ម៉ូស្កូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ឧត្តមសេនីយ៍ សឺហ្គី សយគូ (Sergei Shoigu) នាប្រារព្ធទិវាជ័យជម្នះ បានប្រគល់មេដាយថ្នាក់ជាតិខ្ពស់ផុតលេខដល់ទាហានរុស្ស៊ី ដែលបានបង្ហាញពីវីរភាពពេលបំពេញភារកិច្ច ក្នុងប្រតិបត្តិការយោធាពិសេស នៅលើទឹកដីអ៊ុយក្រែន។
ការប្រគល់មេដាយផ្កាយមាស ដែលជាគ្រឿងឥស្សរិយយសថ្នាក់ជាតិខ្ពស់បំផុត ដល់នាយទាហាន ពលទាហាន ដែលចូលរួមច្បាំងក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែននេះ រដ្ឋមន្ត្រីការពាររុស្ស៊ី បានសម្តែងការស្ងើចសរសើរ ចំពោះវីរភាពរបស់ពួកគាត់ ក្នុងបុព្វហេតុការពារប្រជាជនរស់នៅតំបន់ដូណែត (Donetsk) និងតំបន់ លូហ្គាន (Lugansk) ដែលកំពុងតែព្យាយាមបំបែករដ្ឋពីការគ្រប់គ្រងរបស់អ៊ុយក្រែន។
ពិធីប្រគល់មេមេដាផ្កាយមាសដល់កងទ័ពនេះ ត្រូវបានធ្វើឡើងនៅថ្ថៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅមជ្មជ្ឈមណ្ឌលការពារជាតិនៃសហព័ន្ធរុស្ស៊ី គឺមួយថ្ងៃមុនប្រារព្ធពិធីទិវាជាតិជ័យជម្នះ ដែលកងទ័ពរុស្ស៊ី ច្បាំងឈ្នះទាហាន ណាស៊ី ហ៊ីត្លែ របស់អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ កាលពីឆ្នាំ១៩៤៥។
លោកឧត្តមសេនីយ៍ សឺហ្គី សយគូ បានមានប្រសាសន៍ប្រាប់វីរៈយុទ្ធជនទាំងនេះថា «យុទ្ធមិត្តជាទីគោរព។ ខ្ញុំសូមអបអរសាទរចំពោះយុទ្ធមិត្ត ដែលទទួលបានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតនេះ។ ខ្ញុំសូមជូនពរឲ្យយុទ្ធមិត្តទទួលបានជោគជ័យថែមទៀត។ យុទ្ធមិត្ត គឺជាអ្នកបម្រើជាតិប្រកបដោយសេចក្តីថ្លៃថ្នូរ និងជាគំរូដល់កងកម្លាំងប្រដាប់អាវុធជំនាន់ថ្មីរបស់រុស្ស៊ី។ វីរៈភាពនេះ គឺជាអ្នកបន្តវេនរបស់យុទ្ធមិត្ត ដែលបានការពារជាតិ កាលឆ្នាំ១៩៤៥ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិរបស់យើង។ ខ្ញុំសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្ត»។
ស្របពេលជាមួយគ្នានេះដែរ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រសួងការពារជាតិរុស្ស៊ី បានដាក់កម្រងផ្កា និងគោរពវិញ្ញណក្ធន្ធដល់ទាហានមិនស្គាល់អត្តសញ្ញាណ នៅទីបញ្ចុះសព នាទីក្រុងមូស្គូ ដើម្បីរំលឹកដល់កសរលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសរុស្ស៊ី ឲ្យផុតពីការឈ្លានពានពីសំណាក់កងទ័ពអាល្លឺម៉ង់។
ពិធីនេះមានការចូលរួមពីមម្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រួមមានអនុរដ្ឋមន្ត្រីការពារជាតិនៃសហព័ន្ធរុស្ស៊ី និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ព្រមទាំងអតីតយុទ្ធជនផងដែរ៕