ប៊ែរឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងដកកងទ័ពមួកខៀវរបស់ខ្លួន ចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នាខែឧសភាឆ្នាំ២០២៤ ដែលបានក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសដកខ្លួនចេញពីប្រទេសរងគ្រោះដោយក្រុមបះបោរ។
អ្នកនាំពាក្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងស្នើទៅសភាថា អំពីការប្តេជ្ញាចិត្តរបស់ប្រទេសអាឡឺម៉ង់ចំពោះប្រតិបត្តិការអង្គការសហប្រជាជាតិ នៅម៉ាលី ត្រូវបានបន្តជាលើកចុងក្រោយក្នុងមួយឆ្នាំទៀត បន្ទាប់ពីចំណាយពេលអស់១០ឆ្នាំ។
អ្នកនាំពាក្បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាការយកចិត្តទុកដាក់ជាពិសេសទៅលើការបោះឆ្នោត ដែលបានគ្រោងទុករបស់ប្រទេសម៉ាលី នៅខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមានការពិភាក្សារវាងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) និងដៃគូចម្រុះរបស់ភាគីម៉ាលី។
បេសកកម្មយោធាអាឡឺម៉ង់នៅក្រៅប្រទេសទាមទារអាណត្តិពីសភា ដែលជាធម្មតាត្រូវបានផ្តល់ជាប្រចាំឆ្នាំ។
យោធាអាឡឺម៉ង់ បានស្ថិតនៅក្នុងប្រទេសម៉ាលីតាំងពីឆ្នាំ២០១៣ ដោយមានវត្តមានទាហានរហូតដល់១ ៤០០នាក់ ដែលជាផ្នែកមួយនៃបេសកម្មរក្សាសន្តិភាព ភាគច្រើនមានមូលដ្ឋាននៅភាគខាងជើងម៉ាលី។
ប៉ុន្តែទាហានអាល្លឺម៉ង់ប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយត្រូវផ្អាកការល្បាតម្តងហើយម្តងទៀត ដោយសារខ្វះការសហការពីរដ្ឋាភិបាលយោធាម៉ាលី។
មានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងបេសកកម្មរបស់អង្គការសហប្រជាជាតិ និងមេដឹកនាំយោធារបស់ប្រទេសម៉ាលី បន្ទាប់ពីមានការចោទប្រកាន់ថា វត្តមានទាហានស៊ីឈ្នួល (Wagner) របស់ប្រទេសរុស្ស៊ី កំពុងគាំទ្រកងកម្លាំងរដ្ឋាភិបាលម៉ាលី។
អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការអំពីការដកទ័ពរបស់អាល្លឺម៉ង់ទេ ដោយបន្ថែមថា ប្រជាជនម៉ាលី ត្រូវការការគាំទ្រជាបន្តបន្ទាប់ពីប្រទេសផ្សេងទៀត។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ បាននិយាយថា «បច្ចុប្បន្នបេសកកម្មកំពុងវាយតម្លៃអំពីផលប៉ះពាល់នៃការដកទ័ពទាំងនេះ ហើយយើងកំពុងពិភាក្សាជាមួយប្រទេសមួយចំនួនទៀតរួចហើយ ដើម្បីបំពេញចន្លោះប្រហោងណាមួយ»។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស និងកូតឌីវ័រ បានប្រកាសថា ពួកគេកំពុងដកខ្លួនចេញពីបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅម៉ាលី ដែលជាប្រតិបត្តិការដ៏ធំបំផុតមួយរបស់អង្គការសហប្រជាជាតិ ហើយប្រទេសផ្សេងទៀតបានធ្វើសេចក្តីប្រកាសស្រដៀងគ្នានេះ ក្នុងប៉ុន្មានខែថ្មីៗនេះ។
ចក្រភពអង់គ្លេស បាននិយាយថា ការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្រទេសអាហ្វ្រិកខាងលិចលើទាហានស៊ីឈ្នួលរុស្ស៊ី កំពុងធ្វើឲ្យខូចស្ថិរភាពនៅក្នុងប្រទេសម៉ាលី។ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាសម្រាប់ការដកខ្លួននោះទេ។
ប្រទេសបារាំងនៅឆ្នាំនេះ បានដកកងទ័ពមួកខៀវរបស់ខ្លួនចេញពីអតីតអាណានិគមបារាំង ដោយដាក់ពង្រាយដាច់ដោយឡែកពីគ្នាក្រោមបេសកកម្មផ្សេងទៀត។ កងទ័ពមួកខៀវបារាំង បានជួយផ្តល់ជំនួយផ្លូវអាកាសសម្រាប់បេសកកម្មទាហានចម្រុះជាតតិសាសន៍ នៅក្នុងប្រទេសម៉ាលី។ ចំណែកកងទ័ពអាឡឺម៉ង់ បានចូលរួមជាចម្បងក្នុងការស៊ើបអង្កេត។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានធ្វើសេចក្តីរាយការណ៍ថា ការសម្រេចចិត្តដកខ្លួនចេញពីបេសកកម្មរបស់អង្គការសហប្រជាជាតិ និងពេលវេលាមិនច្បាស់លាស់ បានបង្កឲ្យមានភាពតានតឹងនៅក្នុងរដ្ឋាភិបាលចម្រុះ ដែលកំពុងដឹកនាំប្រទេសអាល្លឺម៉ង់។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅម៉ាលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីជួយរក្សាស្ថិរភាពប្រទេស ដែលកំពុងប្រឈមមុខនឹងអំពើហិង្សារបស់ក្រុមប្រដាប់អាវុធ នៅភាគខាងជើង ដែលបានរីករាលដាលដល់ប្រទេសជិតខាង។
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ាលី លោក អ៊ីប្រាហ៊ីម ប៊ូបាកា កេតា (Ibrahim Boubacar Keita) ត្រូវបានផ្តួលរំលំនៅខែសីហា ឆ្នាំ២០២០ ដោយក្រុមមន្រ្តីមានគំនុំចំពោះការបរាជ័យក្នុងការបង្ក្រាបក្រុមបះបោរប្រដាប់អាវុធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តេញមនុស្សរាប់សែននាក់ ចេញពីផ្ទះ។
នៅឆ្នាំបន្ទាប់មកក្រុមយោធា បានបណ្តេញរដ្ឋាភិបាលស៊ីវិលបណ្តោះអាសន្ន ហើយចាប់ផ្តើមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសបន្តអាណត្តិរបស់ខ្លួន រយៈពេលមួយឆ្នាំទៀត ទោះបីជារដ្ឋាភិបាលយោធាម៉ាលី បានជំទាស់នឹងសំណើសុំឲ្យមានសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពស៊ើបអង្កេតរបស់បេសកកម្មអង្គការសហប្រេជាតិក៏ដោយ៕