ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន បានជំរុញឲ្យមេប៉ូលិសកំពូលរាប់រយនាក់លាលែងពីតំណែង នៅពេលរដ្ឋាភិបាលកំពុងតែបោសសម្អាតមន្ត្រីពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។
ហ្វីលីពីនបាននឹងកំពុងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលចាប់ផ្តើមដោយអតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គូ ឌូធើរតេ (Rodrigo Duterte) និងអ្នកស្នងតំណែង គឺលោកប្រធានាធិបតី ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)។
កាលពីថ្ងៃពុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃហ្វីលីពីន លោក បេនចាមីន អាបាឡូស (Benjamin Abalos) បានទាមទារឲ្យវរសេនីយឯក និងឧត្តមសេនីយ៍ប៉ូលីសទាំងអស់ ប្រហែល៣០០នាក់ នៅក្នុងកងកម្លាំងប៉ូលីសសរុប២២៧ ០០០នាក់ គួរលាលែងពីតំណែងបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា មន្ត្រីមួយចំនួន មានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
លោក បេនចាមីន អាបាឡូស បានប្រាប់សន្និសីទសារព័ត៌មាន នៅទីស្នាក់ការប៉ូលិសជាតិក្នុងទីក្រុងម៉ានីលថា «ប្រសិនបើអ្នកមិនជាប់ពាក់ព័ន្ធទេ គ្មាគឺនអ្វីត្រូវព្រួយបារម្ភនោះទេ»។
លោកបានពណ៌នាថា នេះជាវិធានការច្បាស់លាស់ បន្ទាប់ពីការស៊ើបអង្កេតមុនៗទៅលើមន្ត្រីពុករលួយ បានចំណាយពេលយូរ និងទទួលបានលទ្ធផលតិចតួច។
ប្រធានផ្នែកព័ត៌មានសាធារណៈរបស់កងកម្លាំងប៉ូលីស បានប្រាប់អ្នកយកព័ត៌មានថា មន្រ្តីប៉ូលីសនឹងធ្វើតាមការសម្រេចចិត្តរបស់មេដឹកនាំ ពីព្រោះអ្វីៗទាំងអស់ គឺជាប្រយោជន៍ដល់អង្គភាពប៉ូលីស។
នេះមិនមែនជាលើកទីមួយទេ ដែលវិធានការដ៏តឹងរឹងបែបនេះ ត្រូវបានប្រើប្រាស់ ដើម្បីបោសសម្អាតកម្លាំងប៉ូលីសហ្វីលីពីន ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អតីតប្រធានាធិបតីប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស (Fidel Ramos) កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ បានបង្ក្រាបប៉ូលីសហ្វីលីពិន ដោយបានបញ្ជាឲ្យមន្ត្រីទាំងអស់ ដែលមានអាយុលើសពី៥៦ឆ្នាំ ឬមានតួនាទីលើសពី៣០ឆ្នាំ បង្ខំឲ្យលាលែងពីតំណែង។ ជាលទ្ធផល អគ្គស្នងការប៉ូលីសជាតិ និងមន្ត្រីជាន់ខ្ពស់ប្រាំបួនរូបទៀតបានលាលែងពីតំណែង។
សេចក្តីប្រកាសចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីការឆ្មក់ចាប់គ្រឿងញៀនជាទ្រង់ទ្រាយធំ កាលពីខែធ្នូ ដែលប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន និងភ្នាក់ងារសម្ងាត់របស់លោក ត្រូវបានចាប់ខ្លួន និងរឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន ជាច្រើនគីឡូក្រាម។
ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ អាជ្ញាធរហ្វីលីពីន បានរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ក្នុងតម្លៃទឹកប្រាក់១៧៩លានដុល្លារ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ មន្ត្រីប៉ូលីសហ្វីលីពីនបានសម្លាប់ឈ្មួញ និងអ្នកប្រើប្រាស់គ្រឿងញៀន រាប់ពាន់នាក់ ប៉ុន្តែបានទទួលរងការរិះគន់ថា អ្នកជាប់ពាក់ព័ន្ធមួយចំនួនជាអ្នកមានលុយ និងអ្នកមានអំណាចភាគច្រើន តែងតែរួចខ្លួនពីសំណាញ់ច្បាប់៕