ទីក្រុងគៀវ៖ ក្រុមសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បានឆ្មក់ចូលឆែកឆេព្រះវិហារប្រវត្តិសាស្ត្រមួយកន្លែង ស្ថិតនៅក្នុងទីក្រុងគៀវ ក្នុងគោលបំណងបង្ក្រាបភ្នាក់ងារសម្ងាត់របស់រុស្ស៊ី ដែលប្រើប្រាស់ទីតាំងបែបនេះសម្រាប់បំផ្លិចបំផ្លាញ ធ្វើចារកម្ម ឬចែកចាយអាវុធ។
ព្រះវិហារគ្រិស្តសាសនា ក្នុងទីក្រុងគៀវ មួយកន្លែងនេះ ត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១១ ហើយជាវិហារគ្រិស្តនិកាយអូស្សូដក់ របស់អ៊ុយក្រែន។
និកាយសាសនានេះ បានបំបែកខ្លួនចេញពីនិកាយនៅក្រុងម៉ូស្គូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន។ ភាពច្របូកច្របល់រហូតបែកចេញជានិកាយផ្សេងៗ បង្កឡើងដោយការគាំទ្ររបស់សម្តេចសង្ឃរុស្ស៊ី ចំពោះសង្គ្រាមអ៊ុយក្រែន។
ទោះបីជាយ៉ាងនេះក្តី បព្វជិតមួយចំនួនបានរងការចោទប្រកាន់ថា គាំទ្រទីក្រុងមូស្គូ ដោយលាក់បាំងខ្លួននៅតាមព្រះវិហារ ដើម្បីប្រើឥទ្ធិពលលើអ្នកចូលព្រះវិហារ។
ចំណែកវិមានក្រឹមឡាំង បាននិយាយថា ការឆ្មក់ចូលឆែកឆេព្រះវិហារនេះ គឺជាការវាយប្រហារមួយទៀតរបស់ទីក្រុងគៀវ ទៅលើជនជាតិរុស្សី ដែលគោរពនិកាយអូស្សូដក់។
សេវាសន្តិសុខសម្ងាត់ នៅក្នុងទីក្រុងគៀវ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងអនុវត្ត វិធានការប្រឆាំងការស៊ើបការណ៍សម្ងាត់ ដើម្បីកំណត់គោលដៅនៃសកម្មភាពវិទ្ធង្សនា ពីសំណាក់ចារកម្មពិសេសរបស់រុស្ស៊ី ហើយបាននិយាយថា ទីនោះមានហានិភ័យណាស់ចំពោះការវាយប្រហារ ការបំផ្លិចបំផ្លាញ និងការចាប់ជាចំណាប់ខ្មាំងនៅក្នុងវិហារ ដែលមានប្រជាពលរដ្ឋចូលគោរពបូជាច្រើន។
ព្រះវិហារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មួយកន្លែងនេះ គឺជាព្រះវិហារមួយក្នុងចំណោមវិហារគ្រិស្តអូស្សូដក់ជាច្រើន ដែលត្រូវបានឆ្មក់ចូលឆែកឆេ កាលពីថ្ងៃអង្គារ ពីអាជ្ញាធរអ៊ុយក្រែន បន្ទាន់ពីមានពាក្យបណ្តឹងថា បព្វជិតនៅទីនោះបានលើកតម្កើងប្រទេសរុស្ស៊ី ហើយសង្ស័យថា អាចមានសម្ព័ន្ធភាពជាមួយវិមានក្រឹមឡាំង។
ការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ត្រូវបានចាប់ផ្តើម
កាលពីមួយសប្តាហ៍មុន បន្ទាប់ពីឃ្លីបវីដេអូមួយ បានបែកធ្លាយអំពីការឃោសនាឲ្យគាំទ្ររុស្ស៊ី នៅពេលច្រៀងលើកតម្កើងដល់ព្រះ។
ប៉ុន្មានថ្ងៃក្រោយមក ប្រធានភូមិភាគកណ្តាលអ៊ុយក្រែន ត្រូវបានចោទប្រកាន់ពីបទរៀបចំខិត្តប័ណ្ណឃោសនាគាំទ្រការឈ្លានពានរបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីឌ្រី ប៉េស្កូវ (Dmitry Peskov) បានចោទប្រកាន់អ៊ុយក្រែនថា កំពុងធ្វើសង្គ្រាមជាមួយព្រះវិហារគ្រិស្តអូស្សូដក់អស់រយៈពេលជាយូរមកហើយ។ ចំណែកសម្តេចសង្ឃរុស្ស៊ី បានថ្កោលទោសថា ជាទង្វើនៃការបំភិតបំភ័យអ្នកគោរពបូជា។
ក្នុងនាមជាប្រមុខនៃនិកាយសាសនាអូស្សូដក់របស់រុស្ស៊ី សម្តេចសង្ឃអង្គនេះ ត្រូវបានគេមើលឃើញជាទូទៅថា ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានផ្តល់ការគាំទ្រពេញទំហឹងចំពោះសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
នៅអ៊ុយក្រែន ការវឆ្មក់ចូលឆែកឆេតាមព្រះវិហារ តែងតែទទួលបានការគាំទ្រពីព្រោះវិហារគ្រិស្តអូស្សូដក់អ៊ុយក្រែន ដែលទើបតែបានបំបែកខ្លួនចេញពីទីក្រុងមូស្គូ កាលពីប្រាំមួយខែមុន បន្ទាប់ពីគ្រប់គ្រងបព្វជិតអ៊ុយក្រែន អស់រយៈពេលជាច្រើនសតវត្សរ៍ ដោយបន្សល់ទុកការសង្ស័យថា និកាយនេះត្រូវបានវិមានក្រឹមឡាំងប្រើ ដើម្បីបំភាន់មតិសាធារណៈនៅអ៊ុយក្រែន។
ចាប់តាំងពីឆ្នាំ២០១៨ សហគមន៍និកាយគ្រិស្តអូស្សូដក់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន បាននិងកំពុងចូលរួមជាមួយនិកាយគ្រិស្តអូស្សូដក់ថ្មីរបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ការពិភាក្សាគ្នាក្នុងគោលបំណងបង្រួបបង្រួមសហគមន៍គ្រិស្តអូស្សូដក់របស់ប្រទេសអ៊ុយក្រែន មិនទាន់ទទួលបានលទ្ធផលជាក់ស្តែងនៅឡើយ។
អ្នកវិភាគនយោបាយអ៊ុយក្រែន បាននិយាយថាបព្វជិត និងអ្នកជឿចំពោះនិកាយអូស្សូដក់ថ្មីរបស់អ៊ុយក្រែន នៅទីបំផុតត្រូវសម្រេចចិត្តថា តើពួកគេបម្រើអ្នកណា បម្រើព្រះជាម្ចាស់ ឬបម្រើឃាដករបស់វិមានក្រឹមឡាំង៕