មូស្គូ៖ ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី។

មន្ត្រីវិមានក្រឹមឡាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នា អំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការនេះ គ្រោងធ្វើឡើងស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិមលិចរបស់រុស្ស៊ី បានលើកសំណើដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាមេដឹកនាំលោកខាងលិចបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ។

បណ្តាមេដឹកនាំប្រទេសលោកខាងលិច បានព្រមានរដ្ឋាភិបាលទីក្រុងប៉េកាំង មិនឲ្យផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។

ចំណែកក្រសួងការបរទេសចិនវិញ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) នឹងស្នាក់នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្របតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន បាន​និយាយ​ថា គោល​បំណង​នៃ​ជំនួបមេដឹកនាំទាំងពីរ ​គឺ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​ទ្វេ​ភាគី ចំណែកឯកសារទ្វេភាគីសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចនេះដែរ។

សូមរំឭកផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា លោកក៏ចង់ជួបលោក ស៊ី ជីនភីង ផងដែរ ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការចរចាស្វែងរកសន្តិភាពនៅក្នុងសង្គ្រាមអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងគិន (Antony Blinken) ធ្លាប់បាននិយាយព្រមានថា រដ្ឋាទីក្រុងប៉េកាំងកំពុងពិចារណាផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលជាការអះអាងបែបនេះត្រូវបាន ប្រទេសចិនបដិសេធ ដោយនិយាយថា អាមេរិកកំពុងលាបព៌ណ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ នៅថ្ងៃសុនេះថា លោក ស៊ី ជីនភីង នឹងនិយាយជាមួយលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែព័ត៌មាននេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិន បានចចេសនឹងការបញ្ចុះបញ្ចូលរបស់អ៊ុយក្រែន ដើម្បីឲ្យមានកិច្ចប្រជុំរវាងលោក ស៊ី ជីនភីង និងលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ទោះបីជាទីក្រុងប៉េកាំង បានបញ្ជាក់ថា មេដឹកនាំរបស់ប្រទេសចិន នឹងទៅបំពេញទស្សនកិច្ច ទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយនេះ។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយថា ប្រធានាធិបតីរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួនសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ហើយបានបន្ថែមថា «ខ្ញុំមិនគិតថា ប្រទេសចិនបានឈានដល់កម្រិតនេះ នៅពេលនេះទេ… នៅពេលចិនត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់សព្វាវុធឲ្យរុស្សី»។

នៅពេលសួរអំពីសេចក្តីរាយការណ៍ ដែលមេដឹកនាំអ៊ុយក្រែន គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី លើកទ័ពចូលឈ្លានពាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ចន គើប៊ី (John Kirby) បាននិយាយថា វានឹងជារឿងល្អណាស់ប្រសិនបើពួកគេទាំងពីរបានជួបពិភាក្សាគ្នា។ «យើងគាំទ្រ និងបានគាំទ្រការទាក់ទងគ្នានេះ»៕

By Ana

You missed