មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា ពិភពលោកចូលដល់ទសវត្សរ៍ ប្រឈមមុខនឹងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២ ហើយសណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគតកំពុងកើតឡើងនៅចំពោះមុខ។
នៅក្នុងសុន្ទរកថាដ៏វែងមួយ កាលពីថ្ងៃព្រហស្បតិ៍ លោកបានព្យាយាមភាពត្រឹមត្រូវចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាទង្វើមួយធ្វើឲ្យប្រទេសរបស់លោក នៅឯកោលើឆាកអន្តរជាតិ។
លោក វ៉្លាឌីមៀ ពូទីន ក៏បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា យករឿងអាវុធនុយក្លេអ៊ែរបង្កាច់បង្ខូចរុស្ស៊ី ដើម្បីបង្ខំសម្ព័ន្ធមិត្តឱ្យងាកចេញពីទីក្រុងម៉ូស្គូ។
កាលពីដើមសប្តាហ៍នេះ សម្ព័ន្ធមិត្តយោធាណាតូបានថ្កោលទោសការអះអាងដោយគ្មានហេតុផលដោយរុស្ស៊ីថា អ៊ុយក្រែនអាចប្រើគ្រាប់បែកបរិមាណូ ដែលជាអាវុធមានសារធាតុវិទ្យុសកម្ម។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តុលប៊ើក (Jens Stoltenberg) បាននិយាយថា ប្រទេសសមាជិកសម្ព័ន្ធមិត្តណាតូ បដិសេធចំពោះការចោទប្រកាន់នេះ ហើយរុស្ស៊ីមិនត្រូវប្រើចំណុចនេះ ដើម្បីធ្វើជាលេសសម្រាប់ដំឡើងសាច់ដុំទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងដូច្នេះក្នុងពេលថ្លែងទៅកាន់វេទិកា ប្រចាំឆ្នាំ បន្ទាប់ពីការបរាជ័យផ្នែកយោធាជាបន្តបន្ទាប់ក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើងនូវកំហឹងជាសាធារណៈជុំវិញការប្រមូលជនជាតិរុស្សីប្រហែលបីសែននាក់ ឲ្យចូលធ្វើទាហានច្បាំងក្នុងសង្រ្គាមអ៊ុយក្រែន។
មួយថ្ងៃមុនថ្លៃងសុន្ទរកថានៅទីក្រុងមូស្គូ លោកបានត្រួតពិនិត្យសមយុទ្ធនុយក្លេអ៊ែរជាប្រចាំ ដែលពាក់ព័ន្ធនឹងការត្រៀមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ដើម្បីសងសឹកចំពោះការវាយប្រហារដោយនុយក្លេអ៊ែរណាមួយពីសត្រូវរុស្ស៊ី។
លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ទស្សនិកជនរបស់លោកថា «យើងមិនដែលបាននិយាយឲ្យច្បាស់លាស់អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទេ»។
ប្រធានាធិបតីរុស្ស៊ី បានលើកយកសម្តីរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី លីស ត្រាស់ (Liz Truss) ដែលបានលើកជាយោបល់ កាលពីខែសីហា ឆ្នាំ២០២២ថា លោកស្រីនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីចុចប៊ូតុងបាញ់អាវុធនុយក្លេអ៊ែរ ប្រសិនបើកាលៈទេសៈតម្រូវឲ្យលោកស្រីធ្វើដូច្នេះ។
លោក វ៉្លាឌីមៀ ពូទីន បាននិយាយទៀតថា លោកមានការភ្ញាក់ផ្អើល នៅពេលមេដឹកនាំសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស មិនជំទាស់ទាល់តែសោះ គឺនៅស្ងៀម ធ្វើពុតជាមិនឮសម្តីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស និយាយពីបំណងចង់ប្រើអាវុធនុយក្លរអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដែលខ្លួនមាន ដើម្បីការពារខ្លួន នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញជាទូទៅថា រុស្ស៊ីគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរពិតប្រាកដមែន។
ថ្មីៗនេះលោកបាននិយាយឡើងវិញ ដើម្បី៊វាយប្រហារទៅលើលោកខាងលិច ដែលលោកហៅថា ជាល្បែងដ៏គ្រោះថ្នាក់ បង្ហូរឈាម និងស្មោកគ្រោក ដែលលោកខាងលិចធ្លាប់តាំថខ្លួនជាអ្នកបែងចែកគ្នាត្រួតត្រាពិភពលោក ប៉ុន្តែឥឡូវនេះបានឈានដល់ទីបញ្ចប់។
លោក វ៉្លាឌីមៀ ពូទីន បាននិយាយដូច្នេះថា «យើងឈរនៅខាងព្រំដែនប្រវត្តិសាស្ត្រ។ ខាងមុខប្រហែលជាគ្រោះថ្នាក់បំផុត ដោយមិនអាចទាយទុកជាមុនបាន និងជាពេលវេលានោក្នុងទសវត្សរ៍មួយដ៏សំខាន់ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២»។
លោកបាននិយាយចំអក និងចោទប្រកាន់មេដឹកនាំលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា បានព្យាយាមបំផ្លាញប្រទេសរុស្ស៊ី។ ទោះបីយ៉ាងណា លោកខាងលិចមិនអាចបន្តគ្រប់គ្រងពិភពលោកបានទៀតទេ ប៉ុន្តែបានព្យាយាមធ្វើទាំងអស់សង្ឃឹម។
លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា «សណ្តាប់ធ្នាប់ថ្មីរបស់ពិភពលោក នាពេលអនាគត កំពុងកើតឡើងនៅចំពោះមុខយើង»៕