អាមេរិក៖ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងក្រុមអគ្គមេធាវីចំនួន៤៨នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីសុំបើកការស៊ើបអង្កេត ពីបទសង្ស័យរំលោភសេចក្តីទុកចិត្តអ្នកលេងហ្វេសប៊ុក និងបំពានការប្រកួតប្រជែងសុច្ចរិត ក្នុងការទិញយកក្រុមហ៊ុនជាដៃគូប្រជែង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វ៉ល ស្ទ្រីត ជឺណល បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក បានចោទប្រកាន់ ហ្វេសប៊ុក ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤ថា បានកាន់កាប់ផ្តាច់មុខនូវបណ្តាញទំនាក់ទំនងសង្គម នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការទិញយកក្រុមហ៊ុន ដែលរកស៊ីប្រកួតប្រជែងជាមួយខ្លួន។
ពាក្យបណ្តឹងបានលើកឡើងទៀតថា ហ្វេសប៊ុក សម្រេចចិត្តឲ្យទិញយកក្រុមហ៊ុនជាដៃគូប្រកួតប្រជែង តាមគំនិតរបស់លោក ម៉ាក ស័កគើប៊ើក ដូចជា Instagram និង WhatsApp ព្រោះលោកមិនចង់ប្រជែង តែចង់យកឈ្នះតែម្នាក់ឯង។
នៅក្នុងពាក្យបណ្តឹងដដែល បានលើកឡើងទៀតថា ហ្វេសប៊ុក បានផ្តល់ឱកាសឲ្យភាគីទីបី អាចប្រមូលយកទិន្នន័យរបស់អ្នកលេងហ្វេសប៊ុកដោយងាយបំផុត។
អំពើរំលោភលើសេចក្តីទុកចិត្ត គឺសំដៅដល់ការយកទិន្នន័យរបស់ម្ចាស់គណនី ហ្វេសប៊ុក ទៅឲ្យ ឬលក់ឲ្យភាគីណាមួយ ដោយមិនមានការយល់ព្រមពីម្ចាស់គណនីជាមុនសិន។ ចំណែក អំពើរំលោភលើការប្រកួតប្រជែងសុច្ចរិត គឺសំដៅដល់ការទិកយកក្រុមហ៊ុនជាគូប្រជែង មានមុខរបររកស៊ីដូចគ្នា ដើម្បីរារាំងក្រុមហ៊ុននោះ ឲ្យបន្តការរកស៊ីក្នុងរបរដូចខ្លួន។
ក្រុមអគ្គមេធាវី បានចោទប្រកាន់ហ្វេសប៊ុកថា បានរក្សាសិទ្ធិផ្តាច់មុខដោយខុសច្បាប់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមជាង១០ឆ្នាំកន្លងមកហើយ តាមរយៈសកម្មភាពរំលោភ ច្បាប់ស្តីពីការប្រកួតប្រជែងសុច្ចរិត គឺទិញយកក្រុមហ៊ុនរកស៊ីដូចគ្នា ដើម្បីកុំឲ្យប្រកួតប្រជែងជាមួយខ្លួន។
ក្រុមអគ្គមេធាវី បានអះអាងនៅក្នុងពាក្យបណ្តឹនេះថា ហ្វេសប៊ុក បានប្រើយុទ្ធសាស្ត្រអាក្រក់ គឺទិញយកក្រុមហ៊ុនណា ដែលចង់រកស៊ីដូចខ្លួន និងចង់ដណ្តើមចំណែកទីផ្សាររបស់ខ្លួន ដោយផ្ញើសារទៅគំរាមកំហែងថា បើចូលមិនចូលរួមជាមួយហ្វេសប៊ុកទេ លោក ម៉ាក ស័កគើប៊ើក នឹងបំផ្លាញប្រព័ន្ធបណ្តាញរបស់ពួកគេចោលជាក់ជាមិនខាន។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក កំពុងសំណូមពរតុលាការឲ្យចេញសាលក្រមបង្ខំឲ្យហ្វេសប៊ុកដកអាជីវកម្មរបស់ខ្លួនខ្លះ ដើម្បីបើកផ្លូវឲ្យមានការប្រកួតប្រជែងឡើងវិញ ផ្នែកបណ្តាញទំនាក់ទំនងសង្គម ហើយបង្ខំឲ្យហ្វេសប៊ុកគោរពច្បាប់ស្តីពីការប្រកួតប្រជែងសុច្ចរិត គឺមិនត្រូវទិញក្រុមហ៊ុនជាគូប្រជែងឲ្យស្ថិតនៅក្រោមខ្លួន ឬគំរាមបំផ្លាញចោល បើមិនព្រមចូលជាមួយខ្លួន។
ក្រុមអគ្គមេធាវី ក៏កំពុងអំពាវនាវឲ្យហ្វេសប៊ុកផ្តល់ការជូនដំណឹងជាមុនដល់រដ្ឋនានា អំពីការទិញយកក្រុមហ៊ុនណាមួយ ដែលមានទំហំទឹកប្រាក់ច្រើនជាង១០លានដុល្លារ ហើយមិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ទៀត នាពេលអនាគត។ ក្នុងនេះដែរ ក្រុមមេធាវីទាំង ក៏ស្នើសុំតុលាការរកឲ្យឃើញថា ការទិញយក WhatsApp និង Instagram ពីសំណាក់ ហ្វេសប៊ុក ក៏ជាករណីខុសច្បាប់ផងដែរ។
បណ្តឹងរបស់ក្រុមអគ្គមេធាវីនេះ បង្ហាញឲ្យឃើញពីវិធានការលើកដំបូងរបស់រដ្ឋាភិបាលអាមេរិក មកលើ ហ្វេសប៊ុក ស្របពេលក្រុមហ៊ុននេះ កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ។
កាលពីឆ្នាំមុន ហ្វេសប៊ុក បានបង្ហាញថា ខ្លួនកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធដែរ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច ពាក់ព័ន្ធនឹងការទិញយក WhatApp និង Instagram។ ចំណែកក្រុម នាយកប្រតិបត្តិ មកពីដៃគូប្រជែងរបស់ហ្វេសប៊ុក នាពេលបច្ចុប្បន្ន និងក្នុងអតីតកាល ក៏ដូចជាអ្នកអភិវឌ្ឍន៍កម្មវិធី និងស្ថាបនិកបង្កើតក្រុមហ៊ុន ដែលបានលក់ក្រុមហ៊ុនរបស់ខ្លួន ទៅឲ្យហ្វេសប៊ុក ក៏បាននិយាយបកស្រាយនៅការស៊ើបអង្កេតរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក ដោយរៀបរាប់លម្អិតពីយុទ្ធសាស្ត្រព្រហើនរបស់ ហ្វេសប៊ុក ផងដែរ។
នៅក្នុងកម្មវត្ថុនៃបណ្តឹងទាំងពីរ គឺកាលលើកមុន និងនៅពេលនេះ កឺសុំឲ្យមានការពិនិត្យមើលថា តើហ្វេសប៊ុក បំពានដល់ការប្រកួតប្រជែងសុច្ចរិតឬទេ ដូចករណីទិញយក Instagram ក្នុងឆ្នាំ២០១២ ក្នុងតម្លៃប្រហែល ១ពាន់លានដុល្លារ និងទិញយក WhatsApp នៅឆ្នាំ២០១៤ តម្លៃប្រមាណ ២២ពាន់លានដុល្លារ។
ក្រៅពីបណ្តឹងពីក្រុមធាមេវីនៃគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស ក៏បាននិងកំពុងស៊ើបអង្កេត ហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះដែរ។
នៅក្នុងខែតុលា ឆ្នាំ២០២០នេះ អនុគណៈកម្មាធិការប្រឆាំងនឹងការរំលោភសេចក្តីទុកចិត្ត របស់រដ្ឋសភាអាមេរិក បានបញ្ចប់ការស៊ើបអង្កេតរយៈពេល១៦ខែ ទៅលើការគ្រប់គ្រងចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង ហ្វេសប៊ុក ក៏ដូចជាក្រុមហ៊ុន អាម៉ាហ្សូន, ក្រុមហ៊ុន Google និង Apple ពាក់ព័ន្ធនឹង អំណាចផ្តាច់មុខនៅលើទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ។
ហ្វេសប៊ុក បានលើកឡើងថា កន្លងមកគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក ធ្លាប់បានពិនិត្យ និងយល់ព្រម ចំពោះការទិញ Instagram និង WhatsApp រួចស្រេចបាច់ទៅហើយ ដូច្នេះការបង្ខំឲ្យក្រុមហ៊ុន មិនឲ្យធ្វើកិច្ចព្រមព្រៀងបន្តទៀត បន្ទាប់ពីការវិនិយោគអស់រយៈពេលជាច្រើនឆ្នាំ នឹងបង្កផលប៉ះពាល់ដល់ក្រុមអ្នករកស៊ីជាមួយខ្លួន។
នៅក្នុងឯកសារ ហ្វេសប៊ុក បាននិយាយបកស្រាយថា កិច្ចព្រមព្រៀងដែលមិនចុះសម្រុងគ្នាដូចជាមួយ WhatsApp និង Instagram នឹងបង្ខំឲ្យក្រុមហ៊ុនចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីថែរក្សាទិន្នន័យក្នុងប្រព័ន្ធដាច់ដោយឡែកគ្នា ហើយនឹងធ្វើគ្មានសុវត្ថិភាពសល់អ្នកប្រើប្រាស់ហ្វេសប៊ុក៕