយគុណធម៌ក៏ដោយ លោក មីខាអ៊ីល ហ្គោបាឆេវ បានបរាជ័យព្រោះមិនបានដឹងមុនថា ការធ្វើកំណែទម្រង់មិនអាចទៅរួចទេ ប្រសិនបើមិនបំផ្លាញចោលប្រព័ន្ធកុម្មុយនិស្តមជ្ឍឹមបក្ស ដែលមនុស្សរាប់លាននាក់ នៅក្នុងសហភាពសូវៀត និងនៅលើពិភពលោកលែងចង់បាន លែងចង់ឃើញ៕