វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ថា សហរដ្ឋអាមេរិកនឹងនៅជាប់ជាមួយអ៊ុយក្រែន ទោះបីសង្រ្គាមជាមួយរុស្ស៊ី ប្រើពេលយូរយ៉ាងណាក៏ដោយ។

លោកបាន​បញ្ជាក់​ពី​កញ្ចប់​ថវិកា​ថ្មីថែមទៀត​ចំនួន​ជាង២ពាន់​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​អ៊ុយក្រែន និង​បាន​សន្យា​ជួយចំនួន៤៥ពាន់​លាន​ដុល្លារ​ទៀត នៅពេលខាងមុខ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃពុធ លោក ចូ បាយដិន បានប្រាប់អ្នកយកព័ត៌មានថា លោកមិនមានការព្រួយបារម្ភអ្វីទាំងអស់ អំពីការរក្សាសម្ព័ន្ធមិត្តអន្តរជាតិឲ្យនៅជាមួយគ្នា។

ការលើកឡើងរបស់លោកបែបនេះ គឺនៅចំពេលមានការព្រួយបារម្ភថា សម្ព័ន្ធមិត្តមួយចំនួនអាចមានអារម្មណ៍ពិបាកចិត្តក្នុងការចំណាយលើសលប់សម្រាប់សង្គ្រាមអ៊ុយក្រែន និងការខកខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលសកល។

លោក ចូ បាយដិន បាន​និយាយទៀត​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គ្មាន​ចិត្តចង់បញ្ចប់​សង្រ្គាម​ដ៏​សាហាវ​នេះ​ទេ។

ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក បានសន្យារួចហើយនូវជំនួយផ្នែកមនុស្សធម៌  ជំនួយហិរញ្ញវត្ថុ និងសម្រាប់សន្តិសុខ មានទឹកប្រាក់សរុបចំនួន៥០ពាន់លានដុល្លារ ដែលជាចំនួនទឹកប្រាក់ច្រើនជាងប្រទេសណាទាំងអស់។

ចំណែក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានសម្តែងក្តីសង្ឃឹមថា សភាអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន៤៥ពាន់លានដុល្លារថែមទៀត ដល់អ៊ុយក្រែន ដើម្បីជួយការពារតម្លៃអ៊ុយក្រែន តម្លៃប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់អ៊ុយក្រែន។

រីឯសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលនឹងចូលកាន់កាប់សភាតំណាងរាស្រ្ត ក្នុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ បាននិយាយថា សមាជិកសភាអាមេរិកនឹងមិនសរសេរសែកស្អុយឲ្យអ៊ុយក្រែនឡើយ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ដែលបានធ្វើដំណើរតាមយន្តហោះរបស់កងទ័ពអាកាសអាមេរិក ចេញពីប្រទេសប៉ូឡូញ បាននិយាយថា លោកមិនខ្វល់ពីការផ្លាស់ប្តូរនៅក្នុងសភាអាមេរិកទេ ដោយលោកជឿថា អាមេរិកនឹងបន្តគាំទ្របែបទ្វេភាគីដល់ប្រទេសអ៊ុយក្រែន។

បន្ទាប់ពីចប់កិច្ចប្រជុំនៅសេតវិមាន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរបស់សភា អាមេរិក ដើម្បីស្វែងរកការគាំទ្រពីសមាជិកសភា។

លោកបាននិយាយប្រាប់សមាជិកសភាអាមេរិកថា ប្រទេសរបស់លោកនៅតែតស៊ូប្រឆាំងគ្រប់ស្ថានភាពទាំងអស់ ហើយលោកបានព្យាករណ៍ថា ជម្លោះក្នុងសង្គ្រាមនឹងបានការប្រែព្រួល នៅឆ្នាំ២០២៣។

លោកបាននិយាយ​ប្តេជ្ញាចិត្ត នៅចំពោះសមាជិកសភាអាមេរិក​ថា អ៊ុយក្រែន​នឹង​មិន​ចុះចាញ់សង្គ្រាមឡើយ ប៉ុន្តែប្រទេសរបស់លោកត្រូវ​ការ​អាវុធ​បន្ថែម​ទៀត។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ​បាន​បញ្ជាក់បន្ថែម​ថា​ «​ដើម្បី​ឲ្យ​កងទ័ព​រុស្ស៊ី​ដក​ចេញ​ទាំង​ស្រុង យើងត្រូវការកាំភ្លើងផ្លោង ​និង​គ្រាប់​ផ្លោង​ច្រើន​ទៀត​​»។

កញ្ចប់ជំនួយថវិកាសម្រាប់សន្តិសុខជាតិ ដែលប្រកាសដោយក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ រួមមានប្រព័ន្ធមីស៊ីល ការពារដែនអាកាសប្រភេទថ្មី ដែលត្រូវបានគេរំពឹងថា នឹងជួយអ៊ុយក្រែនអាចការពារទីក្រុងរបស់ខ្លួនរួចផុតពីគ្រាប់ពីមីស៊ីល និងដ្រូន ដែលរុស្ស៊ីបានបាញ់ដាក់នៅទីតាំងសំខាន់ៗ នាពេលកន្លងមកថ្មីៗនេះ។

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយទៀតថា «តើនឹងមានអ្វីកើតឡើងបន្ទាប់ពីមីស៊ីលការពារដែនអាកាសបានពីអាមេរិក ត្រូវបានដំឡើងរួចរាល់នៅក្នុងទឹកដីអ៊ុយក្រែន? ពេលនោះ ខ្ញុំនឹងបញ្ជូនសញ្ញាមួយផ្សេងទៀត ទៅជម្រាបលោកប្រធានាធិបតី ចូ បាយដិន ថា យើងចង់បានមីស៊ីលបន្ថែមទៀត»។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយព្រមានថា ការបញ្ជូនប្រព័ន្ធកាំជ្រួចការពារដែនអាកាសកម្រិតខ្ពស់ពីអាមេរិកទៅឲ្យអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ជាជំហានបង្កហេតុដោយផ្ទាល់ជាមួយរុស្ស៊ី។

កាលពីព្រឹកថ្ងៃពុធ លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា លោកជឿថា ប្រទេសរបស់លោកមិនត្រូវគេស្តីបន្ទោសចំពោះសង្គ្រាមនៅអ៊ុយក្រែននោះទេ ដោយលោកចាត់ទុកថា ប្រទេសទាំងពីរកំពុងជួបសោកនាដកម្មដូចគ្នា។

សូមរំឭកថា ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចារកម្មយោធាអាមេរិក បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ទាហានរុស្ស៊ីប្រមាណមួយសែននាក់ និងទាហានអ៊ុយក្រែនប្រមាណមួយសែននាក់ដែរ បានស្លាប់ ឬរងរបួស ចំណែកជនស៊ីវិលប្រហែលបួនម៉ឺននាក់បានស្លាប់។

អង្គការសហប្រជាជាតិ បានកត់ត្រាប្រជាជនប្រមាណ៧.៨លាននាក់ ជាជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ទ្វីបអឺរ៉ុប រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយតួលេខនេះមិនរាប់បញ្ចូលអ្នកត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ប៉ុន្តែរត់គេចខ្លួនក្នុងប្រទេសអ៊ុយក្រែន៕

By Ana

You missed