កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា លើកឡើងថា «ពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយកិត្តិបណ្ឌិត ហើយសម្តេចតេជោ បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើងគ្រប់ៗគ្នា»។

លោកអភិបាលខេត្តបានបន្តទៀតថា «មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏យើងនៅតែបន្តឲ្យបានជាប់ខ្លួន»។

លោកបានថ្លែងដូច្នេះ នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់អតីយុទ្ធជន និងគ្រួសារ ក្នុងខេត្តកំពង់ចាម នៅមន្ទីរពេទ្យខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម និងក៏មានការចូលរួមរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, អាជ្ញាធរមូលដ្ឋាន, ក្រុមគ្រូពេទ្យ និងសមាជិក សមាជិការ សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ៕

By Ana

You missed