មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងធ្វើពិធីចុះហត្ថលេខា នៅថ្ងៃសុក្រនេះ ដើម្បីដាក់បញ្ចូលជាផ្លូវការនូវទឹកដីផ្តាច់ខ្លួនថ្មីពីប្រទេសអ៊ុយក្រែ ចំនួនបួនខេត្តបន្ថែមទៀត បន្ទាប់ពីទទួលបានលទ្ធផលគាំទ្រក្នុងការបោះឆ្នោតប្រជាមតិ ទាមទារស្វ័យភាព ដែលត្រូវបានថ្កោលទោសពីអន្តរជាតិ។
មេដឹកផ្តាច់ទឹកដីគាំទ្រដោយរុសរុស្សី បានអះអាងថា ការអនុវត្តសិទ្ធិសម្រេចកាត់ទឹកដីក្នុងរយៈពេលប្រាំថ្ងៃនេះ ទទួលបានរយ៉ាងពេញនិយមនូវគាំទ្របំបែកទឹកដីស្ទើរតែទាំងស្រុង ចេញពីប្រទេសអ៊ុយក្រែន។
ការបោះឆ្នោតប្រជាមតិ ត្រូវបានធ្វើឡើងនៅខេត្តលូហាន់ (Luhansk) និងខេត្តដូណែត (Donetsk) នៅភាគខាងកើត និងនៅប៉ែកខាងត្បូងអ៊ុយក្រែន មានខេត្តហ្សាប៉ូរីហ្សា (Zaporizhzhia និងខេត្តឃើសុន (Kherson)។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងថ្លៃងសុន្ទរកថាដ៏សំខាន់មួយ នៅវិមានក្រឹមឡាំង ដើម្បីប្រកាសអំពីជ័យជម្នះទទួលបានទឹកដីថ្មីពីអ៊ុយក្រែន តាមរយៈការបោះឆ្នោតប្រជាមតិនេះ។
វេទិកាដ៏ធំមួយ នៅរៀបចំនៅទីលានក្រហមក្នុងទីក្រុងមូស្គូ មានផ្ទាំងប៉ាណូសរសេរអក្សរប្រកាសអំពីខេត្តទាំងបួនថា គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសរុស្ស៊ី ដែលដូចគ្នានឹងពិធីបញ្ចូលឧបទ្វីបគ្រីមេ ទៅជាដឹកដីរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិដែរ ហើយប្រធានាធិបតីរុស្ស៊ី បានឡើងថ្លៃងសុន្ទរកថានៅលើវេទិកា ដើម្បីប្រកាសពីជ័យជម្នះទទួលបានទឹកដីបំបែកខ្លួនពីប្រទេសអ៊ុយក្រែន។
ប្រតិកម្មទៅនឹងការបញ្ចូលទឹកដីអ៊ុយក្រែនទៅក្នុងប្រទេសរុស្ស៊ីនេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ី ចំពោះលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ចំណែកប្រទេសជាសមាជិកសហភាពអឺរ៉ុបវិញ ក៏កំពុងតែពិចារណាចាត់វិធានការកៀបសង្កត់រុស្ស៊ីបន្ថែមទៀតផងដែរ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា ប៊ើបុក (Annalena Baerbock) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជននៅក្នុងតំបន់ទាហានរុស្ស៊ីកាន់កាប់ ត្រូវទាហានរុស្ស៊ីដើរប្រមូលចេញពីផ្ទះ និងចេញពីកន្លែងធ្វើការ ដោយការគំរាមកំហែង ហើយជួនកាលមានរហូតដល់ភ្ជង់កាំភ្លើងថែមទៀត។
លោកស្រីចោទប្រកាន់តថា «នេះគឺផ្ទុយពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនេះគឺផ្ទុយពីសន្តិភាពពិតប្រាកដ។ វាជាសន្តិភាពបានមកតាមការកំណត់»។
ការអនុវត្តសិទ្ធិបោះឆ្នោតប្រជាមតិនេះ បានចាប់ផ្តើម កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅលើទឹកដីមានទំហំប្រមាណ១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល ដោយមានការជូនដំណឹងត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានអះអាងថា ការប្រើប្រាស់កងទ័ពកាប់អាវុធ គឺសម្រាប់ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកបោះឆ្នោត គឺមិនមែនដើម្បីបំភិតបំភ័យអ្នកបោះឆ្នោតឡើយ។
រុស្ស៊ីមិនបានគ្រប់គ្រងទាំងស្រុងនូវទឹកដីខេត្តទាំងបួន ដែលខ្លួនបានសម្រេចដាក់បញ្ចូលជាចំណែកទឹកដីរបស់ខ្លួនឡើយ។ ទោះបីជាទឹកដីក្នុងខេត្តលូហាន់ ភាគច្រើនស្ថិតក្នុងកណ្តាប់ដៃរុស្ស៊ី ចំណែគទឹកដីក្នុងខេត្តដូណែត រុស្ស៊ីគ្រប់គ្រងបានត្រឹមតែ៦០ភាគរយប៉ុណ្ណោះ។
ប្រាំពីរខែបន្ទាប់ពីកងទ័ពរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីភាគខាងជើង ខាងកើត និងពីភាគខាងត្បូង ការវាយប្រហារគ្នារវាងទាហានរុស្ស៊ី និងទាហានអ៊ុយក្រែន បន្តកើតមាននៅសមរភូមិមុខ តាមបណ្តោយព្រំប្រទល់ខេត្តទាំងបួន៕