វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។

យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា​ កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម​​ ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ។

តាមរយៈការបញ្ជាទិញពីឈ្មោះ​ ​ង្វៀង ថៃង្វៀង នៅក្នុងប្រទេសវៀតណាម ឈ្មោះ ត្រាន វ៉ាន់ង៉ា បានទាក់ទងក្រុមហ៊ុនមួយ នៅក្នុងប្រទេសថែ​​​​ ដើម្បីវេចខ្ចប់ទំនិញ និងបិតស្លាកសញ្ញា រួចដឹកនាំចូលទៅក្នុងទឹកដីវៀតណាម​​ តាមច្រករបៀងនៅតាមព្រំដែន។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនល្មើសទាំងពីរនេះ បានចាប់ផ្តើមធ្វើការជាមួយគ្នា តាំពីឆ្នាំ២០២២ ដោយឈ្មោះ ត្រាន វ៉ាន់ង៉ោ ជាអ្នកផ្គត់ផ្គង់សារធាតុគីមីសម្រាប់បន្ទុំ និងរក្សាទុកផ្លែទុរេនឱ្យបានយូរ ដែលត្រូវបានវេចខ្ចប់ និងដឹកជញ្ជូន ចេញពីក្រុមហ៊ុនមួយនៅក្នុងប្រទេសថៃ  ដោយឆ្លងកាត់បច្រករបៀងព្រំដែនរួចប្រគល់ទៅឱ្យឈ្មោះ ង្វៀង ថៃង្វៀង ដើម្បីលក់ចែកចាយបន្តឱ្យអ្នកដាំ ឬអ្នកលក់ផ្លែទុរេន នៅទូទាំងប្រទេសវៀតណាម។

ប្រតិបត្តិការបង្ក្រាបសកម្មភាពរត់ពន្ធសារធាតុគីមីនេះ មានតម្រិយតាំងពីខែកក្កដា ឆ្នាំ២០២៤ម្លេះ ក្រោយពេលនគរបាលវៀតណាម បានចាប់ខ្លួនឈ្មោះ ង្វៀង ថៃង្វៀង និងកម្មករម្នាក់ទៀត​ ដែលកំពុងតែលើកប្រអប់ផ្ទុកសារធាតុគីមីខុសច្បាប់​ ដាក់លើរថយន្តសដឹកទំនិញមួយគ្រឿង នៅឯគេហដ្ឋានមួយកន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុង បួនម៉ាទួត ខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា។

ការឆែកឆេរបានរកឃើញទំនិញខុសច្បាប់ចំនួន២៩៣ប្រអប់ធំៗ មានសារធាតុគីមីចំនួន៣៥០០ដប ដែលប្រើសម្រាប់បន្ទុំ និងរក្សាទុកផ្លែទុរេន កុំឱ្យឆាប់ស្អុយរលួយ ដោយមានស្លាកសញ្ញាសម្គាល់ជាភាសាបរទេស ប៉ុន្តែគ្មានប្រភពច្បាស់លាស់ឡើង។

មន្ត្រីនគរបាលវៀតណាម បានរឹបអូសយកសារធាតុគីមីទាំង២៩៣ប្រអប់ បើគិតជាទឹកប្រាក់មានតម្លៃប្រមាណ១ ០០០ពាន់លានដុង ឬស្មើនឹង៣៨​ ៥០០ដុល្លារ ហើយក្រោយមកបានរកឃើញថា នៅក្នុងឆ្នាំ២០២៣។​ អ្នកទាំងពីរបានជួញដូរសារធាតុគីមី មានតម្លៃជាទឹកប្រាក់សរុបចំនួន៩៧ពាន់លានដុង ឬស្មើនឹង២,៥លានដុល្លារ និងនៅក្នុងឆ្នាំ២០២៤ ពួកគេរកបានប្រាក់ចំណេញបានជាង៦០០លានដុង ឬស្មើនឹង២៣ ០០០ដុល្លារ។

ករណីរត់ពន្ធសារធាតុគីមីខុសច្បាប់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្តទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃទៀត។

យោងតាមការចេញផ្សាយជាបន្តបន្ទាប់នៅតាមបណ្តាញសារព័ត៌មាន​​ជាច្រើន នាពេលថ្មីៗ បានឱ្យដឹងថា​ ដោយសារការប្រើប្រាស់សារធាតុគីមីសម្រាប់ធ្វើឱ្យផ្លែទុរេនឆាប់ទុំ និងមិនឆាប់ស្អុយរលួយបែបនេះ បានធ្វើឱ្យផ្លែទុរេនវៀតណាម​​ នៅក្នុងខេត្តតាមដីសណ្តទន្លេមេគង្គ​ ធ្លាក់ចុះតម្លៃយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយ ក្រោយពីរកឃើញសារធាតុគីមីនៅលើផ្លែទុរេននាំចូលរបស់វៀតណាម។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ២០២៥ នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ និងប៊េនជេ ជាដើម​​ ដែល​សុទ្ធ​តែ​ជាខេត្តស្ថិត​នៅ​ក្នុងតំបន់​ដីសណ្ត​ទន្លេ​មេគង្គ ផ្លែទុរេនត្រូវបានលក់ក្នុងតម្លៃត្រឹមក្នុងវង្វង់១,៥ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបជាមួយពីឆ្នាំមុន មានតម្លៃពី៤​ទៅ៦ដុល្លារ​ ក្នុងមួយគីឡូក្រាម។

ចំណែកទុរេនរបស់​ថៃវិញ​ ព្រោះតែប្រើសារធាតុគីមីនេះ​ ហើយអាជ្ញាធរគយចិនហាមនាំចូល បានធ្វើឱ្យតម្លៃ​ធ្លាក់​មក​នៅ​ត្រឹម​តែប្រមាណ២​ ទៅ៣ដុល្លារប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។

ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់​ព្រោះនាំឱ្យកើតមហារីកដល់អ្នកបរិភោគ។

ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងនៃការនាំចូលទុរេន ទៅកាន់ប្រទេសចិនបែបនេះហើយ ទើបនាំឱ្យទុរេនជាច្រើនកកស្ទះនៅលើទផ្សារក្នុងប្រទេសវៀតណាម​ និងនៅក្នុងប្រទេសថៃ៕

By Ana

You missed