វ៉ាសូវី៖ ប្រធានាធិបតីប៉ូឡូញ ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំងផលិតដោយអតីតសហភាពសូវៀត ប្រភេទ MiG-29 ចំនួនបួនគ្រឿងឲ្យអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបំពេញតាមសំណើជាបន្ទាន់កាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ី ឈ្លានពាន។

លោក អានដ្រេហ្សេច ឌូដា (Andrzej Duda) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញគ្រោងនឹងបញ្ជូនយន្តហោះរហូតដល់១២គ្រឿង ដែលផលិតដោយអតីតសហភាពសូវៀត។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង វ៉ាសូវី ជាមួយលោក ភីធើ ផាវ៉ែល (Petr Pavel) ប្រធានាធិបតីនៃសាធារណរដ្ឋឆេក ដោយអះអាងថា «ជាដំបូង និងនិយាយដោយត្រង់ៗតែម្តង គឺក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ យើងនឹងប្រគល់ឲ្យហើយ ដែលតាមខ្ញុំចាំ គឺយន្តហោះចម្បាំងចំនួនបួនគ្រឿង ត្រូវតែបញ្ជូនទៅឲ្យអ៊ុយក្រែន តាមលំដាប់លំដោយ»។

លោក អានដ្រេហ្សេច ឌូដា បាននិយាយបន្ថែមថា យន្តហោះចម្បាំងខ្លះនឹងត្រូវបញ្ជូននៅពេលក្រោយ បន្ទាប់ពីត្រួតពិនិត្យមើលផ្នែកបច្ចេកទេសចប់សព្វគ្រប់។

លោក​បាន​បញ្ជាក់​បន្ថែមថា​ អ្នកបច្ចេកទេសកំពុងតែពិនិត្យ និងជួសជុលយន្តហោះទាំងនេះ ឲ្យបានស្រួលបួលសិន ទើបបញ្ជូនទៅឲ្យអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

ទោះបីយ៉ាងណាក៏ដោយ លោកប្រធានាធិបតីប៉ូឡូញ មិន​បាន​ទម្លាយ​ថា ​តើមាន​ប្រទេស​ណាផ្សេង​ទៀត​នឹងធ្វើដូចរដ្ឋាភិបាលរបស់លោកដែរនោះ​ទេ ប៉ុន្តែ​ប្រទេស ​ស្លូវ៉ាគី ​បាន​និយាយ​ថា ​ខ្លួន​នឹង​បញ្ជូនយន្តហោះចម្បាំងប្រភេទ MiGs ដែល​​មិនទាន់​ប្រើប្រាស់ ​ទៅឲ្យប្រទេស​អ៊ុយក្រែនដែរ​។

កាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ បាននិយាយថា ប្រទេសផ្សេងទៀត ដែលមានយន្តចម្បាំងប្រភេទ MiGs ផលិតនៅអតីតសហភាពសូវៀត ក៏បានសន្យាបញ្ជូនទៅឲ្យអ៊ុយក្រែនដែរ ប៉ុន្តែលោកមិនបញ្ចេញឈ្មោះប្រទេសណាមួយឲ្យបានច្បាស់លាស់ឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡេនស្គី (Volodymyr Zelensky) បានអង្វរសម្ព័ន្ធមិត្តឲ្យចែករំលែកយន្តហោះចម្បាំងដល់ខ្លួន ខណៈប្រទេសសមាជិកអង្គការណាតូមួយចំនួន បានសម្តែងការស្ទាក់ស្ទើរ។

មុនពេលរុស្ស៊ីលើកទ័ពឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសអ៊ុយក្រែនមានយន្តហោះ MiG-29 រាប់សិបគ្រឿង ដែលជាមរតកសល់ពីអតីតសហភាពសូវៀត ប៉ុន្តែមិនទាន់ច្បាស់ថា តើមានប៉ុន្មានគ្រឿងអាចប្រើការបាននោះទេ។

ពាក់ព័ន្ធនឹងជំនួសសម្រាប់ធ្វើសង្គ្រាមនេះ ប្រទេសប៉ូឡូញបានបញ្ជូនរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន១៤គ្រឿង ទៅកាន់អ៊ុយក្រែនរួចរាល់ហើយដែរ ហើយរយក្រោះទាំងនោះកំពុងតែប្រើក្នុងសមរភូមិស៊ីសាច់ហុតឈាមក្នុងទីក្រុងបាក់មុត ភាគខាងកើតអ៊ុយក្រែន៕

By Ana

You missed