ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ច្រានចោលថា គ្មានន័យ។
តុលាការមានស្នាក់ការ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ចៅក្រមសម្រេចចេញដីកាចាប់ខ្លួនពីបទជាប់សង្ស័យក្នុងការនិរទេសកុមារ ដោយខុសច្បាប់ពីទឹកដីរបស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Vladimiroc Putin) ជាអ្នកទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌផ្ទាល់ខ្លួន ចំពោះការចាប់ពង្រត់កុមារ ចំពោះការប្រព្រឹត្តដោយផ្ទាល់ រួមជាមួយនឹងអ្នកដទៃ និង/ឬតាមរយៈអ្នកដទៃ (និង) ចំពោះការខកខានរបស់លោកក្នុងការទប់ស្កាត់បានត្រឹមត្រូវលើអ្នកស្ថិតក្រោមបង្គាប់របស់លោករាប់ទាំងមន្ត្រីស៊ីវិល និងមន្ត្រីយោធា ដែលជាបុគ្កលបានប្រព្រឹត្តិអំពើនេះ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមិនមានអំណាចក្នុងការអនុវត្តដីការបស់ខ្លួនសោះ ក៏បានចេញដីកាចាប់ខ្លួនលោកស្រី ម៉ារីយ៉ា ល្វូវ៉ាបេឡូវ៉ា (Maria Lvova-Belova) ស្នងការទទួលបន្ទុកសិទ្ធិកុមាររុស្ស៊ី ពីបទឧក្រិដ្ឋដូចគ្នាដែរ។
ចៅក្រមរបស់តុលាការនេះ បានប្រកាសដោយសរសេរឈ្មោះជនសង្ស័យទាំងពីរនាក់យ៉ាងច្បាស់ថា «ថ្ងៃនេះ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ អង្គបុរេជំនុំជម្រះលើកទី២ នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនបុគ្គលពីរនាក់ នៅក្នុងបរិបទនៃស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន៖ លោក វ៉្លាឌីមៀ វ៉្លាឌីមៀរ៉ូវច ពូទីន (Vladimir Vladimirovich Putin) និងលោកស្រី ម៉ារីយ៉ា អាឡិចសេយ៉េវណា ល្វូវ៉ាបេឡូវ៉ា (Maria Alekseyevna Lvova-Belova)»។
ដីកាបានសរសេរយ៉ាងច្បាស់ថា លោក វ្ល៉ាឌីមៀ ពូទីន កើតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៥២ ជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី និងលោកស្រី ម៉ារីយ៉ា ល្វូវ៉ាបេឡូវ៉ា កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៨៤ ជាស្នងការទទួលបន្ទុកសិទ្ធិកុមារនៅក្នុងការិយាល័យប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមារដោយខុសច្បាប់ និងការផ្ទេរកុមារដោយខុសច្បាប់ ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅរុស្ស៊ី។ ឧក្រិដ្ឋកម្មត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែនយ៉ាងហោចណាស់ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
រដ្ឋាភិបាលរុស្ស៊ី ដែលបដិសេធមិនប្រព្រឹត្តអំពើឃោរឃៅ ចាប់តាំងពីខ្លួនចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានច្រានចោលចំណាត់ការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចាត់ថា សូមទុកជាមោឃៈចុះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅលើបណ្តាញ តេឡេក្រាមរបស់ខ្លួនបន្ទាប់ពីការប្រកាសថា «ការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនមានអត្ថន័យសម្រាប់ប្រទេសរបស់យើង រួមទាំងទស្សនៈផ្លូវច្បាប់។ រុស្ស៊ីមិនមែនជាភាគីហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយក៏មិនមានកាតព្វកិច្ចស្ថិតក្រោមដែនសមត្ថកិច្ចរបស់តុលាការនេះទេ»។
ប៉ុន្តែប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក ភីធើ ហូម៉ាន់ស្គី (Piotr Hofmanski) បាននិយាយថា «វាមិនពាក់ព័ន្ធទាំងស្រុងទេ» ដែលប្រទេសរុស្ស៊ីមិនបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូមនោះ។
លោកបានមានប្រសាសន៍ថា «យោងតាមលក្ខន្តិកៈរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានរដ្ឋភាគីចំនួន១២៣ គឺមានពីរភាគបីនៃសហគមន៍អន្តរជាតិទាំងមូល បានទទួលស្គាល់ថា តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅលើទឹកដីនៃរដ្ឋភាគី ឬរដ្ឋដែលបានទទួលយកយុត្តាធិការរបស់ខ្លួន។ អ៊ុយក្រែន បានទទួលយកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចំនួនពីរដង គឺក្នុងឆ្នាំ២០១៤ និងបន្ទាប់មកក្នុងឆ្នាំ២០១៥»។
លោកបាននិយាយថា រដ្ឋចំនួន៤៣ បានផ្ញើពីស្ថានភាពឧក្រិដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន ទៅកាន់តុលាការ ដែលមានន័យថា ពួកគេបានគាំទ្រយុត្តាធិការរបស់យើងជាផ្លូវការ»។
លោកបាននិយាយបញ្ជាក់បន្ថែមថា «តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើនរណាម្នាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៣តទៅ ដោយមិនគិតពីសញ្ជាតិរបស់ជនល្មើសឡើយ»។
ដីកាបង្គាប់ឲ្យចាប់ខ្លួនប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដ៏យ៉ាងច្បាស់ក្រឡែត នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការនិរទេសកុមារដោយបង្ខំ នៅក្នុងតំបន់រុស្ស៊ីគ្រប់គ្រង។
ចំណាត់ការផ្លូវច្បាប់របស់តុលាការនៅបច្ចឹមប្រទេស បានធ្វើឲ្យមានការឆ្លើយតបយ៉ាងក្តៅគគុក ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោយមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីខ្លះ បាននិយាយថា កាយវិការនេះ គឺជាភស្តុតាងនៃភាពច្របូកច្របល់របស់លោកខាងលិច។
ប្រធានសភារុស្ស៊ី លោក វីយ៉ាចេស្លា វ៉ូឡូឌីន បាននិយាយថា «យឹស! ហ៊ានមកចាប់វាយខ្នោះ ពូទីន ទេ! យើងចាត់ទុកការវាយប្រហារណាមួយលើប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ថាជាការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»។
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក អានទ្រី កូស្ទីន (Andriy Kostin) បានសាទរចំពោះសេចក្តីប្រកាសរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចំពោះការចោទប្រកាន់លើប្រធានាធិបតីរុស្ស៊ី អំពីបទឧក្រិដ្ឋកម្មសង្គ្រាម។
លោកបាននិយាយថា «ពិភពលោកបានឃើញសញ្ញាថា របបរុស្ស៊ី គឺជាឧក្រិដ្ឋជន ហើយការដឹកនាំ និងបក្ខពួករបស់ខ្លួននឹងត្រូវទទួលខុសត្រូវ។ នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់អ៊ុយក្រែន និងសម្រាប់ប្រព័ន្ធច្បាប់អន្តរជាតិទាំងមូល»។
ចំណែកប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានស្តីបន្ទោសលោក វ៉្លាឌីមៀ ពូទីន ចំពោះការនិរទេសកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចូលទៅក្នុងទឹកដីរុស្ស៊ី។
លោកបាននិយាយក្នុងសុន្ទរកថា តាមវីដេអូនៅពេលមួយយប់ថា «នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដែលនឹងនាំឲ្យមានការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ»។
លោកបាននិយាយថាចំ នួនកុមារត្រូវបាននិរទេសអាចមាន «លើសពី១៦ ០០០នាក់» ដោយបន្ថែមថា ការនិរទេសរបស់ពួកគេបង្កើតបានជាគោលនយោបាយ នៃអំពើអាក្រក់របស់រដ្ឋ ដែលចាប់ផ្តើមយ៉ាងច្បាស់ក្រឡែតជាមួយមន្ត្រីកំពូលនៃរដ្ឋនេះ»។
ប្រទេសរុស្ស៊ី មិនបានលាក់បាំងកម្មវិធី ដែលខ្លួនបាននាំកុមារអ៊ុយក្រែនរាប់ពាន់នាក់ ទៅកាន់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានបង្ហាញថា នោះគឺជាការងារមនុស្សធម៌ ដើម្បីការពារកុមារកំព្រា និងកុមារត្រូវគេបោះបង់ចោល នៅក្នុងតំបន់មានជម្លោះ។
ករណីមិនទំនងថា លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវបញ្ចប់ជីវិតនយោបាយនៅក្នុងតុលាការនេះ នៅពេលណានោះទេ ដែលដីកានេះមានន័យថា លោកអាចត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឲ្យទីក្រុងឡាអេភ្លាម ប្រសិនបើលោកធ្វើដំណើរទៅកាន់រដ្ឋសមាជិកណាមួយនៃហត្ថលេខីទទួលស្គាល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
ប៉ុន្តែអ្នកវិភាគនយោបាយអន្តរជាតិ បានបកស្រាយថា អានុភាពនៃដីកា ឬសាលក្រមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទីក្រុងឡាអេ អាចគ្របសង្កត់លើតែប្រទេសតូចតាចទន់ខ្សោយ ឬមេដឹកនាំគ្មានអំណាចប៉ុណ្ណោះ ចំពោះប្រទេសមហាអំណាច ឬមេដឹកនាំមានអំណាចវិញ តែងតែរួចខ្លួនជានិច្ច ដែលសូម្បីតែសហរដ្ឋអាមេរិក ក៏មិនមែនជារដ្ឋហត្ថលេខីរបស់តុលាការនេះដែរ៕