វ៉ាស៊ីនតោន៖ ធានាធិបតីអាមេរិក អាមេរិក លោក ចូ បាយដិន (Joe Biden) បានព្រមានកាលពីម្សិលមិញថា ព្យុះសង្ឃរា ដែលបានបោកបក់លើរដ្ឋផ្លរីដា អាចនឹងក្លាយទៅជាព្យុះដ៏សាហាវ និងសម្លាប់មនុស្សអស់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ លោក ចូ បាយដិន បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ និងរបួសនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែរបាយការណ៍បឋម បានលើកឡើងថា អាចមានការបាត់បង់ជីវិតយ៉ាងច្រើន។
លោកប្រធានាធិបតីបាននិយាយទៀតថា «នេះអាចជាខ្យល់ព្យុះដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី បានប្រកាសពីគ្រោះមហន្តរាយដ៏ធំក្នុងរដ្ឋហ្វ្លរីដា និងបានត្រៀមមូលនិធិរបស់រដ្ឋសហព័ន្ធសម្រាប់ផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គការពាក់ព័ន្ធនានា ដើម្បីស្តារជីវភាពរស់នៅឡើងវិញ។
បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ របាយការណ៍បឋមបានឲ្យដឹងថា ព្យុះសង្ឃរាដ៏កាចសាហាវនេះ បានបក់កាត់ទឹកដីរដ្ឋហ្វ្លរីដា និងបាននាំមកនូវទឹកសមុទ្រ និងជំន់ទឹកភ្លៀងជន់លិចទីប្រជុំជនមួយចំនួន ព្រមទាំងធ្វើឲ្យមនុស្សរាប់រយនាក់បានស្លាប់ និងរងរបួស ខណៈលំនៅឋានត្រូវខ្យល់បោកបក់រលំអស់ជាច្រើន។
យោងតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ព្យុះដ៏ធំនេះបានធ្វើឲ្យមនុស្សជាង២,៦លាននាក់ អ្នករស់នៅក្នុងរដ្ឋផ្លរីដា គ្មានអគ្គិសនីប្រើប្រាស់។
ក្រុមមន្ត្រីគ្រប់គ្រងថាមពលអគ្គិសនី បាននិយាយថា ដោយសារតែខ្យល់បោកបក់ខ្លាំងពេក ធ្វើឲ្យប្រព័ន្ធថាមពលអគ្គិសនីដាច់ខូចអស់ទាំងស្រុង មិនអាចជួសជុលឡើងវិញបានឡើយ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់១២៣នាក់នៅក្នុងរដ្ឋផ្លរីដា។
ព្យុះសង្ឃរាដ៏កាចសាហាវនេះ បានបោកបក់ចេញពីប្រទេសគុយបា ដោយបានឲ្យដាច់ថាមពលអគ្គិសនីនៅទូទាំងប្រទេសគុយបា កាលពីដើមសប្តាហ៍នេះ ហើយសម្លាប់មនុស្សពីរនាក់ និងអគារសាធារណៈ និងលំនៅឋានជាច្រើននៅទូទាំងប្រទេសគុយបា បានខូចខាតដោយសារខ្យល់បោកបក់។
ព្យុះសង្ឃរាមានល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រោយមកបានបក់សំដៅទៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ក្រុមអ្នកព្យាករណ៍ បានព្រមានថា តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រហូតដល់កម្រិត៣០ សង់ទីម៉ែត្រ ដោយសារឥទ្ធិពលព្យុះកំបុតត្បូង ដែលមានឈ្មោះថា អៀន។
អភិបាលរដ្ឋហ្វ្លរីដា បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ព្យុះនេះ គឺបោកបក់ខ្លាំងណាស់ ហើយលោកបានបញ្ជាដល់ទ័ពឆ្មាំសមុទ្រចំនួន៥,០០០នាក់ ត្រៀមជួយសង្គ្រោះប្រជាជននៅក្នុងរដ្ឋនេះ។
សេតវិមាន បានធ្វើសេចក្តីប្រកាសគ្រាអាសន្ន ហើយឲ្យមន្ត្រីសហព័ន្ធ និងមន្ត្រីនៅតាមបណ្តារដ្ឋ ត្រៀមសហការគ្នា ដើម្បីសម្របសម្រួល និងដោះស្រាយគ្រោះមហន្តរាយ៕