រដ្ឋហ្វ្លរីដា៖ ធុងផ្ទុកសារធាតុគីមីអាម៉ូញាក់ចំណុះ៩១ ០០០លីត្ររបស់រោងចក្រផលិតភេសជ្ជៈកូកា-កូឡា នៅក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានលេចធ្លាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំកម្មករ និងបុគ្គលិកទាំងរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីបរិវេណរោងចក្រ ព្រោះប៉ះពាល់ដល់សុខភាព។
រីឯអ្នករស់នៅក្នុងតំបន់ស្ថិតនៅក្បែររោងចក្រខាងលើនេះ ក៏ត្រូវជម្លៀសខ្លួនចេញផងដែរ ដែលក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកក្រុមពន្លត់អគ្គីភ័យ បានពន្លត់ភ្លើងឆេះត្រង់ចំណុចលេចធ្លាយនេះ បានដោយជោគជ័យ។
ចំណែកប្រតិបត្តិការសម្អាតសារធាតុពុលពីគីមីអាម៉ូញាក់ ត្រូវបានគេរាយការណ៍មកថា បានបញ្ចប់នៅប្រហែលម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង៣ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ម៉ោងនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីការរងរបួសធ្ងន់ធ្ងរដល់បុគ្គលិករោងចក្រ ឬអ្នករស់នៅក្បែរតំបន់នោះទេ ទោះបីជាក្រុមហ៊ុន កូកា-កូឡា ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា «បុគ្គលិកផ្នែកអគ្គិសនីមួយចំនួន ដែលធ្វើការនៅក្បែរនោះ ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដើម្បីព្យាបាលការរលាកភ្នែក និងរលាកបំពង់ក» ដែលបណ្តាលមកពីចម្ហាយសារធាតុអាម៉ូញាក់។
ប្រធានផ្នែកពន្លត់អគ្គីភ័យរបស់រដ្ឋហ្វ្លរីដា ក៏បាននិយាយផងដែរថា ប្រជាពលរដ្ឋមួយចំនួនបានទូរស័ព្ទរាយការណ៍អំពីក្លិនគីមី និងធ្វើឲ្យរមាស់ ដែលអាចបណ្តាលមកពីការធ្លាយធុងផ្ទុកអាម៉ូញាក់នេះដែរ។
លោកបាននិយាយថា «ចំហាយអាម៉ូញាក់ភាយចេញមកជាអង្គធាតុរាវ បន្ទាប់មកវាក្លាយទៅជាចំហាយទឹក។ យើងកំពុងដោះស្រាយបញ្ហានេះ។ ចំហាយទឹកបានភាយទៅខាងក្រៅរោងចក្រ។ គេអាចបាញ់ទឹកលើសារធាតុអាម៉ូញាក់ ដើម្បីកុំឲ្យភាយចេញខ្លាំង និងឆាប់រលាយបាត់ទៅវិញ»។
លោកបានបញ្ជាក់ទៀតថា ការលេចធ្លាយនេះ គឺបណ្តាលមកពីបញ្ហាបំពង់ភ្ជាប់ធុងអាម៉ូញាក់ចំណុះ៩១ ០០០លីត្រ ដែលអ្នកម៉ៅការកំពុងធ្វើខាងក្នុងរោងចក្រនៅជិតកន្លែងលេចធ្លាយនោះ ប៉ុន្តែមិនច្បាស់ថា តើសារធាតុគីមីនេះ ត្រូវបានគេប្រើសម្រាប់ធ្វើអ្វីនៅកន្លែងនោះទេ»។
ក្រុមហ៊ុន កូកា-កូឡា ក៏បានចេញសុំទោសដល់បុគ្គលិក និងអ្នករស់នៅក្បែររោងចក្រ «ចំពោះការរអាក់រអួលផ្នែកខ្សែចង្វាក់ផលិតកម្ម និងការរំខានដល់អ្នកជិតខាង ដោយទទូចថា សុវត្ថិភាព គឺជាអាទិភាពទី១ សម្រាប់មនុស្សរបស់យើង និងអ្នករស់នៅក្បែរនោះ»៕