ព្រុចសែល៖ ប្រធានសភាសហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីដកអភ័យឯកសិទ្ធិសមាជិកសភាពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។
ប្រធានសភា លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) បាននិយាយថា លោកស្រីបានចាត់វិធានការនេះ បន្ទាប់ពីមានការស្នើសុំពីនគរបាលប្រទេសបែលហ្ស៊ិក។
ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី មិនបានបញ្ចេញឈ្មោះសមាជិកសភា ដែលសង្ស័យមានជាប់ពាក់ព័ន្ធឡើយ។
រឿងអាស្រូវពុករលួយនេះ បានផ្ទុះឡើងកាលពីខែមុន បន្ទាប់ពីសមាជិកសភាម្នាក់ និងបីនាក់ផ្សេងទៀត ត្រូវបាននគរបាលប្រទេសបែលហ្សិកចាប់ខ្លួន ពីបទចោទបទពុករលួយ និងបទលាងលុយកខ្វក់។
ខណៈពេលអាជ្ញាធរមិនបានបញ្ចេញឈ្មោះប្រទេស នៅពីក្រោយបណ្តាញសូកប៉ាន់នេះ ប្រភពជាច្រើននៅក្នុងសហភាពអឺរ៉ុប បានចោទប្រកាន់ប្រទេសកាតាថា បានរៀបចំសកម្មភាពនេះ។
ប៉ុន្តែរដ្ឋាភិបាលប្រទេសកាតា បានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់ខាងលើ ដោយលើកឡើងថា ជារឿងអយុត្តិធម៌ និងជាការផ្តល់ព័ត៌មានខុសយ៉ាងធ្ងន់ធ្ងរ។
លោកស្រី រ៉ូប៊ើតា ម៉េតសូឡា ដែលធ្លាប់បាននិយាយអំពីរឿងអាស្រូវថា សង្គមប្រជាធិបតេយ្យស្អាតស្អំ និងសេរី នៅទ្វីបអឺរ៉ុប កំពុងតែរងការវាយប្រហារ ដូច្នេះ ឥឡូវនេះ លោកស្រីនឹងចាប់ផ្តើមនីតិវិធីជាបន្ទាន់មួយ ដើម្បីដកអភ័យឯកសិទ្ធិសភាពីសមាជិកទាំងពីរនាក់ តាមសំណើរបស់នគរបាលប្រទេសបែលហ្សិក។
ប្រភពរម្ចាស់ការណ៍ជាច្រើននៅក្នុងសហភាពអឺរ៉ុប បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា មន្រ្តីនគរបាលបែលហ្សិក បានទាក់ទងជាមួយការិយាល័យរបស់លោកស្រី កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បី។
សំណើនេះត្រូវដាក់ជូនអង្គសភាសហភាពអឺរ៉ុបទាំងមូល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មុននឹងបញ្ជូនទៅគណៈកម្មាធិការកិច្ចការច្បាប់របស់សភាសហភាពអឺរ៉ុប។ បន្ទាប់មក របាយការណ៍ស្តីពីការចោទប្រកាន់នឹងត្រូវបានរៀបចំ មុនពេលបោះឆ្នោតនៅក្នុងអង្គជំនុំជម្រះទាំងមូល ស្តីពីការដកអភ័យឯកសិទ្ធិរបស់សមាជិកសភា។
សមាជិកសភាសហភាពអឺរ៉ុបទាំងអស់មានអភ័យឯកសិទ្ធិ ដែលកំណត់ដោយច្បាប់ ដូច្នេះមានន័យថា ពួកគេអាចបំពេញតួនាទីរបស់ពួកគេ តាមរយៈការបញ្ចេញមតិ និងការបោះឆ្នោតដោយសេរី ដោយមិនខ្លាចការចាប់ខ្លួន ឬការសងសឹកផ្នែកនយោបាយឡើយ។
ប៉ុន្តែសភាអាចបោះឆ្នោតដកអភ័យឯកសិទ្ធិបាន បន្ទាប់ពីដំណើរការនីតិវិធីជាសម្ងាត់ ដែលដំណើរការនេះអនុញ្ញាតសមាជិកសភា ដែលត្រូវបានចោទប្រកាន់ អាចបង្ហាញភស្តុតាង និងបកស្រាយការពារខ្លួន។
អ្នកនាំពាក្យសភាអឺរ៉ុប លោកស្រី យ៉ាស្មីណា យ៉ាគីម៉ូវ៉ា (Yasmina Yakimova) បាននិយាយ កាលពីសប្តាហ៍មុនថា គោលបំណងនៃអភ័យឯកសិទ្ធិ គឺដើម្បីធានាថា សភាអាចដំណើរការបាន ប៉ុន្តែបានសង្កត់ធ្ងន់ថា អភ័យឯកសិទ្ធិមិនមែនជាអ្វី ដែលអនុញ្ញាតឲ្យសមាជិកសភាពអាចប្រព្រឹត្តអំពើបំពានច្បាប់ ដោយងាយស្រួលនោះទេ។
អនុប្រធានសភាម្នាក់ ឈ្មោះ អ៊ីវ៉ា កៃលី (Eva Kaili) អាយុ៤៤ឆ្នាំ ជាជនជាតិក្រិក គឺជាជនសង្ស័យចម្បងគេ ដែលត្រូវបានចាប់កាលពីខែមុន ពីបទទទួលប្រាក់សំណូកពីប្រទេសកាតា។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី អ៊ីវ៉ា កៃលី បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីច្បាប់ រហូតត្រូវដកហូតអភ័យ ឯកសិទ្ធិឡើយ ទោះបីលោកស្រីត្រូវបានគេចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងក៏ដោយ ដែលនគរបាលប្រទេស បែលហ្សិក បានរកឃើញប្រាក់ដ៏ច្រើនជារបស់លោកស្រី។
មេធាវីរបស់លោកស្រីបានច្រានចោលការចោទប្រកាន់ថា លោកស្រីបានទទួលយកសំណូក ទោះបីមានរបាយការណ៍ថា ទឹកប្រាក់ចំនួន១៥០០ ០០០អឺរ៉ូ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកស្រី ស្ថិតនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
ប្រភពច្បាស់ការណ៍បាននិយាយថា ទឹកប្រាក់ចំនួន៦០០ ០០០អឺរ៉ូផ្សេងទៀត ត្រូវបានគេរកឃើញនៅផ្ទះរបស់ស្រី និងទឹកប្រាក់ចំនួន៧៥០ ០០០អឺរ៉ូ ត្រូវបានរកឃើញក្នុងវ៉ាលី រក្សាទុកនៅក្នុងបន្ទប់សណ្ឋាគារ នាទីក្រុងព្រុចសែល។
លោកស្រី អីវ៉ា កៃលី កំពុងតែជាប់បណ្តោះអាសន្ន រួមជាមួយនឹងប្រុសស្នេហ៍របស់លោកស្រី គឺលោក ហ្វ្រានស៊ីស្កូ ចចជី (Francesco Giorgi) និងអតីតសមាជិកសភាសហភាពអឺរ៉ុប ជនជាតិអ៊ីតាលី ឈ្មោះ ព្យែរ អង់តូនីញ៉ូ ប៉ង់ហ្សេរ៉ី (Pier Antonio Panzeri)។
នៅក្នុងសវនាការ កាលពីខែមុន បានទម្លាយឲ្យដឹងថា ភ្នាក់ងារសម្ងាត់របស់បែលហ្ស៊ិក បាន ស៊ើបអង្កេត អំពើពុករលួយនេះ អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត៕