(ភ្នំពេញ)៖ ដូចការគ្រោងទុក សមាជិកព្រឹទ្ធសភា ៣៩រូប នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានចូលរួមប្រជុំ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង មាន ០៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម ចំនួន ៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមរម្លឹកថា សេចក្ដីព្រាងច្បាប់ថ្មីនេះ បានចែងកំណត់កម្រិតទោសព្រហ្មទណ្ឌ ចំពោះអ្នកល្មើស និងបើកសិទ្ធិឱ្យរាជរដ្ឋាភិបាល បិទតំបន់ពាក់ព័ន្ធបាន។ មាត្រា៤ នៃសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលកម្ពុជា អាចដាក់ចេញនូវវិធានការមួយចំនួនជាបណ្តោះអាសន្ន រួមមាន ហាមឃាត់ការធ្វើដំណើរ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និងហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ និងអាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាល។
មាត្រា៥ ក្នុងច្បាប់នេះ បានកំណត់ថា ទីតាំងអាជីវកម្ម នឹងត្រូវបិទចោល ព្យួរ ឬដកហូតអាជ្ញាបណ្ណ បើទីតាំងអាជីវកម្មនោះ មិនអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ខណៈមាត្រា៦ ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នក ដែលលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវពិន័យប្រាក់ពី ២លានរៀល ដល់ ១០លានរៀល ព្រមទាំងត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ។
មាត្រា ៨ បានកំណត់ថា អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវពិន័យពី ៥លានរៀល ដល់ ២០លានរៀល ព្រមទាំងអាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។
មាត្រា៩ នៃសេចក្តីព្រាងច្បាប់ថ្មីនេះ បានចែងថា អ្នកដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារ កាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ៕