ប៉េកាំង៖ ប្រទេសចិនបានប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ លើអ្នកធ្វើដំណើរពីចេញប្រទេសចិន ដែលការដាក់កំហិតថ្មី បន្ទាប់ទីក្រុងប៉េកាំងបានបន្ធូរបន្ថយគោលនយោបាយសុខភាពរបស់ខ្លួន។
ពេលសួរអំពីវិធានការការពារជំងឺរាតត្បាត កូវីដ-១៩ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានកត់សម្គាល់ថា ខណៈពេលប្រទេសជាច្រើន បានឆ្លើយតបយ៉ាងសមរម្យ ចំពោះវិធានការការពារមេរោគកូវីដ-១៩ ដែលនៅពេលប្រទេសចិនបន្ធូរបន្ថយនោះ ប្រទេសផ្សេងទៀត បែរជាបញ្ចេញប្រតិកម្ម តាមរយៈការរឹតបន្តឹងហួសហេតុ និងមិនអាចទទួលយកបាន មកលើអ្នកធ្វើដំណើរចេញពីប្រទេសចិន។
លោកស្រីបានមានប្រសាសន៍ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងធ្វើការរួមគ្នា ដើម្បីយកឈ្នះលើមេរោគកូវីដ-១៩។ ទន្ទឹមនឹងនេះដែរ យើងមិនជឿថា វិធានការរឹតបន្តឹងការចូលប្រទេសមួយចំនួន បានធ្វើឡើងប្រឆាំងនឹងប្រទេសចិន គឺផ្អែកលើវិទ្យាសាស្ត្រនោះទេ។ យើងបដិសេធយ៉ាងដាច់អហង្កាចំពោះការប្រើប្រាស់វិធានការការពារមេរោគកូវីដ-១៩ ដើម្បីបម្រើគោលបំណងនយោបាយ ហើយយើងនឹងចាត់វិធានការសងសឹកទៅនឹងស្ថានភាពផ្សេងៗគ្នា ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក»។
កាលពីថ្ងៃអាទិត្យ ប្រទេសអូស្ត្រាលី គឺជាប្រទេសចុងក្រោយគេ ក្នុងការចាត់វិធានការថ្មីប្រឆាំងនឹងអ្នកធ្វើដំណើរចេញពីប្រទេសចិន ដោយតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក្ត នៅពេលមកដល់ក្នុងរយៈពេលរយៈម៉ោង មុនពេលអនុញ្ញាតឲ្យចូលក្នុងទឹកដីអូស្ត្រាលី ដោយគិតចាប់ពីថ្ងទី០៥ ខែមករា ឆ្នាំ២០២៣នេះ។
ចំណែកប្រទេសផ្សេងទៀត មានដូចជាសហរដ្ឋអាមេរិក អ៊ីតាលី បារាំង និងប្រទេសអង់គ្លេស បានចាត់វិធានការរឹតបន្តឹងស្រដៀងគ្នានេះដែរ ក្នុងប៉ុន្មានថ្ងៃថ្មីៗកន្លងនេះ ខណៈគណៈកម្មការសហភាពអឺរ៉ុប បាននិយាយថា ភាគច្រើនលើសលប់នៃប្រទេសសមាជិកទាំង២៧ របស់សហគមន៍អឺរ៉ុបចង់ធ្វើតាមដេរ។
ក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) បានទទូចថា មិនមានហេតុផលសម្រាប់ចិនសងសឹកឡើយ ហើយប្រទេសផ្សេងៗទៀត គ្រាន់តែចាត់វិធានការការពារសុខភាពដោយប្រុងប្រយ័ត្ន ដើម្បីការពារពលរដ្ឋរបស់ខ្លួន គឺផ្អែកលើវិធានសុខភាពសាធារណៈ និងបែបវិទ្យាសាស្ត្រ។
រដ្ឋាភិបាលចិន មិនបានបញ្ជាក់ពីរបៀបដែលខ្លួនអាចសងសឹកចំពោះវិធានការរឹតបន្តឹងថ្មី និងមិនទាន់បានប្រកាសពីវិធានថ្មី ស្តីពីការធ្វើដំណើរនៅឡើយទេ ប៉ុន្តែកាលពីពេលកន្លងមកបានចោទប្រកាន់ប្រទេសលោកខាងលិចថា បានព្យាយាមបំផ្លាញការខិតខំប្រឹងប្រែងរបស់ចិន ដើម្បីគ្រប់គ្រងមេរោគកូវីដឥ១៩ អស់រយៈពេលបីឆ្នាំ និងវាយប្រហារមកលើប្រព័ន្ធការពារសុខភាពរបស់ប្រទេសចិន»។
បន្ទាប់ពីការបិទប្រទេសជាច្រើនដង និងបន្ទាប់អនុវត្តគោលនយោបាយសូន្យកូវិដ ទីក្រុងប៉េកាំងបានបន្ធូរបន្ថយការរឹតបន្តឹងវិធានការការពារជំងឺរាតត្បាត កាលពីខែមុន និងបានបើកប្រទេសឡើងវិញ ដោយអនុញ្ញាតឲ្យមានការធ្វើដំណើរចេញចូលប្រទេសចិន ដូចធម្មតាឡើងវិញផងដែរ៕