ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។

ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។

ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ និងព្រុំរបងរឹងមាំ ហើយគ្មានអាជ្ញាធរជួយទប់ស្កាត់ ដើម្បីរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។

អ្នកស្រី សៀង ង៉ូវ អាយុ៦០ឆ្នាំ ដែលកំពុងរស់នៅអាស្រ័យផលលើដីរបស់គាត់ជិត១០ឆ្នាំកន្លងមកហើយ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចង់បានដីរបស់គាត់ គឺជាទង្វើលោភលន់ហួសហេតុ ដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ។

អ្នកស្រីបាននិយាយថា ដីរបស់អ្នកស្រីមានបណ្តោយ៣០ម៉ែត្រ និងទទឹង១២ម៉ែត្រ បែរជាតំណាងក្រុមហ៊ុន ហ្វូហាយ ដេញគាត់ចេញឲ្យទៅរស់នៅលើដីមានទំហំតូចជាង មានតម្លៃថោកជាង ហើយក៏គ្មានសំណងសម្រាប់ដំណាំ និងផ្ទះរបស់គាត់ដែរ។

ដោយឈឺចាប់ខ្លាំងពេក អ្នកស្រី សៀង ង៉ូវ បាននិយាយដោយហួសចិត្តថា «បើចាប់ខ្ញុំដាក់គុក ដាក់ចុះ ព្រោះខ្ញុំនឹងគ្មានផ្ទះទៀតផង»។

ខណៈពួកអ្នកភូមិកំពុងនិយាយប្រាប់អ្នកសារព័ត៌មាន ត្រូនរបស់ភាគីក្រុមហ៊ុន ហ្វូហាយ ក៏ហោះមកជិត ដើម្បីថតមុខពួកគាត់ និងមុខអ្នកសម្ភាសន៍ ហាក់ដូចជាសម្លុតឲ្យភ័យតែម្តង។

ទោះជាត្រូវហោះមកពីក្បាល និងក្បែរៗគាត់ក៏ដោយ ក៏ពួកគាត់មិនឈប់និយាយដែរ ព្រោះគាត់ឈឺចាប់នឹងអំពើអយុត្តិធម៌ខ្លាំងពេក។

ខណៈត្រូនកំពុងតែហោះពីលើ អ្នកស្រី ងី លាង អាយុ៤៩ឆ្នាំ ដែលរស់នៅលើដីក្នុងតំបន់នេះដែរ បាននិយាយ «បើយើងប្តឹងទៅអាជ្ញាធរ គេមិនដោះស្រាយទេ តែបើក្រុមហ៊ុនប្តឹងយើងវិញ គេដោះស្រាយ»៕

By Ana

You missed