ខេត្តកំពង់ចាម: ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ។ អាជ្ញាធរខេត្តក៏ដូចជាជំនាញពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយមានគម្រោងនិងពង្រីកទីលានចាក់សំរាមថ្មីទំហំ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។
លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា: លោក អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តព្រមទាំងមន្ត្រីជំនាញជាច្រើនស្ថាប័ននាព្រឹកថ្ងៃទី៧ មិថុនា ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងទីលានសម្រាប់ចាក់សំរាមថ្មីស្ថិតនៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ តែដីនេះរាល់ថ្ងៃស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងធ្វើការដាំដុះដំណាំស្វាយចន្ទីនៅជុំវិញតំបន់នោះ។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តវិញប្រាប់ឱ្យដឹងដែលថា សម្រាប់ទីតាំងដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថានបានចុះពិនិត្យដោយផ្ទាល់នេះ រាល់ថ្ងៃដីដែលមានទំហំ ៥០ហិកតា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ក្នុងនោះបានពិនិត្យមើលតាមផែនទី ព្រមទាំងចុះដល់កន្លែងផ្ទាល់ ធ្វើយ៉ាងណាមិនឱ្យមានផលប៉ះពាល់ទៅដល់អ្នកដទៃ។ ហើយទីនេះក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការវាយតម្លៃដោយសមស្របគឺនឹងអាចប្រែក្លាយជាទីលានចាក់សំរាមបាន។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីមកស្ថិតនៅក្រោមគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយនោះក៏មានការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
នាពេលអនាគតសម្រាប់ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺចាក់សំរាមនៅតំបន់នេះជិតងាយស្រួលមិនបាច់ទៅឆ្ងាយ។ រាល់ថ្ងៃមានទីលានចាក់សំរាមមួយនៅក្នុងឃុំបុសខ្នុរស្រុកចំការលើ ដែលមានទំហំ១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម តែងតែយកទៅចាក់ចោលនៅតំបន់នោះ ដោយទីលាននេះស្ថិតនៅឆ្ងាយពីភូមិរបស់ប្រជាពលរដ្ឋ និងមិនមានក្លិនស្អុយជះទៅដល់អ្នកភូមិនោះទេ។
កន្លងមកមានក្រុមហ៊ុនចិននិងដៃគូមួយចំនួនទៀត បានចុះមកពិនិត្យមើលទីលានចាក់សំរាមចាស់ដែលស្ថិតនៅក្នុងស្រុកចំការលើ ដើម្បីដំឡើងរោងចក្រកែច្នៃទៅជាជីកំប៉ុស…គ្រាន់តែមកពិនិត្យមើលមិនបានដំឡើងរោងចក្រនោះទេ ដោយសារតែបរិមាណសំរាមទំនងមានចំនួនតិចមិនទាន់ទៅតាមទំហំតម្រូវការរបស់រោងចក្រ។
សូមបញ្ជាក់ថាកន្លងមក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូនិងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាស្រុកក្រុងមួយចំនួនប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាតនិងមានបរិស្ថានល្អ មិនថានៅទីក្រុងឬជនបទនោះទេ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងតែប្រារព្ធនូវទិវាបរិស្ថាន ដោយបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវព្រោះរាល់ថ្ងៃមានក្រុមហ៊ុនឯកជន កំពុងធ្វើការប្រមូលសំរាមទាំងនៅក្នុងក្រុងកំពង់ចាម និងតាមបណ្ដាស្រុកនានាទូទាំងខេត្តកំពង់ចាមផងដែរ៕