មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យយោធារុស្ស៊ី បង្កើនចំនួនទាហានរបស់ខ្លួន ពី១៣៧,០០០ ដល់ចំនួនទាហានសរុប១,១៥លាននាក់ នៅឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលយោធារបស់រុស្ស៊ី ចូលឈ្លានពាន អ៊ុយក្រែន។
ក្រឹត្យរបស់ពូទីន ដែលនឹងចូលធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ មិនបានបញ្ជាក់ថា តើនឹងបង្កើនទាហាននៅខ្សែត្រៀមជួរមុខរបស់ខ្លួនឲ្យកាន់តែច្រើនឡើង ឬគ្រាន់តែបង្កើនចំនួនទាហានស្ម័គ្រចិត្ត។
ក្រឹត្យចេញកាលពីថ្ងៃ២៥ ខែសីហា នឹងបង្កើនចំនួនទាហានរុស្ស៊ីសរុបដល់២.០៣៩.៧៥៨នាក់ ក្នុងនោះមានទាហានពេញសិទ្ធិចំនួន១.១៥០.៦២៨នាក់ ដែលនៅក្នុងបទបញ្ជាចេញលើកមុន បានបង្កើនចំនួនទាហានរបស់រុស្ស៊ី ពី១.០១៣.៦២៨នាក់ កើនឡើងដល់ចំនួន១.៩០២.៧៥៨ ត្រឹមឆ្នាំ២០១៨ ។
វិមានក្រឹមឡាំងបាននិយាយថា មានតែទាហានស្ម័គ្រចិត្តប៉ុណ្ណោះ ដែលចូលរួមប្រយុទ្ធក្នុងប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បាលនិយាយថា រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមបង្កើនចំនួនទាហាន ដែលចូលរួមក្នុងសកម្មភាពយោធានៅអ៊ុយក្រែន ដោយទាក់ទាញទាហានអ្នកស្ម័គ្រចិត្តកាន់តែច្រើន រួមជាមួយទាហានជាប់កិច្ចសន្យាស្ម័គ្រចិត្ត និងថែមទាំងផ្តល់ការលើកលែងទោសដល់អ្នកទោសមួយចំនួន ឲ្យចូលបំពេញកាតព្វកិច្ចយោធា ជាពិសេសក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
រីឯមេដឹកនាំក្នុងតំបន់វិញ ក៏បានព្យាយាមបង្កើនចំនួនជួរទ័ព ដោយបង្កើតបានជាកងវរសេនាតូចសម្រាប់ក្រុមទាហានស្ម័គ្រចិត្តដើម្បីដាក់ពង្រាយនៅក្នុងអ៊ុយក្រែន។
យោងតាមច្បាប់កាតព្វកិច្ចយោធានរបស់រុស្ស៊ី បានឲ្យដឹងថា បុរសជនជាតិរុស្សីទាំងអស់ ដែលមានអាយុពី១៨ឆ្នាំ ដល់២៧ឆ្នាំ ត្រូវតែចូលបម្រើការក្នុងជួរកងទ័ពរយៈពេលមួយឆ្នាំ ប៉ុន្តែភាគច្រើននៃចំនួនយុវជនអាចគេចផុតពីការបំពេញកាតព្វកិច្ចយោធានេះ បានលើកយកហេតុផលបញ្ហាសុខភាព ឬជានិស្សិតជាប់សិក្សានៅសាកលវិទ្យាល័យ។ ចំណែកបុរសអាចគេចពីកាតព្វកិច្ចនេះ មួយចំនួនធំរស់នៅក្នុងទីក្រុងមូស្គូ និងទីក្រុងធំៗផ្សេងទៀត របស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី តែងតែកេណ្ឌទ័ណចំនួនពីរដងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា និងថ្ងៃទី០១ ខែតុលា។ លោក ពូទីន បានបញ្ជាឲ្យជ្រើសរើសទាហានចំនួន១៣៤.៥០០នាក់ នៅដើមឆ្នាំ២០២៣ និងជ្រើសរើសទាហានចំនួន១២៧.៥០០នាក់ទៀត នៅចុងឆ្នាំ២០០២៣។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរុស្ស៊ី បានយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនទាហានជាប់កិច្ចសន្យាស្ម័គ្រចិត្ត ដើម្បីធ្វើទំនើបកម្មផ្នែកកងទ័ព និងពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួនប្រយុទ្ធ។ មុនពេលរុស្ស៊ី បញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីមានទាហានជាប់កិច្ចសន្យាជាង៤០០.០០០នាក់ ក្នុងនោះមានទាហានជើងគោកប្រហែល១៤៧.០០០នាក់ផងដែរ។
តាមរយៈក្រឹត្យបញ្ជារបស់លោក ពូទីន ចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ត្រូវបានគេប៉ាន់ប្រមាណថា ទាហានថ្មី ដែលអាចជ្រើសរើសបាន នឹងមានចំនួនប្រហែល២៧០.០០០នាក់៕