មូស្គូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក សើគី សយគូ (Sergey Shoigu) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបម៉ូដែលថ្មី ដែលត្រូវបានសាកល្បងដោយជោគជ័យរួចហើយ ហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីដើមឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី ក្រោមអធិបតីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីម្សិលមិញ ដោយអះអាងថា មីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត (Sarmat) ដែលរក្សាទុកលើឃ្លាំងស៊ីឡូថ្មីដំបូងបង្អស់របស់រុស្ស៊ី នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។

លោក សើគី សយគូ បាននិយាយថា «ការបាញ់បង្ហោះសាកល្បងដោយជោគជ័យនៃប្រព័ន្ធមីស៊ីល សាម៉ាត ធុនធ្ងន់ថ្មី អំឡុងពេលធ្វើតេស្តសាកល្បងផ្លូវការ ត្រូវបានទទួលស្គាល់ថា អាចចាប់ផ្តើមដាក់ពង្រាយបានហើយ»។

លោករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា សរុបសេចក្តីមក មីស៊ីលយុទ្ធសាស្ត្រថ្មី ចំនួន២២គ្រឿង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត ដែលដាក់ត្រៀមលើស៊ីឡូសុវត្ថិភាព ក៏ដូចជាមីស៊ីលឈ្មោះ អាវ៉ានហ្គាដ (Avangard) និងមីស៊ីលឈ្មោះ យ៉ាស (Yars) ក៏ត្រូវបានសម្រេចឲ្យដាក់ពង្រាយទៅកាន់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ របស់ប្រទេសរុស្ស៊ី  នៅឆ្នាំ២០២៣ដែរ។

លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនឹងបន្តធ្វើឲ្យប្រសើរឡើងថែមនូវសមត្ថភាពរបស់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ របស់ប្រទេសរុស្ស៊ី ដោយលោកបន្ថែមថា «ចំណែកប្រភេទអាវុធទំនើបនៅក្នុងកងកម្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី មានលើសពី៩១ភាគរយនៅឆ្នាំ២០២២នេះ»។

លោកប្រធានាធិបតី បាននិយាយទៀតថា «យើងនឹងបន្តរក្សា និងកែលម្អ ការត្រៀមខ្លួនប្រយុទ្ធនៃអាវុធនុយក្លេអ៊ែររបស់យើង។  នេះគឺជាការធានាដ៏សំខាន់សម្រាប់ការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង យុទ្ធសាស្ត្រយកប្រៀប និងតុល្យភាពអំណាចទូទៅ នៅក្នុងពិភពលោក»។

មីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ ដែលប្រើហ្គាស ត្រូវបានសាកល្បងដោយជោគជ័យជាលើកដំបូង កាលពីខែមេសា ឆ្នាំ២០២២។  ប្រព័ន្ធអាវុធមីស៊ីលថ្មីនេះ ត្រូវបានប្រើជំនួសមីស៊ីលម៉ូដែលចាស់ឈ្មោះ R-36M2 Voevoda ដាក់ត្រៀមលើស៊ីឡូចាស់ ដែលជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។

ថ្លែងប្រាប់កាសែតផ្លូវការរបស់យោធារុស្ស៊ី ប្រធានកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ របស់ប្រទេសរុស្ស៊ី លោកឧត្តមសេនីយ សើគី ការ៉ាកេវ (Sergey Karakaev) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបថ្មីនេះ មានសមត្ថភាពខ្លាំងជាងមីស៊ីលផ្លោងអន្តរទ្វីបជំនាន់មុន។

លោកបានប្រាប់កាសែតដដែលនេះ កាលសប្តាហ៍មុនថា «ប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត មានសមត្ថភាពខ្លាំងណាស់ សម្រាប់ដាក់ពង្រាយតាមគ្រប់គោលដៅប្រយុទ្ធ ហើយប់ផ្អែកលើគោលការណ៍ គឺអាចធានាការជ្រៀតចូលនៃប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលផ្លោង (ABM) ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។

ការប្រកាសឲ្យដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មី ដែលមានសមត្ថភាពផ្តុកក្បាលគ្រាប់នុយក្លេអ៊ែរ គឺធ្វើឡើងតែក្នុងប៉ុន្មានថ្ងៃ មុនសហរដ្ឋអាមេរិកប្រកាសផ្តល់ប្រព័ន្ធខែលការពារមីស៊ីលឈ្មោះ ផែតទ្រាត (Patriot) ឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការផ្លោងមីស៊ីពីរុស្ស៊ី សំដៅទីតាំងផលិតថាមពលអគ្គិសនី នៅទូទាំងប្រទេសអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចជាសម្ងាត់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodimyr Zelensky) ទៅកាន់សហរដ្ឋ​អាម៉េរិក​ ​កាលពី​ថ្ងៃ​ទី​២២ ​ខែធ្នូ ឆ្នាំ២០០២នេះ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden)​ បានសម្រេច​ផ្តល់​ឲ្យអ៊ុយ​ក្រែន​នូវ​ប្រព័ន្ធខែល​ការពារ​ដែ​ន​អាកាស​កម្រិត​ខ្ពស់​ ផែតទ្រាត ដើម្បី​ជួយ​​ទប់ទល់​នឹង​ការវាយប្រហារ​តាម​អាកាស​ដោយ​ឥតឈប់ឈរ​របស់​រដ្ឋាភិបាលទី​ក្រុង​មូ​ស្គូ​។​

​ប្រព័ន្ធខែលការពារដែនអាកាស​នេះ ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់ជំនួយ​ផ្នែក​យោធាដល់អ៊ុយក្រែន ដែលគិតជាទឹកប្រាក់សរុបចំនួន១,៨៥ពាន់​លាន​ដុល្លារ​៕

 

By Ana

You missed