ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។

នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។

សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។

សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ ដែលមានអាជ្ញាប័ណ្ណ រួមទាំងទីសត្តឃាតសត្វ រោងចក្រកែច្នៃវេខខ្ចប់ ទូរត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិតផលសាច់សត្វ។

មន្ត្រី​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​អនាម័យ សុខុមាលភាព​សត្វ និង​សុវត្ថិភាព​ចំណីអាហារ មានសមត្ថកិច្ចបញ្ជាក់​ពី​ភាព​សមស្រប​នៃ​សាច់​សម្រាប់​​មនុស្សបរិភោគ និង​រាយការណ៍​ពី​ការ​ត្រួតពិនិត្យ​របស់​ពួកគេ​ទៅ​សេវា​ត្រួតពិនិត្យ​សាច់សត្វ។

អំណាចត្រូវបានកំណត់ចំពោះគ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបទបញ្ជារបស់អគ្គនាយកដ្ឋាន ដូច្នេះការរំលោភបំពានណាមួយ ដូចជាការក្លែងបន្លំ ការធ្វេសប្រហែស ឬការភូតកុហក់ អាចបណ្តាលឱ្យមានការផ្អាកអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណ។

សេចក្តីព្រាងសារាចរនេះ ក៏បញ្ជាក់ពីភារកិច្ចរបស់មន្ត្រីត្រូតពិនិត្យសាច់សត្វ ដែល​មាន​ភារកិច្ច​នៅ​ក្នុងទី​សត្តឃាត និងរោងចក្រកែច្នៃសាច់សត្វផងដែរ។ ពួកគេត្រូវតែពិនិត្យមើលឯកសារ និងហាមការសម្លាប់ដោយឃោរឃៅ ធ្វើការត្រួតពិនិត្យមុន និងក្រោយការសម្លាប់ កម្ទេចចោលសាច់មានមេរោគ និងឃ្លាំមើលដំណើរចោលឱ្យបានត្រឹមត្រូវ។

នៅរោងចក្រកាត់សាច់ ឃ្លាំងស្តុកទុកត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិផលសាច់ មន្ត្រីមានភារកិច្ចត្រួតពិនិត្យសាច់សត្វឱ្យមានសុវត្ថិភាព រឹបអូសផលិតផលណាដែលមានមេរោគ ឬខុសម៉ាកយីហោ និងត្រួតពិនិត្យការលើកដាក់ផលិតផលសាច់សត្វ ព្រមទាំងធ្វើស្នើរបាយការណ៍ផងដែរ។

ការងាររបស់មន្ត្រីត្រួតពិនិត្យសាច់សត្វ នឹងត្រូវបានវាយតម្លៃរៀងរាល់ប្រាំមួយខែម្តង ហើយការដាក់ទណ្ឌកម្មអាចនឹងត្រូធ្វើចំពោះការធ្វេសប្រហែស ការក្លែងបន្លំ គ្មានប្រសិទ្ធភាព ឬការយឺតយ៉ាវជាទម្លាប់៕

 

By Ana