ញូវយ៉ក៖ ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារគោលដៅលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពឆ្កួតៗបែបនេះ ។
ការផ្ទុះដ៏ខ្លាំងក្លាពីការបាញ់ផ្លោង បានអង្រួនតំបន់ ហ្សាប៉ូរីស្យ៉ា (Zaporizhia) របស់អ៊ុយក្រែន ដែលជាទីតាំងនៃរោងចក្រ ផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារពីយោធារុស្ស៊ី គ្រាន់តែក្នុងមួយថ្ងៃ មានប្រហែល៤០០គ្រាប់ រួមទាំងការវាយប្រហារលើតំបន់ភាគខាងកើត របស់អ៊ុយក្រែនផងដែរ។
លោក រ៉ាហ្វាអែល ហ្គ្រូស្ស៊ី (Rafael Grossi) ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «ព័ត៌មានពីក្រុមរបស់យើង កាលពីម្សិលមិញ និងព្រឹកនេះ គឺគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ការផ្ទុះបានកើតឡើងនៅកន្លែងនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំនេះ ដែលមិនអាចទទួលយកបានទាល់តែសោះ»។
លោកបានបន្ថែមថា៖ «អ្នកណានៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ អ្នកឯងកំពុងតែលេងភ្លើងហើយ!»
ទីភ្នាក់ងារនេះ បាននិយាយទៀតថា នៅក្នុងការបាញ់ផ្លោងជាថ្មីនៅជិត និងនៅកន្លែងនោះ អ្នកជំនាញរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅឯរោងចក្រផលិតថាមពលនុយក្លរអ៊ែរ ហ្សាប៉ូរីស្យ៉ា បានរាយការណ៍ថា បានឮការផ្ទុះជាច្រើនដងក្នុងរយៈពេលខ្លីមួយកាលពីព្រឹកថ្ងៃអាទិត្យ។
ក្រោយមកនៅថ្ងៃនោះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយថា ការបាញ់ផ្លោងបានឈប់ ហើយអ្នកជំនាញរបស់ខ្លួននឹងវាយតម្លៃស្ថានភាពនៅថ្ងៃច័ន្ទនេះ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយថា មានការខូចខាតផ្នែកខ្លះនៃទីតាំង ប៉ុន្តែមិនមានការបញ្ចេញវិទ្យុសកម្ម ឬការបាត់បង់ថាមពលទេ។
ថ្លែងទៅកាន់ទូរទស្សន៍បារាំង លោក រ៉ាហ្វាអែល ហ្គ្រូសនី បាននិយាយថា វាច្បាស់ណាស់ថា ការវាយឆ្មក់លើរោងចក្រនេះ មិនមានឧបទ្ទវហេតុនោះទេ។ អ្នកដែលធ្វើបែបនេះដឹងថា គឺជាចេតនាមានគោលដៅច្បាស់លាស់។
ការវាយប្រហារនៅក្នុង និងជុំវិញ រោងចក្រផលិតថាមពលនុយក្លរអ៊ែរ បានបង្កើនហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ នៅរោងចក្រ ដែលរុស្ស៊ីកំពុងកាន់កាប់៕