ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលស្ពានយោលមួយ នៅរដ្ឋគូចារ៉ាត់ ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានបាក់ កាលពីល្ងាចមិញ។
ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក បានធ្វើសឹចក្តីរាយការណ៍ថា មនុស្សជាង៤០០នាក់ បាននៅលើស្ពានឆ្លងកាត់ទន្លេ ម៉ាឈូ (Machh) ក្នុងទីក្រុងមោប៊ី (Morbi) កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នៅពេលស្ពានចាប់ផ្តើមបាក់រលំ។
ស្ពានប្រវែង២៣០ម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យអាណានិគមចក្រភពអង់គ្លេសក្នុងសតវត្សទី១៩ ហើយថ្មីៗនេះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញជាសាធារណៈ បន្ទាប់ពីបានជួសជុលឡើងវិញ។
រដ្ឋមន្ត្រី និងជាសមាជិកសភាមកពីទីក្រុង មោប៊ីបាននិយាយថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់៤០នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀត បានរងរបួស។ អ្នកស្លាប់ និងរបួសអាចកើនឡើង ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។”
ឃ្លីបវីដេអូផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកបានបង្ហាញមនុស្សរាប់សិបនាក់ បានតោងជាប់នឹងខ្សែស្ពាន ដែលបាក់នោះ ខណៈក្រុមសង្គ្រោះបន្ទាន់ព្យាយាមជួយសង្គ្រោះពួកគេ។
ទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌា បានធ្វើសេចក្តីរាយការណ៍ថា ស្ពាននេះទើបតែបើកឲ្យដំណើរការឡើងវិញ ហើយមានហ្វូងមនុស្សនៅលើនោះច្រើនពេក ទើបធ្វើឲ្យបាក់រលំតែម្តង។
ស្ពានប្រវត្តិសាស្ត្រប្រវែង២៣០ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ក្នុងសតវត្សទី១៩ ហើយត្រូវបានបិទ ដើម្បីជួសជុលអស់រយៈពេលប្រាំមួយខែខែនិងបានបើកជាសាធារណៈវិញ កាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដា ម៉ូឌី (Narendra Modi) ស្ថិតនៅក្នុងរដ្ឋគូចារ៉ាត់ ដែលជាស្រុកកំណើតរបស់លោក កំពុងធ្វើដំណើរទស្សនកិច្ចទីនោះរយៈពេលបីថ្ងៃ គឺចាំពេលឧប្បត្តិហេតុបានកើតឡើង។
ខុទ្ទកាល័យរបស់លោកបាននិយាយថា លោកនាយករដ្ឋមន្រ្តីកំពុងតែប្រឹងប្រែងចល័តក្រុមជួយសង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះ។ លោកបានឲ្យតាមដានស្ថានការណ៍យ៉ាងដិតដល់ និងបន្ថែមជំនួយបន្ទាន់ដែលអាចធ្វើបានទាំងអស់ សម្រាប់ជួយដល់អ្នករងផលប៉ះពាល់ ដោយសារស្ពានបាក់រលំនេះ៕