មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃនេះ ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខជាមួយអំណាចយោធាស្ទើរតែទាំងអស់ របស់អង្គការណាតូ នៅក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីរុស្ស៊ី ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីអ្វី ដែលនាំឲ្យមានជម្លោះនាពេលបច្ចុប្បន្នជាមួយអ៊ុយក្រែន ហើយបានកត់សម្គាល់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីបែបនេះ នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់មេទ័ពសំខាន់ៗរបស់រុស្ស៊ី អំពី ចំណុចសំខាន់នាំឲ្យមានសង្គ្រាម ដូចជាការប្រឈមមុខជាមួយលោកខាងលិច ទើបរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលលោកចាត់ទុកថា ជាប្រទេសបងប្អូន។
លោកបាននិយាយថា «គូប្រជែងជាយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ តែងតែព្យាយាមកាត់បន្ថយ និងបំបែករុស្ស៊ី ពីព្រោះពួកគេជឿថា ប្រទេសនេះធំពេក និងបង្កការគំរាមកំហែងដល់លោកខាងលិច»។
លោកបានកត់សម្គាល់ថា នេះជាអ្វី ដែលលោកខាងលិច ព្យាយាមឲ្យសម្រេចបំណងរបស់ខ្លួនជាច្រើនសតវត្សមកហើយ។ ផ្ទុយទៅវិញ ប្រទេសរុស្ស៊ី តែងតែមានសង្ឃឹម និងព្យាយាមសម្របសម្រួលខ្លួនឯងឲ្យក្លាយជាផ្នែកមួយនៃអ្វីដែលគេហៅថា ពិភពអរិយធម៌ស៊ីវិល័យ ប៉ុន្តែប្រទេសលោកខាងលិចមិនស្វាគមន៍រុស្ស៊ីឡើយ។
ចំណែកទំនាក់ជាមួយប្រទេសអ៊ុនក្រែន នាពេលកន្លងមក លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយរំឭកថា រុស្ស៊ីបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនអាចធ្វើទៅបាន ដើម្បីកសាងមិនត្រឹមតែសម្រាប់ប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែចង់បានទំនាក់ទំនងជាបងប្អូនជាមួយអ៊ុយក្រែន។ ផ្ទុយទៅវិញ ការប្រឹងប្រែងរបស់រុស្ស៊ី គ្មានប្រសិទ្ធភាពនោះទេ។
លោកបាននិយាយដូច្នេះថា «យើងតែងតែចាត់ទុកប្រជាជនអ៊ុយក្រែនជាបងប្អូននឹងគ្នា ហើយខ្ញុំនៅតែជឿដូច្នេះ។ ប៉ុន្តែអ្វីៗកំពុងកើតឡើងនាពេលនេះ គឺជាសោកនាដកម្ម។ សោកនាដកម្មរួមរបស់យើង។ វាមិនមែនជាលទ្ធផលនៃគោលនយោបាយរបស់យើងនោះទេ»។
លោកបានបន្ថែមថា គូប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីសម្រេចគោលដៅរបស់ពួកគេ រួមទាំងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អតីតសាធារណរដ្ឋសូវៀត ជាពិសេសអ៊ុយក្រែន ដែលនៅទីបំផុតនាំឲ្យមានជម្លោះ។ ដូច្នេះវាបានក្លាយទៅជារឿងជៀសមិនរួច។
លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា បច្ចុប្បន្នសម្ពន្ធមិត្តអង្គការណាតូកំពុងតែប្រើគ្រប់សក្តានុពលយោធារបស់រដ្ឋសមាជិកស្ទើរតែទាំងអស់ទៅហើយ ដើម្បីប្រឆាំងនឹងរុស្ស៊ី។
ដោយឆ្លងកាត់បទពិសោធបរាជ័យជាច្រើនជាមួយណាតូ លោកបានកត់សម្គាល់ថា រុស្ស៊ីបានរៀនសូត្រច្រើនពីកំហុសរបស់ខ្លួន កាលពីអតីតកាល ហើយកាលនោះអាចមិនបង្កគ្រោះថ្នាក់ប្រទេសរុស្ស៊ី នោះទេប្រសិនយកយោធាធំជាងរបស់ប្រទេសជាតិ
លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសដោយសង្កត់ធ្ងន់ថា កម្រិតនៃការអភិវឌ្ឍន៍ជឿនលឿននាពេលបច្ចុប្បន្នរបស់រុស្ស៊ី គឺមិនតម្រូវឲ្យមានវិធានការបែបនេះទេថា ដោយលោកនិយាយថា «យើងនឹងមិនយកយោធាធំប្រទេស ហើយយើងក៏នឹងមិនយកយោធាធំជាសេដ្ឋកិច្ចជាតិនោះដែរ»។
លោកបាននិយាយក្រើនរំឭកថា មេដឹកនាំយោធារុស្ស៊ី មានភារកិច្ចសិក្សាពីយុទ្ធសាស្ត្រ និងសមត្ថភាពរបស់អង្គការណាតូ ហើយត្រូវចេះពិចារណាវិភាគព័ត៌មាន នៅក្នុងពេលហ្វឹកហ្វឺន និងបំពាក់ឧបករណ៍ឲ្យបានគ្រប់គ្រន់ដល់កងកម្លាំងរុស្ស៊ី។
ចំណែកពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរវិញ លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាពរបស់ខ្លួន។ សព្វាវុធថ្មីៗ នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ហើយបន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពការពារជាតិរបស់ខ្លួន។
លោកប្រធានាធិបតីរុស្ស៊ី បាននិយាយទៀតថា ប្រទេសរុស្ស៊ីនឹងបន្តរក្សា និងកែលម្អប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលរួមមានមីស៊ីលបាញ់ចេញពីយន្តហោះ បាញចេញពីនាវាមុជទឹក និងមីស៊ីលបាញ់ចល័យចេញ រួមទាំងមីស៊ីលបាញ់ចេញពីឃ្លាំងរក្សាទុក។
នៅក្នុងសុន្ទរកថាដដែលនេះដែរ លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតសមត្ថភាពប្រើដ្រូននៅក្នុងជួរកងទ័ពរុស្ស៊ី និងត្រូវរៀនពីបទពិសោធន៍របស់រុស្ស៊ី ក្នុងការអភិវឌ្ឍដ្រូនក្រោមទឹក ដែលលោកបាននិយាយថា ត្រូវកែលម្អឡើងវិញ ទាំងដ្រូនបង្ហោះក្នុងទឹក និងដ្រូនបង្ហោះលើដីគោកឲ្យមានសមត្ថភាពខ្ពស់ថែមទៀត។
លោកបានស្នើឲ្យធ្វើទំនើបកម្មប្រព័ន្ធទំនាក់ទំនង និងបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅគ្រប់កម្រិតនៃមេដឹកនាំរុស្ស៊ី ដោយលោកកត់សម្គាល់ថា ប្រព័ន្ធដែលមានល្បឿនលឿន និងស្វ័យប្រវត្តិ បានបង្ហាញថា មានប្រសិទ្ធភាពបំផុតនៅលើសមរភូមិ។
លោកប្រធានាធិបតីរុស្ស៊ី ក៏បានអនុម័តលើការផ្លាស់ប្តូររចនាសម្ព័ន្ធមួយចំនួន ដែលស្នើឡើងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សើគី សយគូ (Sergey Shoigu) ដើម្បីឆ្លើយតបទៅនឹងអង្គការណាតូ ដែលបានពង្រឹងកងកម្លាំងរបស់ខ្លួននៅតាមព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងអាចកងទ័ពណាតូ នៅក្នុងប្រទេសសមាជិកចូលថ្មី គឺហ្វាំងឡង់ និងស៊ុយអែត៕