វ៉ាស៊ីនតោន៖ អ្នកទោសខ្ទើយជាប់គុកនៅរដ្ឋ មីស៊ូរី ម្នាក់ ត្រូវបានគេកាត់ទោសប្រហារជីវិត កាលពីថ្ងៃអង្គារ ពីបទមនុស្សឃាតកាលពីឆ្នាំ២០០៣ ដែលគេចាត់ទុកថា ជាការប្រហារជីវិតអ្នកកែភេទលើកដំបូង នៅក្នុងសហរដ្ឋអាមេរិក។

បុរសកែភេទស្រី ឈ្មោះ អាមប៊ើ ម៉ាកឡាសលីន (Amber McLaughlin) អាយុ49ឆ្នាំ ត្រូវបានកាត់ទោសពីបទសម្លាប់អតីតមិត្តស្រីរបស់ខ្លួន រួចមកយកសាកសពទៅបោះចោល នៅជិតទន្លេមីស៊ីស៊ីពី ក្នុងរដ្ឋមីស៊ូរី។

ជោគវាសនារបស់ អាមប៊ើ ម៉ាកឡាសលីន បានអស់នៅត្រឹមព្រឹកថ្ងៃអង្គារ នៅពេលអភិបាលរដ្ឋ មីស៊ូរី បដិសេធសំណើសុំទុកជីវិត។

មុននឹងស្លាប់ អាមប៊ើ ម៉ាកឡាសលីន បាននិយាយជាមួយអ្នកប្រឹក្សាផ្នែកផ្លូវចិត្ត ក្រោយពេលត្រូវចាក់ថ្នាំសម្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ អាមប៊ើ ម៉ាកឡាសលីន បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ដោយបាននិយាយថា «ខ្ញុំសុំទោសចំពោះអ្វី ដែលខ្ញុំបានធ្វើ។  ខ្ញុំ​ជា​មនុស្ស​​ចេះ​ស្រឡាញ់​ និង​ចេះយក​ចិត្ត​ទុក​ដាក់អ្នកដទៃ»។

ទិន្នន័យនៅលើគេហទំព័រមជ្ឈមណ្ឌលព័ត៌មានអំពីទោសប្រហារជីវិតបានបង្ហាញថា មនុស្ស១ ៥៥៨នាក់ ត្រូវបានប្រហារជីវិត ចាប់តាំងពីទោសប្រហារជីវិតត្រូវបានអនុវត្តឡើងវិញ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។

ញត្តិទាមទារជាច្រើនបានលើកឡើងពីបញ្ហាកុមារភាព និងសុខភាពផ្លូវចិត្តរបស់ អាមប៊ើ ម៉ាកឡាសលីន ក្នុងអំឡុងពេលសវនាការកាត់ទោស។

យោងតាមកំណត់ហេតុរបស់នគរបាលអាមេរិក បានឲ្យដឹងថា នៅឆ្នាំ២០០៣ យូរមុនពេលផ្លាស់ប្តូរភេទពីបុរសទៅជាស្រី អាមប៊ើ ម៉ាកឡាសលីន ធ្លាប់មានទំនាក់ទំនងជាស្នហាជាមួយស្រ្តីជាជនរងគ្រោះ។  ប៉ុន្តែបន្ទាប់មក អ្នកទាំងពីរផ្តាច់ទំនាក់ទំនងនឹងគ្នា។

នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៣ អ្នកជិតខាងរបស់ស្ត្រីរងគ្រោះ បានហៅទូរស័ព្ទទៅប្រាប់បគរបាល ដោយសារមិនឃើញនាងត្រឡប់មកផ្ទះវិញ។  មន្ត្រី​នគរបាលបានស៊ើនអង្កើត​​ទៅ​ដល់​អគារ​ការិយាល័យធ្វើការរបស់នាង ហើយ​បាន​រក​ឃើញ​ដងកាំបិត​​ប្រឡាក់ឈាមមួយ​ នៅ​ក្បែរ​រថយន្ត​របស់​នាង ប៉ុន្តែរកសាកសពមិនឃើញឡើយ។

មួយថ្ងៃក្រោយមក អាមប៊ើ ម៉ាកឡាសលីន បាននាំនគរបាលទៅកាន់ទីតាំងមួយ នៅជិតទន្លេមីស៊ីស៊ីពី ជាកន្លែងបោះចោលសាកសព។  អាជ្ញាធរ​បាន​និយាយ​ថា ស្ត្រីរងគ្រាះ​ត្រូវ​គេ​ចាប់​រំលោភ និង​ចាក់​ជាច្រើន​កាំបិត។

នៅក្នុងឆ្នាំ២០០៦ អាមប៊ើ ម៉ាកឡាសលីន ត្រូវបានកាត់ទោសពីបទមនុស្សឃាត ហើយចៅក្រមបានកាត់ទោសប្រហារជីវិត។ 

នៅឆ្នាំ២០១៦ តុលាការបានចេញដីកាបង្គាប់ឲ្យបើសវនាការកាត់ទោសថ្មី ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះនៅសាលាឧទ្ធរណ៍សហព័ន្ធ បានដាក់ទោសប្រហារជីវិតឡើងវិញ នៅឆ្នាំ២០២១៕

By Ana

You missed