ទីក្រុងគៀវ៖ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានធ្វើទស្សនកិច្ចដោយមិនប្រកាស កាលពីថ្ងៃចន្ទ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ដែលជាកាយវិការនៃសាមគ្គីភាព នៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានប្រទេសរបស់រុស្ស៊ី។
លោក ចូ បាយដិន បានជួបជាមួយលោក ហ្សឺឡឹនស្គី នៅវិមានប្រធានាធិបតីអ៊ុក្រែន ដើម្បីប្រកាសជំនួយបន្ថែមចំនួនកន្លះពាន់លានដុល្លារ ដើម្បីជួយដល់ទាហានអ៊ុយក្រែន។
ដំណើរទស្សនកិច្ចនៅអ៊ុយក្រែន បានកើតឡើងក្នុងពេលសង្គ្រាម ដែលលោក ចូ បាយដិន ប្រឹងជំរុញសម្ព័ន្ធមិត្តលោកខាងលិច ឲ្យរួបរួមគាំទ្រអ៊ុយក្រែន ព្រោះសង្រ្គាមកាន់តែខ្លាំងឡើង។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោក និងលោក ចូ បាយដិន បានពិភាក្សាគ្នា អំពីអាវុធចម្ងាយឆ្ងាយ និងអាវុធ ដែលអាចបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែន។
បេសកកម្មរបស់លោក ចូ បាយដិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ ដែលបន្ទាប់មកទៅបំពេញទស្សនិច្ច ទីក្រុង វ៉ាសាវី ប្រទេសប៉ូឡូញ ដើម្បីបញ្ជាក់ពីការត្រៀមខ្លួនរបស់អាមេរិក ដើម្បីបន្តជួយអ៊ុយក្រែន រហូតបណ្តេញកងទ័ពរុស្ស៊ីត្រឡប់ទៅវិញ។
លោក ចូ បាយដិន បាននិយាយថា «ខ្ញុំគិតថា វាជារឿងសំខាន់ និងអ្វីការសង្ស័យអ្វីទាំងអស់ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន»។
ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសដល់លោកប្រធានាធិបតីអាមេរិក ដើម្បីមើលដោយផ្ទាល់អំពីការបំផ្លិចបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី។ ទាហាន និងជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ ត្រូវបានសម្លាប់ មនុស្សរាប់លាននាក់ បានភៀសខ្លួនចេញពីសង្រ្គាម។
ដំណើរទស្សនកិច្ចនេះក៏ជាការប្រឆាំងចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលបានសង្ឃឹមថា យោធារបស់លោកនឹងវាយចូលកាន់កាប់ក្រុងគៀវ បានយ៉ាងឆាប់រហ័សតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែមួយឆ្នាំក្រោយមក រដ្ឋធានីរបស់អ៊ុយក្រែន នៅតែដដែល ខណៈការប្រយុទ្ធបានប្រមូលផ្តុំគញនា នៅភាគខាងកើតប្រទេស។
មានការរំពឹងទុកជាច្រើនសប្តាហ៍ អំពីដំណើរទស្សនកិច្ចរបស់លោក ចូ បាយដិន ទៅកាន់ប្រទេសអ៊ុយក្រែន នៅខួបមួយឆ្នាំនៃសង្គ្រាម ដែលឈានចូលមកដល់នៅថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ប៉ុន្តែមន្ត្រីសេតវិមាន បាននិយាយម្តងហើយម្តងទៀតថា គ្មានការធ្វើដំណើររបស់ប្រធានាធិបតី ទៅកាន់ប្រទេសអ៊ុយក្រែនឡើយ។
តាំងពីព្រឹកថ្ងៃចន្ទមក ផ្លូវសំខាន់ៗជាច្រើន និងប្លុកកណ្តាលក្នុងទីក្រុង គៀវ ត្រូវបានបិទដោយគ្មានការពន្យល់ផ្លូវការណាមួយឡើយ។ ក្រោយមក មនុស្សបានចាប់ផ្តើមចែករំលែកវីដេអូនៃក្បួនម៉ូតូតាមដងផ្លូវ។
នៅឯសេតវិមាន ការរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ចូ បាយដិន ទៅកាន់ទីក្រុង គៀវ ត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងបំផុត ដោយក្រុមជំនួយការមួយចំនួនតូច បានធ្វើសេចក្តីសង្ខេបអំពីផែនការនេះ។
លោក ចូ បាយដិន បានចាកចេញពីមូលដ្ឋានទ័ពមួយ ក្បែរទីក្រុងវ៉ាស៊ីនតោន នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឈប់ចាក់សាំងនៅមូលដ្ឋានទ័ពអាកាស ក្នុងប្រទេសអាល្លឺម៉ង់ មុនពេលធ្វើបន្តដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។
មេដឹកនាំលោកខាងលិចផ្សេងទៀតបានធ្វើដំណើរជាសម្ងាត់ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
កាលពីខែមិថុនា ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ និងបន្ទាប់មកនាយករដ្ឋមន្ត្រីអ៊ីតាលី បានធ្វើដំណើររួមគ្នា តាមរថភ្លើងពេលយប់ទៅកាន់ទីក្រុង គៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស បានធ្វើទស្សនកិច្ចនៅទីក្រុង គៀវ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចូ បាយដិន ទៅកាន់តំបន់សង្រ្គាម ក្នុងនាមជាប្រធានាធិបតី។ ប្រធានាធិបតីមុនៗ គឺលោក ដូណាល់ ត្រាំ, លោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់បលយូ ប៊ូស ធ្លាប់បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ដើម្បីជួបជាមួយកងទ័ពសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសទាំងនោះ៕