ឡាហាវ៉ាន៖ មន្ត្រីរដ្ឋាភិបាល បានប្រកាសនៅព្រឹកថ្ងែនេះថា ប្រទេសគុយបា បានដាច់ថាមពលអគ្គិសនីធ្វើឲ្យប្រទេសទាំងមូល ដាច់ភ្លើងងងឹតទាំងស្រុង បន្ទាប់ពីព្យុះកំបុតត្បូង បានវាយប្រហារនៅភាគខាងលិចប្រទេសគុយបា។

មន្ត្រីបានដដែលនិយាយទៀតថា ប្រព័ន្ធអគ្គិសនីកំពុងជួបប្រទះបញ្ហាខូចខាតស្ទើរទាំងអស់ បន្ទាប់ពីរោងចក្រផលិតថាមពលអគ្គិសនីមួយកន្លែង មិនអាចដំណើរការបាន។ ចំណែកមនុស្ស​ពីរ​នាក់ ​ត្រូវ​​គេ​រាយការណ៍មក​ថា ​បាន​ស្លាប់ និង​អគារ​សាធារណៈ និងលំនៅឋានជាច្រើននៅទូទាំងប្រទេស​គុយបា បានខូចខាតដោយសារខ្យល់បោកបក់​។

ព្យុះសង្ឃរាប្រភេទទី៣  ដែលមានល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ពេលនេះកំពុងតែបក់សំដៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយធ្វើឲ្យមនុស្សជាច្រើនកំពុងស្វែងរកទីជម្រកសុវត្ថិភាព។

ប្រធានអាជ្ញាធរថាមពលអគ្គិសនី គុយបា បានប្រកាសតាមទូរទស្សន៍ជាតិថា ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសនេះ ដោយសារដាច់ខ្សែបណ្តាញចរន្តប្រព័ន្ធអគ្គិសនី ហើយបានធ្វើឲ្យមនុស្សជាង១១លាននាក់ គ្មានភ្លើងបំភ្លឺក្នុងផ្ទះ។

រោងចក្រផលិតថាមពលដ៏សំខាន់បំផុត នៅក្នុងភូមិសាស្ត្រចម្ងាយ១០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតនៃរដ្ឋធានីឡាហាវ៉ាន មិនអាចផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់តាមតម្រូវការបានឡើយ។

ក្រុមអ្នកព្យាករណ៍ បានព្រមានថា តំបន់មួយចំនួននៃប្រទេសគុយបា អាចនឹងមានភ្លៀងធ្លាក់រហូតដល់កម្រិត៣០ សង់ទីម៉ែត្រ ដោយសារឥទ្ធិពលព្យុះកំបុតត្បូង ដែលមានឈ្មោះថា អៀន។

ប្រជាពលរដ្ឋគុយបា បាននិយាយកាលពីយប់ថ្ងៃច័ន្ទ នៅពេលព្យុះកំបុតត្បូងបោកបក់មកដល់ភ្លាម ធ្វើឲ្យបរិយាកាសជុំវិញខ្លួន គឺងងឹតសូន្យសុងតែម្តង។

មជ្ឈមណ្ឌលព្យាករណ៍ព្យុះសង្ឃរារបស់សហរដ្ឋអាមេរិក បានប្រកាសថា ព្យុះកំបុតត្បូងនេះ បន្ទាប់ពីឆ្លងផុតប្រទេសគុយបា ឥឡូវកំពុងតែបោកបក់យ៉ាងខ្លាំងនៅឈូងសមុទ្រភាគអាគ្នេយ៍នៃប្រទេសម៉ិកស៊ិក សំដៅទៅកាន់រដ្ឋហ្វ្លរីដា។

មជ្ឈមណ្ឌលព្យាករណ៍ព្យុះសង្ឃរានេះ បានប្រកាសទៀតថា នៅពេលព្យុះនេះវាយប្រហារឆ្នេរសមុទ្រ ភាគខាងលិចនៃរដ្ឋផ្លរីដា ល្បឿនខ្យល់អតិបរមាអាចធ្លាក់ចុះបន្តិច។ មនុស្សប្រហែល២,៥លាននាក់ នៅរដ្ឋផ្លរីដា ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់តំបន់មានសុវត្ថិភាព។

អភិបាលរដ្ឋហ្វ្លរីដា បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ព្យុះនេះ គឺជាបោកបក់ខ្លាំងណាស់ ហើយលោកបានបញ្ជាដល់ទ័ពឆ្មាំសមុទ្រចំនួន៥,០០០នាក់ ត្រៀមជួយសង្គ្រោះប្រជាជននៅក្នុងរដ្ឋនេះ។

ក្រុមអ្នកឧតុនិយម បាននិយាយថា ទឹកជំនន់អាចនឹងកើតមាននៅរដ្ឋហ្វ្លរីដា នៅពេលខ្យល់ព្យុះកំបុតត្បូង ឈ្មោះ អៀវ ជិតបោកបក់មកដល់។

ចំណែកនៅក្នុងរដ្ឋ ចចជៀ ដែលនៅជិតខាងរដ្ឋហ្វ្លរីដា ក៏បានប្រកាសគ្រាអាសន្ន និងបានបញ្ជាឆ្មាំសមុទ្រចំនួន៥០០នាក់ ត្រៀមជួយសង្គ្រោះ។

សេតវិមាន បានធ្វើសេចក្តីប្រកាសគ្រាអាសន្ន ហើយឲ្យមន្ត្រីសហព័ន្ធ និងមន្ត្រីនៅតាមបណ្តារដ្ឋ ត្រៀមសហការគ្នា ដើម្បីសម្របសម្រួល និងដោះស្រាយគ្រោះមហន្តរាយ។

សេចក្តីប្រកាសរបស់សេតវិមាន បានបញ្ជាក់ថា ប្រធានាធិបតីអារិក លោក ចូ បាយដិន (Joe Biden) បានពិភាក្សាជាមួយលោកអភិបាលរដ្ឋហ្វ្លរីដា កាលពីល្ងាចថ្ងៃអង្គារ ដោយបានប្តេជ្ញាថា នឹងបន្តការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយគ្រោះមហន្តរាយនេះ៕

By Ana

You missed