ទីក្រុងឡុងដ៍៖ ឧត្តមសេនីយ៍ឯកយោធាអង់គ្លេស បានបញ្ជាក់ថា កងម៉ារីនចក្រភពអង់គ្លេស បានធ្វើប្រតិបត្តិការ ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសអ៊ុយក្រែន ក្នុងខែមេសា ឆ្នាំ២០២២ មុនពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

ការបញ្ជាក់របស់លោក រ៉ូប៊ើត ម៉ាហ្គូវ៉ាន់ (Robert Magowan) បានកើតឡើងក្រោយពីការចោទប្រកាន់របស់រុស្ស៊ីថា ទាហានណាតូ បានធ្វើមានសកម្មភាពនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបដិសេធ។

ក្រុមកុំម៉ង់ដូនៃកងម៉ារីនចំនួន៤៥នាក់ បានចាកចេញពីប្រទេសអ៊ុយក្រែន ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីជម្លៀសមន្ត្រីស្ថានទូតអង់គ្លេស នៅទីក្រុងគៀវ ចេញទៅកាន់ប្រទេសប៉ូឡូញ។

លោក រ៉ូប៊ើត ម៉ាហ្គូវ៉ាន់ បានសរសេរនៅក្នុងទស្សនាវដ្តីរបស់កងទ័ពម៉ារីន ចេញផ្សាយកាលពីថ្ងៃអង្គារថា ទោះជាយ៉ាងណាក៏ដោយ កងពិសេសចំនួន៣០០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ នៅក្នុងខែមេសា ដើម្បីបំពេញបេសកកម្មសម្ងាត់របស់ចក្រភពអង់គ្លេស នៅក្នុងទីក្រុងគៀវ ឡើងវិញ។

លោក រ៉ូប៊ើត ម៉ាហ្គូវ៉ាន់ ដែលពីមុនធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងម៉ារីន និងបច្ចុប្បន្នជាអនុប្រធានសេនាធិការនៃក្រសួងការពារជាតិ បាននិយាយថា ប្រតិបត្តិការទាំងនេះបានធ្វើឡើង នៅក្នុងបរិយាកាសដ៏ប្រុងប្រយ័ត្ន និងមានហានិភ័យខ្ពស់ផ្នែកនយោបាយ និងយោធា។

ទោះជាយ៉ាងណា លោកមិនបានរៀបរាប់លម្អិតអំពីបេសកកម្ម ដែលកងកុម្ម៉ង់ដូអង់គ្លេស បានអនុវត្តនោះទេ ប៉ុន្តែការលើកឡើងរបស់លោក គឺជាលើកទីមួយហើយ ដែលចក្រភពអង់គ្លេសបានទទួលស្គាល់កងទ័ពរបស់ខ្លួនបានធ្វើប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។

ក្រសួងការពារជាតិអង់គ្លេស បានបដិសេធមិនបញ្ជាក់ពីវត្តមានកងកម្លាំងពិសេសអង់គ្លេស ដែលបានបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន នៅទីក្រុងគៀវ នាខែមេសា ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពណ៌នាជម្លោះនៅអ៊ុយក្រែនថា នេះជាជម្លោះរវាងរុស្ស៊ី និងមេបញ្ជាការរបស់យោធាលោកខាងលិចសុទ្ធសាធ ហើយបានអះអាងកាលពីខែកញ្ញាថា កងទ័ពទាំងមូលនៅក្នុងអ៊ុយក្រែន គឺស្ថិតក្រោមការបញ្ជាសម្ងាត់របស់ទីប្រឹក្សាលោកខាងលិច។

ពាក្យ​សម្ដី​ររបសប្រធានាធិបតី រុស្ស៊ី ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច​ច្រាន​ចោល។

ការទទួលយករបស់មន្ត្រីយោធាជាន់ខ្ពស់អង់គ្លេស បង្ហាញថា មិនមែនតែទាហានចក្រភពអង់គ្លសតែមួយគត់ទេ ដែលអង្គការណាតូ ធ្លាប់ទទួលស្គាល់វត្តមានកងកម្លាំងរបស់ខ្លួន នៅក្នុងអ៊ុយក្រែននោះទេ។ ប៉ុន្តែមន្ត្រីមន្ទីរប៉ង់តាហ្គោន ដែលមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មាន កាលពីខែតុលាថា ចំនួនទាហានអាមេរិកជាច្រើនតែកំពុងត្រួតពិនិត្យការដឹកជញ្ជូនអាវុធរបស់អាមេរិក ក្នុងប្រទេសអ៊ុយក្រែន៕

By Ana

You missed