នៅថ្ងៃចុងសប្តាហ៍នៃខែមេសា ឆ្នាំ២០២១ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំមន្រ្តីរាជការក្រុមការងារ ចុះមូលដ្ឋាន ចុះដំឡើងបង្គោល និងបំពាក់អំពូលប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា )ចំនួន៤១ អំពូលសម្រាប់បំភ្លឺតាមផ្លូវសាធារណៈនៅពេលយប់ក្នុងស្រុកស្ទឹងត្រង់។
លោកអភិបាលស្រុកបានឲ្យដឹងថា ការការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនៅក្នុងស្រុកទឹងត្រង់នាពេលនេះគឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងធ្វើឱ្យស្រុកស្ទឹងត្រង់កាន់តែមានភាពស្រស់បំព្រងព្រមទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនៅពេលរាត្រីជាពិសេសស្រុកស្ទឹងត្រង់ក៏ទើបទទួលបាននូវចំណងដៃមហាសាលគឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរដែលស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះក៏បានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងភ្លឺចិញ្ចាចផងដែរនៅពេលរាត្រី ។
លោក ទុន ណេត បន្តថា សម្រាប់ស្តុកស្រុកស្ទឹងត្រង់ការបំពាក់អំពូលបំភ្លឺផ្លូវនាពេលរាត្រីប្រើដោយពន្លឺព្រះអាទិត្យនេះគឺមានច្រើនកន្លែងប៉ុន្តែសម្រាប់ថ្ងៃចុងសប្តាហ៍នេះគឺក្រុមការងារស្រុកបានចុះមកធ្វើការបំពាក់ជាអំពូលសាលានាពេលនេះគឺរួមមានភូមិគីឡូបី ឃុំព្រែកកក់ និងបានតភ្ជាប់បន្ថែមអំពូលអគ្គិសនី ចំនួន២៦ អំពូលទៀតតាមផ្លូវកៅស៊ូមាត់ទន្លេ ជូនបងប្អូនប្រជាពលរដ្ឋ ភូមិបឹងដែង ឃុំព្រែកកក់ ដែលជាប្រភពថវិកាពីសប្បុរសជន តាមរយៈការគៀងគរពីរដ្ឋបាលស្រុកស្ទឹងត្រង់។
លោកអភិបាលស្រុកក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឲ្យចូលរួមការពារនូវសមិទ្ធផលមួយនេះដើម្បីជាប្រយោជន៍រួម និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕