ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោក បណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩ និងបញ្ជ្រាបគោលការណ៍របស់សមាគម នៅតាមវត្តអារាមចំនួន២ គឺ វត្តខែលជ័យសិរីសោភ័ណមុនីរតនៈ ឃុំអូរស្វាយ និងវត្តពោធិមង្គល ឧត្តមក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធានក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិធានការ ទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩ នៃព្រឹត្តការណ៍សហគម២០កុម្ភៈ ដែលក្នុងនោះធ្វើយ៉ាងណាព្រះសង្ឃគ្រប់អង្គដែលគង់ក្នុងវត្តអារាមព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវតែប្រកាន់អោយបានខ្ជាប់ខ្ជួនជានិច្ចនូវប្រសាសន៍ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៣កុំ ៣ការពារ និង២ចូលរួម ដែលជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពក្នុងការបង្ខាំងរារាំងនូវមេរោគដ៏មហាប្រល័យនេះអោយឆ្ងាយចាកពីប្រទេសកម្ពុជារបស់យើង ទាំងអស់នេះហើយដែលតម្រូវអោយព្រះសង្ឃគ្រប់អង្គ ប្រជាពលរដ្ឋគ្រប់រូបត្រូវសហការអនុវត្តន៍អោយព្រមៗគ្នា។
លើសពីនេះ លោកប្រធានក៏នាំយកនូវមូលធិនិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីប្រគេនព្រះសង្ឃទាំង២វត្ត ក្នុងមួយៗវត្តទទួលបាន អង្ករ៥ការ៉ុង មី២កេះ ទឹកសុីអុីវ២យួរ ម៉ាស់៥ប្រអប់ ទឹកអាកុល៥លីត្រ ដើម្បីបានព្រះអង្គប្រើប្រាស់ក្នុងការទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ-១៩៕