វ៉ាស៊ីនតោន៖ ស្ថាបនិកនៃការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ FTX ដែលទើបតែដួលរលំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កោះបាហាម៉ាស ក្បែរសហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
ប៉ូលីសបាននិយាយថា លោក សែម បែងម៉ែន ហ្រ្វាយ (Sam Bankman-Fried) អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រឆាំងនឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសបាហាម៉ាស។
កាលពីខែមុន ក្រុមហ៊ុន FTX បានដាក់ពាក្យប្រកាសក្ស័យធន នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើន មិនអាចដកប្រាក់របស់ខ្លួនវិញបាន។
យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន FTX បានជំពាក់ម្ចាស់បំណុលគេធំបំផុត ជាទឹកប្រាក់ចុនូនជាងបៅពាន់លានដុល្លារ ក្នុងមុខរបរដូរប្រាក់គ្រីបតូ។
ក្នុងចំណោមការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត លោក សែម បែងម៉ែនហ្រ្វាយ បានប្រមូលប្រាក់ពីអតិថិជន រាប់ពាន់លានដុល្លារ ដើម្បីចូលរួមវិនិយោគជាមួយលោក។។
នៅមិនច្បាស់ទេថា តើមនុស្សប៉ុន្មាននាក់ ដែលបានដាក់លិតវិនិយោគ នៅក្នុងការផ្លាស់ប្តូរប្រាក់គ្រីបតូ ហើយមិនអាចដកលិយបានវិញនោះទេ។
រូបភាពរកស៊ីរបស់ក្រុមហ៊ុន FTX គឺឲ្យអតិថិជនធ្វើពាណិជ្ជកម្ម យកប្រាក់ធម្មតាមកទិញរូបិយប័ណ្ណគ្រីបតូ ដូចការជួញដូរប្រាក់ ប៊ីតខញដែរ (Bitcoin)។
Cryptocurrencies មិនមែនជារូបិយប័ណ្ណធម្មតានោះទេ ប៉ុន្តែត្រូវបានរក្សាទុកតាមប្រព័ន្ធអ៊ីនធឺណិត ហើហើប្រើដូចមូលបត្រ ដែលច្រើនតែមានកម្រិតប្រែប្រួលខ្លាំង។
លុយនេះត្រូវគេប្រើសម្រាប់សកម្មភាពឧក្រិដ្ឋកម្មនានា ដូចជាការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ ប៉ុន្តែអ្នកគាំទ្រ បាននិយាយថា លុយនេះមានសក្តានុពលណាស់ សម្រាប់ការច្នៃប្រឌិត និងរួចខ្លួនពីការតាមដានរបស់រដ្ឋាភិបាល។
លោក សែម បែងម៉ែន ហ្រ្វាយ ធ្លាប់ត្រូវបានគេមើលឃើញថា ជាអ្នកវ័យក្មេងជំនាន់ក្រោយនៃវិនិយោគិនអាមេរិក ដែលកាលពីចុងខែតុលា ឆ្នាំ ២០២២ មានទ្រព្យសម្បត្តិសរុបប្រមាណជាង១៥ពាន់លានដុល្លារ។
លោកត្រូវបានគេស្គាល់យ៉ាងច្បាស់នៅ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ជាអ្នកផ្តល់ជំនួយផ្នែកនយោបាយ ដែលភាគច្រើនសម្រាប់អ្នកនយោបាយ ឬក្រុមប្រជាធិបតេយ្យ។
រដ្ឋអាជ្ញានៅកោះ បាហាម៉ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក សែម បែងម៉ែន ហ្រ្វាយ នឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ដើម្បីអនុវត្តតាមច្បាប់មុននឹងធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក។
មន្ត្រីគណៈកម្មការមូលបត្រអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមសរសើរដៃគូអនុវត្តច្បាប់របស់យើង ដែលបានចាប់ខ្លួនលោក សែម បែងម៉ែន ហ្វ្រាយ នៅទីក្រុង បាហាម៉ាស ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ»។
លោកបានបន្ថែមថា គណៈកម្មការមូលបត្របានអនុញ្ញាតឱ្យមានការចោទប្រកាន់ដាច់ដោយឡែកពីគ្នាទាក់ទងនឹងការបំពានច្បាប់មូលបត្ររបស់អាមេរិក។
ក្រុមហ៊ុន FTX គឺជាម្ចាស់ និងប្រតិបត្តិករ នៃការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោក សែម បែងម៉ែន ហ្រ្វាយ អតីតពាណិជ្ជករនៅទីផ្សារហិរញវត្ថុអន្តរជាតិ Wall Street និងជាអតីតបុគ្គលិកក្រុមហ៊ុន Google។
ការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ បានរីកធំជាងគេទីពីរនៅលើពិភពលោក ដោយធ្វើពាណិជ្ជកម្មជួញដូរ ប្រហែល១០ពាន់លានដុល្លារក្នុងមួយថ្ងឌ នៃរូបិយប័ណ្ណគ្រីបតូ។
ការដួលរលំរបស់ក្រុមហ៊ុន FTX បានកើតឡើងក្នុងអំឡុងពេលដ៏ច្របូកច្របល់នៃឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ដែលនៅឆ្នាំនេះដែរ រូបិយប័ណ្ណ Bitcoin ក៏បានបាត់បង់ប្រាក់ចំណូលផងដែរ ខណៈរូបិយប័ណ្ណគ្រីបតូ ផ្សេងទៀតក៏បានធ្លាក់ចុះដូចគ្នា៕