អន្តរជាតិ៖ កាសែត ញូវយ៉ក ថែមស៍ (New York Times) បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃនេះថា ចារកម្មអាមេរិកជួយកងទ័ពអ៊ុយក្រែន ក្នុងការសម្លាប់ឧត្តមសេនីយរុស្ស៊ី ដោយការចែករំលែកព័ត៌មានសម្ងាត់ អំពីទីតាំងឈរជើងបញ្ជា នៅក្នុងប្រទេសអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍ ដោយដកស្រង់សម្តីជាន់ខ្ពស់អាមេរិក ដែលលើកឡើងថា មន្ត្រីចារកម្មយោធាអាមេរិក បានផ្តល់ព័ត៌មានដល់កងទ័ពអ៊ុយក្រែន អំពីទីបញ្ជាការចល័តរបស់មេទ័ពរុស្ស៊ី ដែលតែងតែផ្លាស់ប្តូរទីតាំងជាញឹកញាប់នៅក្នុងតំបន់ជម្លោះ។
ការផ្តល់ព័ត៌មានចារកម្មនេះ គឺបញ្ជូនទិន្នន័យនៃការស៊ើបការណ៍ ដើម្បីឲ្យកងទ័ពអ៊ុយក្រែន វាយប្រហារដោយកាំភ្លើងធំ ឬការវាយប្រហារផ្សេងទៀត ត្រូវចំៗទីតាំងមេទ័ពរុស្ស៊ីតែម្តង។
ទោះជាយ៉ាងណាមន្ត្រីយោធាអាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់ថា មានមេទ័ពរុស្ស៊ី ប៉ុន្មាននាក់ ត្រូវបានសម្លាប់ ហើយក៏មិនបានបង្ហាញពីវិធីសាស្ត្រនៃការប្រមូលព័ត៌មានចារកម្មដែរ។
ព័ត៌មាននេះចង្អុលបង្ហាញថា ចាប់តាំងផ្ទុះសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក បានពឹងផ្អែកលើប្រភពជាច្រើន រួមទាំងផ្កាយរណប ដើម្បីតាមដានចលនាផ្លាស់ប្តូរទីតាំងរបស់កងទ័ពរុស្ស៊ី។
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានខិតខំប្រឹងប្រែង ដើម្បីផ្តល់ព័ត៌មានស៊ើបការណ៍ងអំពីសមរភូមិជាក់ស្តែងដល់កងទ័ពអ៊ុយក្រែន រួមទាំងការកំណត់គោលដៅស្នាក់នៅរបស់មេទ័ពរុស្ស៊ី៕