អាមេរិក៖ លោក លីនស៊ី ហ្គ្រាហាំ សមាជិកព្រឹទ្ធអាមេរិក បានអំពាវសារជាថ្មីម្តងថា ឲ្យខ្មាន់កាំភ្លើងណាម្នាក់ក៏ដោយលបធ្វើឃាដប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ជីវិតនយោបាយ និងឥទ្ធិពលមហាអំណាចរុស្ស៊ី ជាពិសេសដើម្បីជួយស្រោចស្រង់ប្រទេសអ៊ុយក្រែន។
លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញថា ទោះបីប្រើមធ្យោបាយបែបណាក៏ដោយ លោកចង់ឲ្យលោក ពូទីន អស់ជីវិត ជាមេដឹកនាំប្រទេសរុស្ស៊ី ដែលបញ្ជាឲ្យកងទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។
លោក ហ្គ្រាហាំ បាននិយាយថា «ខ្ញំមិនខ្វល់ថា ត្រូវប្រើវិធីណាមួយទេ ដើម្បីសម្លាប់លោក ពូទីន។ ខ្ញុំមិនខ្វល់ថា គេយកគាត់ចេញដោយរបៀបណា។ ខ្ញុំមិនខ្វល់ថា យើងត្រូវបញ្ជូនគាត់ទៅឲ្យតុលាការទីក្រុងឡាអេ កាត់ទោស ឬបញ្ជូនទៅទីណាក៏ដោយ»។
សមាជិកព្រឹទ្ធសភាអាមេរិក ដែលល្បីខាងនិយាយបំពានមេដឹកនាំប្រទេសដទៃ បានបញ្ជាក់ថា លោកមើលឃើញថា ការសម្លាប់លោក ពូទី ជាជម្រើសល្អបំផុត ដូចដែលលោកប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមម្តងហើយ កាលពីថ្ងៃទី០៣ ខែមីនា ដែលលោកអំពាវនាវថា «តើនៅក្នុងប្រទេសរុស្សី មានទេ ខ្មាន់កាំភ្លើងពូកែដូចលោក ព្រូតុស? តើក្នុងជួរកងទ័ពរបស់រុស្ស៊ី មានទេ អ្នកពូកែធ្វើឃាដ ដូចលោកវរសេនីយ៍ឯក ស្ទូវហ្វែនប៊ើក?»។
ព្រូតុស គឺជាឃាតកសម្លាប់មនុស្ស និងជាអ្នកនយោបាយក្រិក នាសម័យបុរាណ និងមានឈ្មោះពេញថា ម៉ាកុស ជូនៀស ព្រូតុស ដែលល្បីល្បាញក្រោយពីលបធ្វើឃាដគូប្រជែងរបស់ខ្លួនរហូតបានសម្រេចតាមផែនការ។ ចំណែក ឈ្មោះ ស្ទូវហ្វែនប៊ើក គឺជានាយទាហានម្នាក់ល្បីខាងលបធ្វើឃាដលោក អាប់ឌុល ហ៊ីត្លែ មេដឹកនាំផ្តាច់ការរបស់អាល្លឺម៉ង់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៤ ប៉ុន្តែមិនមានសម្រេច។
ប្រតិកម្មនឹងការអំពាវបែបនេះពីសំណាក់អ្នកនយោបាយអាមេរិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានថ្កោលទោសចំពោះការញុះញង់ឲ្យធ្វើឃាដនេះ ក្នុងបំណងប្រឆាំងផលប្រយោជន៍របស់ងរុស្ស៊ី និងកាត់បន្ថយអំណាចរុស្ស៊ី នៅលើពិភពលោក។
លោក ហ្គ្រាហាំ បាននិយាយអំពីលោកពូទីនថា «វាល្មដល់ពេលគាត់អស់អាយុហើយ ។ គាត់ជាឧក្រិដ្ឋជនសង្គ្រាម។ ខ្ញុំបន់ឲ្យមានឃាតកណាម្នាក់ ដែលសម្លាប់ ពូទីន ដូចសម្លាប់ ហ៊ីត្លៃ។ លោក វ្ល៉ាឌីមៀ ពូទីន មិនមែនជាមេដឹកនាំស្របច្បាប់ទេ។ គាត់ គឺជាឧក្រិដ្ឋជនសង្គ្រាម»។
ការអំពាវនាវរបស់លោក ហ្គ្រាហាំ បានកើតឡើងចំពេលការនិយាយវាយប្រហារប្រឆាំងលោក ពូទីន មានកាន់តែខ្លាំងឡើង ក្នុងជួរមេដឹកនាំរដ្ឋាភិបាលអាមេរិក ខណៈពេលប្រធានាធិបតីអាមេរិក លោក ចូ បាយដិន ក៏បានហៅលោក ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាម។
រដ្ឋាភិបាលក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរាប់សែននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលថ្ងៃទី២៤ ខែកុម្ភៈ ដោយអះអាងថា រុស្ស៊ីត្រូវតែរំសាយកងទ័ពអ៊ុយក្រែន និងមិនឲ្យមានរបប ណាស៊ី-អាល្លឺម៉ង់ បែបថ្មី នៅលើដឹកដីអ៊ុយក្រែន។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមមកលើមេដឹកនាំរុស្ស៊ី រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀត នូវការចោទប្រកាន់នៃការវាយប្រហារដោយមិនរើសអើងលើទីក្រុងនានារបស់អ៊ុយក្រែន។
ចំពោះការនិយាយចោទប្រកាន់ពីលោក ចូ បាយដិន ដែលហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាម គឺជាសម្តីមិនអាចទទួលយកបាន និងមិនអាចអត់ឱនបាន៕