កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ​ បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា «ដោយមើលឃើញពីការឆ្លងរីករាលដាលនៃជំងឺងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើតឲ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ក្នុងសហគមន៍ នាព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើងបាត់បង់ម្ចាស់ការគ្រប់គ្រងទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយការឆ្លងរាលដាលបាន»។
លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា កន្លងមក ខេត្តកំពង់ចាមយើង បានរងឥទ្ធិពល នៃការឆ្លងជម្ងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺខេត្តកំពង់ចាម មិនមានជំងឺនេះ ផ្ទុះឡើងដោយឯកឯង នៅក្នុងសហគមន៍នោះឡើយ។ ដូច្នេះ ប្រការនេះហើយ ដែលគួរនាំគ្នា មកទទួលវ៉ាក់សាំងបង្ការ ពីព្រោះថា នៅ ពេលពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងនេះហើយ នឹងទទួលបានកងការពារនៅក្នុងខ្លួន ដែលមានលទ្ធភាពអាចការពាររាងកាយរហូតដល់ទៅក្នុងរង្វង់៩០ភាគរយ ដែលជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
លោកអភិបាលខេត្ត បានក្រើនរំឭកដល់អ្នកមកទទួលវ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវទៅតាមវិធានសុខាភិបាល ពោលគឺទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ជាពិសេស ការយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ ទើបវ៉ាក់សាំងបានចាក់ហើយនោះ មានប្រសិទ្ធភាពខ្ពស់ ។ ផ្អែកតាមផែនការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបចំនួន២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ក្នុងនោះដែរ រដ្ឋបាលខេត្តក៏បានរៀបចំគ្រូពេទ្យជំនាញសរុបចំនួន៤១ក្រុម ដោយក្នុងមួយក្រុមៗ មានគ្រូពេទ្យ១០នាក់ ដែលអាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានចំនួន៦០០នាក់ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២នេះ ខេត្តកំពង់ចាមទទួលបានវ៉ាក់សាំង ចំនួន៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្តបានចំនួន១៨.០០០នាក់ ហើយយុទ្ធនាការនេះអនុវត្តរយៈពេលត្រឹមតែមយយខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ៕

By Ana

You missed