កាប៊ុល៖ ក្រសួងឧត្តមសិក្សា ដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា និស្សិតស្រីនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យរបស់ប្រទេសនេះឡើយ។
អ្នកនាំពាក្យរបស់ក្រសួងឧត្តមសិក្សា កាលពីថ្ងៃអង្គារ បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។
ក្នុងលិខិតផ្ញើទៅកាន់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ និងឯកជន ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោកស្រី ណេដា ម៉ូហាម៉ាដ ណាឌីម (Neda Mohammad Nadeem) បាននិយាយថា «អ្នកទាំងអស់គ្នាត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះជាបន្ទាន់ ឲ្យស្របតាមបទបញ្ជាលើកឡើងអំពីការផ្អាកការសិក្សារបស់ស្ត្រីរហូតដល់មានការជូនដំណឹងបន្ថែម»។
សហរដ្ឋអាមេរិក និងអង់គ្លេស បានរិះគន់បម្រាមនេះ ដែលក្រុមតាលីបង់និយាយថា ដើម្បីរក្សាផលប្រយោជន៍ជាតិ និងកិត្តិយសរបស់ស្ត្រីអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វេន ឌូចារិច (Stephane Dujarric) បានពណ៌នាចំណាត់ការនេះថា ជាការបញ្ហាសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។
លោកបានមានប្រសាសន៍ថា «យើងបានឃើញចាប់តាំងពីការចូលកាន់តំណែង។ ការកាត់បន្ថយកន្លែងសម្រាប់ស្ត្រី មិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែរហូតនៅតាមទីសាធារណៈ។ វាជាស្ថានភាពដ៏លំបាកមួយទៀត ហើយវាជាការលំបាកក្នុងការស្រមៃថា តើប្រទេសមួយអាចអភិវឌ្ឍបានដោយរបៀបណា អាចដោះស្រាយរាល់បញ្ហាប្រឈមដោយរបៀបណា ដោយគ្មានការចូលរួមយ៉ាងសកម្មពីស្ត្រី និងការអប់រំរបស់ស្ត្រី»។
ការប្រកាសនេះ បានធ្វើឡើងខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កស្តីពីបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិក និងអង់គ្លេស បានថ្កោលទោសចំពោះទង្វើបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា «ពួកតាលីបង់មិនអាចរំពឹងថា នឹងក្លាយជាសមាជិកស្របច្បាប់នៃសហគមន៍អន្តរជាតិបានទេ រហូតទាល់តែពួកគេគោរពសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ជាពិសេសគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានរបស់ស្ត្រី និងកុមារី»។
ក្រុមតាលីបង់ បានការពារការសម្រេចចិត្តរបស់ខ្លួន ដោយនិយាយថា ការរឹតបន្តឹងបែបនេះត្រូវបានធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ និងកិត្តិយសរបស់ស្ត្រី៕