ក្រុងគៀវ៖ អ៊ុយក្រែនបាននិយាយថា ការមិនព្រមសម្រេចចិត្តឲ្យបានលឿន ក្នុងចំណោមមេដឹកនាំលើសាកលលោក គឺកំពុងតែសម្លាប់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីអាល្លឺម៉ង់បានស្ទាក់ស្ទើរលើការសម្រេចចិត្តផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវរថក្រោះចម្បាំងប្រភេទ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ទាហានអ៊ុយក្រែនទប់ទល់នឹងទាហានរុស្ស៊ី។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរសារនៅលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ថា «ការសម្រេចចិត្តថ្ងៃនេះរបស់អាល្លឺម៉ង់កំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ រាល់ការពន្យារពេល គឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ សូមគិតឲ្យលឿន»។
ប្រទេសចំនួន៥០បានយល់ព្រម កាលពីថ្ងៃសុក្រ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសម្ភារៈយោធា ដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងរថពាសដែក និងគ្រាប់រំសេវ ដើម្បីជួយដល់ទាហានអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។
ប្រទេសអាឡឺម៉ង់ បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការផ្តល់រថក្រោះ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្តូរៀស (Boris Pistorius) បាននិយាយថា នៅតែមិនអាចនិយាយបានថា នៅពេលណាទើបសម្រេចចិត្តបានទេ ហើយការសម្រេចចិត្តនឹងទៅជាយ៉ាងណា នៅពេលណា ពេលនោះដើម្បីផ្តល់រថក្រោះ Leopard គឺមិនទាន់ច្បាស់ទេ។
ប្រទេសអ៊ុយក្រែន កំពុងអង្វរសុំជំនួយជារថក្រោះប្រភេទ Leopard 2 ផលិតដោយអាល្លឺម៉ង់ ដើម្បីយកទៅច្បាំងទប់សទល់ជាមួយទាហានរុស្ស៊ី។ ចំណែកប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត បានបន្ទរតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹស្គី (Volodymyr Zelensky) ដោយនិយាយថា រថក្រោះមានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់ទាហានអ៊ុយក្រែនជាមួយទាហានរុស្ស៊ី។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេស ឡាតវី បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាល់ទិកទាំងបី ដោយជំរុញឲ្យអាល្លឺម៉ង់ផ្តល់រថក្រោះ Leopard ដល់អ៊ុយក្រែនឥឡូវនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា «នេះគឺចាំបាច់ណាស់ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ហើយដើម្បីជួយប្រទេសអ៊ុយក្រែន និងស្ដារសន្តិភាពនៅទ្វីបអឺរ៉ុបឡើងវិញ។ អាល្លឺម៉ង់ ដែលជាមហាអំណាចអឺរ៉ុបឈានមុខគេ មានការទទួលខុសត្រូវពិសេសក្នុងរឿងនេះ»។
ទន្ទឹមនឹងនោះដែរ នៅទីក្រុងប៊ែរឡាំង មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅខាងក្រៅអគារការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ ដោយបង្ខំឲ្យអាល្លឺម៉ង់បញ្ជូនរថក្រោះទៅឲ្យអ៊ុយក្រែន។
រដ្ឋាភិបាលអាឡឺម៉ង់ មានការប្រយ័ត្នប្រយែងក្នុងការបញ្ជូនរថក្រោះ ឬអនុញ្ញាតឲ្យប្រទេសផ្សេងទៀត អាចផ្គត់ផ្គង់រថក្រោះផលិតដោយអាល្លឺម៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន។
យោងតាមរបាយការណ៍នៅដើមសប្តាហ៍នេះ អាល្លឺម៉ង់នឹងយល់ព្រមបញ្ជូនរថក្រោះប្រភេទ Leopard 2 លុះត្រាតែសហរដ្ឋអាមេរិក ធ្វើដូចខ្លួនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជំហរថា ខ្លួនមិនជឿថា ការផ្តល់រថក្រោះ Abrams របស់ខ្លួននឹងមានប្រយោជន៍នោះទេ ដោយសារតែមានការលំបាកក្នុងការហ្វឹកហាត់ និងថែទាំ។
កាលពីថ្ងៃសុក្រ ប្រទេសប្រហែលចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅឯមូលដ្ឋានទ័ពអាកាស ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីប្រជុំក្រុមទំនាក់ទំនងជាមួយប្រទេសអ៊ុយក្រែន។ មានការរំពឹងទុកមុនកិច្ចប្រជុំថា យ៉ាងហោចណាស់អាល្លឺម៉ង់នឹងយល់ព្រមអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ដែលមានរថក្រោះប្រភេទ Leopard 2អាចផ្ទេរទៅឲ្យកងទ័ពអ៊ុយក្រែន។
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ បានអំពាវនាវឲ្យប្រទេសទាំងពីរ គឺអាមេរិក និងអាល្លឺម៉ង ចូលរួមផ្គត់ផ្គង់សព្វាវុធឲ្យអ៊ុយក្រែនបន្ថែមទៀត។
លោកបាននិយាយថា «ចំពោះអាល្លឺម៉ង់៖ សូមបញ្ជូនរថក្រោះទៅអ៊ុយក្រែន ព្រោះគេត្រូវការណាស់។ ជាផ្តល់ផលប្រយោជន៍ដល់ជាតិផ្ទាល់ខ្លួនរបស់អ្នក នៅបេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ] ពូទីន (Vladimir Putin)ចាញ់សង្គ្រាមនៅអ៊ុយក្រែន។ ចំពោះរដ្ឋបាលលោក ចូ បាយដិន៖ សូមបញ្ជូនរថក្រោះអាមេរិក ដើម្បីឲ្យអ្នកផ្សេងទៀតធ្វើតាមការដឹកនាំរបស់យើង»។
ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់អំពីចំនួនដ៏ច្រើននៃបរិក្ខារកងទ័ព ដែលអ៊ុយក្រែនអាចទទួលបាន រួមមានទាំងរថពាសដែក រថក្រោះ កាំភ្លើងធំ និងការជួយហ្វឹកហ្វឺនទ្រង់ទ្រាយធំដល់ទាហានអ៊ុយក្រែន។
លោកឧត្តមសេនីយ ម៉ាក មីល្លី (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះយោធាអាមេរិក បាននិយាយថា «ខ្ញុំគិតថា វាអាចទៅរួចសម្រាប់អ៊ុយក្រែន ក្នុងការអនុវត្តយុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់ ឬអាចធ្វើប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ ដើម្បីរំដោះយកទឹកដីអ៊ុយក្រែន មកវិញ»៕