មូស្គូ៖ លោក យ៉េវហ្គេនី ព្រីហ្គូឈីន (Yevgeny Prigozhin) ដែលជាមហាសេដ្ឋីរុស្ស៊ី និងជាស្ថាបនិកក្រុមទាហានស៊ីឈ្នួល ឈ្មោះ វ៉ាក់នើ (Wagner) របស់រុស្ស៊ី បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ថា មិនព្រមផ្តល់នូវគ្រាប់រំសេវដល់យុទ្ធជនរបស់លោកឲ្យគ្រប់គ្រាន់ ដើម្បីប្រយុទ្ធយកឈ្នះលើទាហានអ៊ុយក្រែន។

លោក យ៉េវហ្គេនី ព្រីហ្គូឈីន ដែលធ្លាប់គេចវេះពីការចាប់អារម្មណ៍ជាសាធារណៈនោះ បានប្រកាសកាន់តួនាទីបន្ថែមទៀត នៅក្នុងនយោបាយរុស្ស៊ី ចាប់តាំងពីសង្រ្គាមរុស្ស៊ី លើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីមួយឆ្នាំមុន ខណៈក្រុមទាហានស៊ីឈ្នួលរបស់លោក កំពុងតែជាប់ដៃប្រយុទ្ធដណ្តើមយកទីក្រុង បាក់មុត (Bakhmut) ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

នៅក្នុងសារជាសំឡេងរយៈពេលប្រាំពីរនាទី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយសារព័ត៌មានរបស់ខ្លួន បានឲ្យដឹងថា លោក យ៉េវហ្គេនី ព្រីហ្គូឈីន ពិតជាខឹង និងរំជួលចិត្ត នៅពេលនិយាយថា គេតម្រូវឲ្យលោកសុំទោស និងគោរព មេទ័ពរុស្ស៊ី ទើបទទួលបានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់យុទ្ធជន វ៉ាក់នើ។

 ដោយ​និយាយលើក​សំឡេង​ និង​ហ៊ានស្បថ​ថែមទៀត លោក​បាន​និយាយ​ថា​ «​ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ទោះបី​មាន​ទំនាក់ទំនង និង​ជាប់ទាក់ទង​យ៉ាងណាក៏ដោយ​»​។

លោកបាននិយាយទៀតថា ឥឡូវនេះសម្ភារៈសឹករបស់រុស្ស៊ី គឺគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំង ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ ហើយការលំបាកក្នុងការផ្គត់ផ្គង់ ដែលយុទ្ធជនរបស់គាត់កំពុងជួបប្រទះនោះ គឺជាលទ្ធផលនៃការសម្រេចចិត្តប្រកបដោយមនសិការជាតិ។

លោក យ៉េវហ្គេនី ព្រីហ្គូឈីន បាននិយាយថា «អ្នកដែលជ្រៀតជ្រែកជាមួយយើង ដែលព្យាយាមឈ្នះសង្រ្គាមនេះ គឺពិតជាធ្វើការដោយផ្ទាល់ជាមួយខ្មាំងសត្រូវ»។

ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែន លោក យ៉េវហ្គេនី ព្រីហ្គូឈីន ធ្លាប់បានឈ្លោះប្រកែកគ្នាជាសាធារណៈជាមួយឧត្តមសេនីយ៍ និងមន្ត្រីវិមានក្រឹមឡាំង ដោយលោកចោទប្រកាន់ពួកគេថា មិនសូវខ្នះខ្នែងក្នុងការអនវុត្តយុទ្ធនាការប្រឆាំងរដ្ឋាភិបាលក្រុងគៀវ។

នៅក្នុងសារជាសំឡេង លោកបាននិយាយថា បុគ្គលមិនបញ្ចេញឈ្មោញ ដែលលោកស្តីបន្ទោសចំពោះការខ្វះខាតគ្រាប់រំសេវ គឺជាអ្នកពិសាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច នៅក្នុងចានមាស ហើយនៅថ្ងៃឈប់សម្រាក បានបញ្ជូនសាច់ញាតិ ទៅដើរលេងទីក្រុងឌូបៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ឥស្សរជនរុស្ស៊ី។

លោក យ៉េវហ្គេនី ព្រីហ្គូឈីន គឺជាអ្នករិះគន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សើគី សយគូ (Sergey Shoigu) ដោយទទូចថា យុទ្ធជនរបស់លោកមានប្រសិទ្ធភាពជាងកងទ័ពរុស្ស៊ី។

មន្ត្រីសេតវិមាន បាននិយាយ កាលពីសប្តាហ៍មុនថា ក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ បានបាត់បង់ជីវិតយុទ្ធជន ជាង៣០ ០០០នាក់ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕

By Ana

You missed