ហ្សាការតា៖ ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីមួយបានវាយប្រហារលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជិត៥០នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។

គ្រោះរញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង សៀនជួ ភាគខាងលិចកោះជ្វា ក្នុងជម្រៅដី ១០គីឡូម៉ែត្រ នេះបើយោងតាមទិន្នន័យស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។

ការរញ្ជួយនេះ អាចរង្គើដល់រដ្ឋធានីហ្សាកាតា ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ជាកន្លែងដែលមនុស្សរស់នៅក្នុងអគារខ្ពស់ៗត្រូវបានជម្លៀសចេញ។

មន្ត្រី​រដ្ឋាភិបាលឥណ្ឌូណេស៊ី បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង និង​អាច​មាន​ការ​រញ្ជួយ​ដីថែមទៀត។ យ៉ាងហោចណាស់មនុស្ស៣០០នាក់ កំពុងព្យាបាលរបួសនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង សៀនជួ នៃកោះជ្វា។

មន្ត្រីដដែល បានបញ្ជាក់ថា អ្នករងរបួសភាគច្រើន គឺបាក់ឆ្អឹងឆ្អែង ដែលដោយសារកម្ទេចកម្ទីអគារបាក់សង្កត់លើ។

យោងតាមសេចក្តីរបាយការណ៍ក្នុងស្រុក បានឲ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះបានកំពុងព្យាយាមជម្លៀសមនុស្សចេញពីអគារ ដែលដួលបាក់រលំ។

នៅទីក្រុងហ្សាកាតា បុគ្គលិកការិយាល័យបានប្រញាប់ប្រញាល់ចេញពីអគារនានា ក្នុងសង្កាត់មនុស្សរស់នៅ និងនៅតាមកន្លែងប្រកបអាជីវកម្មក្នុងអំឡុងពេលរញ្ជួយដី ដែលមានរយៈពេលប្រហែលមួយនាទី។

បុរសម្នាក់ បាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំកំពុងតែធ្វើការ ស្រាប់តែក្រោមជើងខ្ញុំកំពុងញ័រ។ ខ្ញុំមានអារម្មណ៍ថា ពិតជាញ័រដោយសាររញ្ជួយដីយ៉ាងច្បាស់»។

បុគ្គលិកការិយាល័យម្នាក់ទៀត បាននិយាយថា «យើងស៊ាំនឹងការរញ្ជួយដីនេះ នៅក្នុងទីក្រុងហ្សាកាតា ប៉ុន្តែមនុស្សមានការភ័យយ៉ាងខ្លាំងនៅពេលនេះ ដូច្នេះយើងក៏ភ័យស្លន់ស្លោដែរ»។

ការរញ្ជួយដី គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅលើតំបន់រង្វង់ភ្លើងឆេះស្រទាប់ម៉ាក់ម៉ា នៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក៕

By Ana

You missed