ដែនជម្រកសត្វព្រៃពាមក្រសោប
ជាតំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះជាបណ្តុំនៃព្រៃកោងកាងច្រើនប្រភេទ អមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងមានសហគមន៍តូចធំរបស់ប្រជានេសាទប្រមាណ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងដែននេះ។
សេដ្ឋកិច្ចនៅក្នុងតំបន់ត្រូវពឹងផ្អែកទាំងស្រុងលើព្រៃកោងកាង ដែលជាតួអង្គដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់សត្វសមុទ្រជាច្រើនប្រភេទ ដូចជាត្រី ក្តាម បង្គារ ខ្យង ងាវ គ្រុំ ជាដើម។
ដែនជម្រកសត្វព្រៃពាមក្រសោប មានលក្ខខណ្ឌអំណោយផលយ៉ាងច្រើនដល់វិស័យអេកូទេសចរណ៍។ ការបង្កើតអោយមានសហគមន៍អេកូទេសចរណ៍ គឺជាការចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ និងជួយការពារព្រៃកោងកាងអោយនៅគង់វង់។