រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ
បំរាមគោចរ ដែលបាននិងកំពុងអនុវត្តនាយប់នោះ។
បំរាមគោចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានរយៈពេលពីរសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨:០០យប់រហូតដល់ម៉ោង៥:០០ភ្លឺ។
នាក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណ ០៨:០០ នារាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ បណ្ណសំគាល់ខ្លួន ព្រមទាំងលិខិតឧទ្ទេសនាមឬលិខិតបញ្ជាបេសកកម្មដែលចេញដោយអង្គភាពឬក្រុមហ៊ុន រួចអនុញ្ញាតអោយពួកគាត់បន្តធ្វើដំណើរជាធម្មតា។
ក្រោយពីបានពិនិត្យនៅទីតាំងខាងលើរួច ឯកឧត្តម ឃួង ស្រេង ក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅក្នុងខណ្ឌឬស្សីកែវបន្តទៀត រួចបន្តទៅគោលដៅផ្សេង ដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោចរនេះ៕