ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្សិ នៅរសៀលដថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសថា កងទ័ពរបស់ខ្លួនចូលបានគ្រប់គ្រងទាំងស្រុងលើទឹកដីទាំងមូលនៃតំបន់ឃើសុន របស់ប្រទេសអ៊ុយក្រែន ចំណែកកងទ័ពនៃសាធារណរដ្ឋប្រជាមានិតដូណែត កំពុងតែបន្តវាយទម្លុះខ្សែត្រៀមកងទ័ពអ៊ុយក្រែន ហើយបានកាន់កាប់តំបន់បីផ្សេងទៀត។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្សី បានលើឡើងថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន ប្រភេទ ស៊ូ-២៤ និង ស៊ូ-២៦ ចំនួនពីរគ្រឿង, ឧទ្ធម្ភាគចក្រប្រភេទ មី-៨ មួយគ្រឿង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន១៣គ្រឿងផងដែរ។

នៅក្នុងថ្ងៃដដែលនេះដែរ កងទ័ព និងយន្តហោះគ្មានមនុស្សបើករបស់រុស្សី បានវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន១៣៦កន្លែង រួមមានប៉ុស្តិ៍បញ្ជាការ និងមជ្ឈមណ្ឌលទំនាក់ទំនង, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ, ប្រព័ន្ធកាំជ្រួចបាញ់បង្ហោះ, ប្រព័ន្ធរ៉ាដាឈ្លបយកការណ៍, ឃ្លាំងគ្រាប់រំសេវ, កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងប្រមូលផ្តុំសម្ភារៈយោធាចំនួន៧២កន្លែង។

ចំណែកឃ្លាំងបីកន្លែង ដែលរក្សាទុកយន្តហោះចម្បាំងប្រភេទ ស៊ូ-២៥ របស់អ៊ុយក្រែនចំនួនបួនគ្រឿង ឧទ្ធម្ភាគចក្រចំនួនប្រាំមួយគ្រឿង ត្រូវបានបំផ្លាញនៅឯអាកាសយានដ្ឋានយោធាក្បែរទីក្រុងក្រាម៉ាតោស (Kramatorsk)។

លោកឧត្តមសេនីយ៍ទោ អ៊ីហ្គ័រ កូណាហ្សេនកូវ (Igor Konashenkov) អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានសរុបថា កងទ័ពរុស្ស៊ីបាញ់កម្ទេចសម្ភារៈសឹករបស់ទាហានអ៊ុយក្រែនរាប់ពាន់គ្រឿង មានដូចជា យានយន្តគ្មានមនុស្សបើកចំនួន១៥៦គ្រឿង, រថក្រោះ និងរថពាសដែកចំនួន១៣០៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចំនួន១២៧គ្រឿង, កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន៤៧១ដើម ព្រមទាំងរថយន្តយោធាពិសេសចំនួន១០៥៤គ្រឿង។

លោកបានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី១៤ ខែមីនា កងទ័ពអាកាសរុស្ស៊ី បានវាយដណ្តើមកាន់កាប់ទីតាំងយុទ្ធសាស្ត្ររបស់ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ខណៈទាហានឆ័ត្រយោងរុស្ស៊ី បានរឹបអូសប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះផលិតនៅអាមេរិកឈ្មោះ ចាវ៉េលីន (Javelin) ចំនួន១០ដើម និងអាវុធមួយចំនួនទៀត ដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចដល់ទាហានអ៊ុយក្រែន។ ប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះ និងអាវុធបរទេសផ្សេងទៀត ដែលទាហានរុស្ស៊ី ចាប់រឹបអូសខាងលើនេះ ត្រូវបានប្រគល់ទៅឲ្យកងទ័ពនៃសាធារណរដ្ឋប្រជាមានិត ដូណែត និងយកងទ័ពនៃសាធារណរដ្ឋប្រជាមានិតលូហ្គាន់ ដែលទើបបំបែករដ្ឋចេញពីប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យរូបនេះ បានព្រមានថា យើងបានឲ្យដឹងព័ត៌មានអំពីផលវិបាកនៃការវាយប្រហារថ្ងែនេះ ដោយប្រើមីស៊ីល របស់អ៊ុយក្រែនមានគ្រាប់បែកចង្កោម ទៅលើទីតាំងមានប្រជាជនច្រើនក្នុងទីក្រុងដូណែត។ ជាការឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ កងទ័ពនៃសហព័ន្ធរុស្ស៊ីនឹងចាត់វិធានការភ្លាមៗ ដើម្បីបំផ្លាញរោងចក្ររបស់យោធា អ៊ុយក្រែន ដែលចូលរួមក្នុងការផលិត ជួសជុល នូវសព្វាវុធ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

លោកបានអំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែន ដែលធ្វើការនៅក្នុងរោងចក្រទាំងនេះ ក៏ដូចជាអ្នករស់នៅក្នុងអគារលំនៅដ្ឋាននៅក្បែរនោះ ឲ្យចាកចេញពីតំបន់ដែលអាចមានគ្រោះថ្នាក់។ ចំណែកប្រទេសលោកខាងលិចមួយចំនួនវិញ បានលើកទឹកចិត្តឲ្យពលរដ្ឋរបស់ខ្លួន ចូលរួមធ្វើជាទាហានស៊ីឈ្នួលជួយច្បាំងអ៊ុយក្រែន។

លោក អ៊ីហ្គ័រ កូណាហ្សេនកូវ បានមានប្រសាស៍ «យើងដឹងពីទីតាំងទាំងអស់របស់ទាហានស៊ីឈ្នួលបរទេស នៅអ៊ុយក្រែន។ យើងកំណត់ទីតាំងរបស់ពួកគេអស់ហើយ។ យើងវាយកម្ទេចឲ្យដូចទៅនឹងការបំផ្លាញមជ្ឈមណ្ឌល ហ្វឹកហាត់កងទ័ព ក្នុងទីក្រុង ស្តារីជី (Starichi) ក្បែរព្រំដែនប៉ូឡូញ  កាលថ្ងៃទី១៣ ខែមីនា។ ខ្ញុំ​ចង់​ព្រមាន​អ្នក​ម្តង​ទៀតថា ​នឹង​មិន​មាន​ក្តី​មេត្តា​ចំពោះ​ទាហាន​ស៊ីឈ្នួល​ទេ ទោះបី​ជា​ពួកគេ​ស្ថិត​នៅ​កន្លែង​ណា​ ​លើ​ទឹកដី​ប្រទេសអ៊ុយក្រែន​៕

By Ana

You missed