ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់​ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។

សារព័ត៌មាន​វៀតណាម​ អេចប្រេស​ បានចេញផ្សាយថា នគរបាលវៀតណាម​ ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាស​កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះ​ពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។

យោងតាមការស៊ើបអង្កេតបឋម​​ បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់របាំងបេតុង និងដុំថ្ម នៅលើផ្លូវមួយ នៅក្នុងភូមិរបស់គាត់ ហើយបានយកស្រូវសើម ដែលទើបតែប្រមូលផលថ្មី មកដាក់ហាលសម្ងួងដើម្បីស្តុកទុកបានយូរ។​ ស្រាប់តែ មានស្ត្រីម្នាក់ជិះម៉ូតូនៅលើផ្លូវនោះ បានបុករបាំងបេតុង  ហើយបានដួលស្លាប់នៅនឹងកន្លែងតែម្តង ដោយសាររបួសធ្ងន់ធ្ងរពេក។

នគរបាលវៀតណាម បានចាប់ខ្លួន​ និងចោទប្រកាន់ស្ត្រីម្ចាស់ស្រូវ មិនឱ្យចាកចេញពីផ្ទះឡើយ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម នគរបាលខេត្តនិញប៊ិញ បានចេញការព្រមានយ៉ាងតឹងរឹងដល់ប្រជាពលរដ្ឋដទៃ ត្រូវជៀសវាងការដាក់របាំងបេតុថ ដុំថ្ម ឬរបស់របរផ្សេងទៀត នៅលើដងផ្លូវសាធារណៈ ឬចិញ្ចើមផ្លូវ» សម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសនៅពេលយប់ ឬនៅតំបន់ ដែលអ្នកដំណើរមើលមិនច្បាស់​ ហើយបង្កគ្រោះថ្នាក់ដល់អាយុជីវតិ។

សូមរំឭកផងដែរថា តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន ដែលជាទីផ្សារដ៏ធំបំផុត បានបន្តហាមឃាត់នាំចូលអង្ករពីបរទេសរហូតដល់ចុងឆ្នាំ២០២៥នេះ។

របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានសង្កេតឃើញថា ការធ្លាក់ចុះនៃទីផ្សារអង្ករជាសកលនៅក្នុងឆ្នាំ២០២៥នេះ ដោយសារការផ្គត់ផ្គង់នៅតែមានបរិមាណច្រើនលើសតម្រូវការជាក់ស្តែង។

ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបញ្ជាក់ថា អង្ករវៀតណាមបាក់ប្រាំភាគរយ ជាមធ្យមមានតម្លៃ៣៧២ដុល្លារក្នុងមួយតោន កាលក្នុងខែកញ្ញា ឬប្រហែលចុះថោកបួនភាគរយទាបជាង ក្នុងខែសីហា ដែលមានតម្លៃ៣៨៩ ដុល្លារក្នុងមួយតោន។  សម្រាប់​ប្រចាំ​ឆ្នាំ តម្លៃ​អង្ករ​វៀតណាម​បាន​ធ្លាក់​ចុះ៣២ភាគរយ ​ធៀប​នឹង​ឆ្នាំ២០២៤ ដែលធ្លាប់តែមានតម្លៃ៥៤៦,៥ ដុល្លារ​ក្នុង​មួយ​តោន។

ទិន្នន័យដដែល បានបង្ហាញទៀតថា តម្លៃអង្ករវៀតណាមបាក់ប្រាំភាគរយ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ មានតម្លៃជាមធ្យម៣៨៩,៣ដុល្លារក្នុងមួយតោន គឺចុះថោក៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការធ្លាក់ចុះតម្លៃអង្ករ គឺបណ្តាលមកពីការចាប់ផ្តើមនាំចេញអង្ករឡើងវិញរបស់ឥណ្ឌា​ ទៅកាន់ទីផ្សារពិភពលោក។ ទោះបីជាយ៉ាង​ណា​ក៏ដោយ ស្ថានភាព​ធ្លាក់ថ្លៃកាន់តែថោកថែមទៀត ​ដោយសារ​ប្រទេស​ហ្វីលីពីន បានប្រកាស​ដាក់​បម្រាម​ការ​នាំ​ចូល​អង្ករ​ពីបរទេស​ ជាពិសេសអង្ករសរបស់ប្រទេសវៀតណាម។

យោងតាមការសង្ខេបអំពីទីផ្សាររបស់វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ បានឱ្យដឹងថា ស្ថានភាពទីផ្សារអង្ករពិភពលោក បាននាំឱ្យប្រទេសនាំចេញអង្ករ ដូចជាវៀតណាម និងថៃ នឹងទទួលបានប្រាក់ចំណេញតិចជាងមុន៕

 

 

 

By Ana