អំពីការប្រយុទ្ធគ្នា៖
- លោកអភិបាលក្រុង ម៉ារីយូប៉ូល របស់អ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់សាកសពអ្នកភូមិប្រមាណ១៦ ០០០នាក់ ត្រូវគេបញ្ចុនៅក្នុងរណ្តៅរួមដ៏ធំមួយ ដែលជាកប់សពរួមច្រើនបំផុត ចាប់តាំងពីពាក់កណ្តាលខែមេសា។
- លោកអភិបាលក្រុង សេវេរ៉ូដូណែត បាននិយាយថា ទាហានរុស្ស៊ីបានរុលចូលបន្ថែមទៀត ទៅក្នុងទីក្រុងសំខាន់ ក្នុងខេត្តលូហាន់ និងបានប្រយុទ្ធគ្នាពីផ្លូវទៅផ្លូវជា រវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ដោយបង្ខំមនុស្សរាប់ម៉ឺននាក់ សម្រេចចិត្តចាកចោលផ្ទះសម្បែង។
- មេដឹកនាំផ្តាច់ខ្លួន ចូលជាមួយរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងគ្រប់គ្រងមួយភាគបី នៃដែនដីទីក្រុង សេវេរ៉ូដូណែត។
- វិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសង្គ្រាម បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី កំពុងតែគ្រប់គ្រងតំបន់ភាគច្រើននៃក្រុង សេវេរ៉ូដូណែត និងកំពុងបន្តរុលទៅគ្រប់គ្រងដែនដីនៅក្នុងទីក្រុងទាំងមូល។
- ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា អ្នកកាសែតបារាំងម្នាក់ ឈ្មោះ ហ្វ្រេដឺរិច ឡឺក្លែ ត្រូវបាញ់សម្លាប់ ក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ ការវាយប្រហារមកលើរថយន្តដឹកជនភៀសសឹក ចេញពីភាគខាងកើតអ៊ុយក្រែន ដែលធ្វើចំនួនកាសែតស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី កើនដល់៣២នាក់។
- ប្រព័ន្ធផ្សព្វផ្សាយបារាំង បានធ្វើសេចក្តីរាយការណ៍ថា ប្រទេសបារាំង បានប្រកាសបើកការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាម ចំពោះការសម្លាប់ លោក ហ្វ្រេដឺរិច ឡឺក្លែ និងសហសេវិករបស់គាត់ម្នាក់ ឈ្មោះ ម៉ាក់ស៊ីម ប្រែនស្តេតធើ ដែលជាសាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែន ចេញពីរោងចក្រស្លដែក អាហ្សូស្តាល់។
- ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់បេឡារុស្ស បានធ្វើសេចក្តីរាយការណ៍ថា ប្រទេសបេឡារុស្ស គ្រោងធ្វើសមយុទ្ធចល័តទ័ព នៅខែមិថុនា និងកក្កដា នៅតំបន់ហ្គូមែល (Gomel) ដែលជាប់ព្រំដែនអ៊ុយក្រែន ភាគខាងត្បូង និងជាប់រុស្ស៊ី ភាគខាងកើត ។
- ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក់របស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ ដោយដកស្រង់សម្តីមេដឹកនាំផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី នៅខេត្តដូណេតស្ក៍ថា កប៉ាល់មួយគ្រឿងបានចាកចេញពីកំពង់ផែម៉ារីយូប៉ូល ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី ចូលគ្រប់គ្រងទីក្រុងនេះ ហើយកំពុងធ្វើដំណើរទៅទិសខាងកើតសំដៅប្រទេសរុស្ស៊ី ។
អំពីការទូត៖
- លោក ឆាល មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានប្រកាសថា បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានយល់ព្រមហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីចំនួន៩០ភាគរយ នៅចុងបញ្ចប់នៃឆ្នាំ២០២២នេះ ដើម្បីបន្ថយប្រភពហិរញ្ញប្បទានដ៏ធំសម្រាប់រុស្ស៊ី ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
- សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងគីន (Antony Blinken) បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកការគាំទ្រជាអន្តរជាតិសម្រាប់អ៊ុយក្រែន។
- សហភាពអឺរ៉ុប ផ្តល់កញ្ចប់ប្រាក់កម្ចី ដែលមានតម្លៃ៩,៧ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន បើកប្រាក់ខែឲ្យបុគ្គលិក បានប្រហែលពីរខែដែរ។
- ទីភ្នាក់ងារព័ត៌មាន របស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡាវរ៉ូស (Sergey Lavrov) បានបដិសេធពាក្យចចាមអារ៉ាម ដែលថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាក់ខ្លួនឈឺ។
- ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទថា អាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតឲ្យអ៊ុយក្រែន ដែលអាចបាញ់ទៅដល់ទឹកដីរុស្ស៊ីឡើយ។
- រដ្ឋាភិបាលអាល្លឺម៉ង់ និងក្រុមបក្សប្រឆាំង បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងបញ្ចេញកញ្ចប់ចំនួន១០៧ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មផ្នែកកងទ័ពរបស់ប្រទេសជាជាតិ និងជាការឆ្លើយតបទៅនឹងរុស្ស៊ី ដែលកំពុងឈ្លានពានអ៊ុយក្រែន។
- ប្រជាជនលីទុយអានី រាប់ពាន់នាក់ បានបរិច្ចាគថវិកាចំនួន៥,៤លានដុល្លារ ដើម្បីទិញយន្តហោះត្រូន ទំនើបសម្រាប់យោធាមួយគ្រឿង ជួយអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមតទល់នឹងរុស្ស៊ី។
អំពីសេដ្ឋកិច្ច៖
- ប្រធាធិបតីអ៊ុក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា ប្រទេសរុស្ស៊ី មានចេតនារាំងខ្ទប់កំពង់ផែអ៊ុយក្រែន មិនឲ្យនាំចេញស្រូវសាលីចំនួន២២លានតោន ដូច្នេះអឺរ៉ុបទាំងមូលជួបបញ្ហាខ្វះស្បែង រីឯអ៊ុយក្រែន មិនទទួលបានប្រាក់រាប់ពាន់លានដុល្លារពីការនាំចេញកសិផលនេះឡើយ។
- ប្រធាធិបតីអ៊ុក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានចោទថា កងទ័ពរុស្ស៊ី បានលួចស្រូវសាលីយ៉ាងហោចណាស់កន្លះលានតោនពីអ៊ុយក្រែន។
- ប្រធានាធិបតីតួកគី លោក រ៉េសេប តៃយីប អេដូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ បានត្រៀមខ្លួនសហការជាមួយរដ្ឋាភិបាលប្រទេសតួកគី ដើម្បីជួយសម្រួលដល់ការនាំចេញស្រូវសាលី តាមកំពង់ផែអ៊ុយក្រែន។
- ក្រុមហ៊ុន ហ្គាសតេរ៉ា (GasTerra) របស់ហូឡង់ លែងទទួលឧស្ម័នពីក្រុមហ៊ុន ហ្គាសប្រូម (Gazprom) របស់រុស្ស៊ី ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីមិនព្រមតាមការទាមទាររបស់ទីក្រុងម៉ូស្គូសម្រាប់ការទូទាត់ជាប្រាក់រូពី៕