ភ្នំពេញ៖ ឥស្សរជននៅក្នុងជួររាជរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ផ្តើមទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមបណ្តាមន្ទីរសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ។
កូនប្រុសបង្កើតទាំងបីនាក់ និងកូនប្រសារប្រុសពីរនាក់ បានទទួលយកការចាក់វ៉ាក់សាំង នៅមន្ទីរកាល់ម៉ែត ដោយមានអ្នកសារព័ត៌មានចូលរួមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។
កូនប្រុសបង្កើតរបស់សម្តេច មានលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចំណែកកូនប្រុសប្រសារមានលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនដល់កម្ពុជា, ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនេះ ចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស។
សូមបញ្ជាក់ថា មន្ទីរពេទ្យចំនួន៤ នៅរាជធានីភ្នំពេញ ត្រូវបានកំណត់យកជាកន្លែង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរពេទ្យកុមារជាតិ គឺសម្រាប់អ្នកសារព័ត៌មាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារជូនជនរួមជាតិ នៅលើទំព័រហ្វេសប៊ុក នាព្រឹកនេះថា «នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប ដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា»។
សម្តេចតេជោ បានរំឭកថា «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស
ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។
«ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសឲ្យបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
«បងប្អូនខ្មែរយើង ដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយ ហើយក៏រកទិញវ៉ាក់សាំងមិនបាន ដោយសារការផលិតមិនទាន់»៕