ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បាននិយាយប្រកាសថា រដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច ដែលកំពុងគាំទ្រអ៊ុយក្រែន នឹងមិនទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិក្លែងក្លាយ ដើម្បីកាត់យកទឹកដីបំបែកខ្លួនពីអ៊ុយក្រែន ចូលជាទឹកដីរបស់រុស្ស៊ីឡើយ។
នេះការឆ្លើយតបដោយកំហឹងចំពោះផែនការរបស់មេដឹកនាំផ្តាច់ខ្លួន ក្នុងតំបន់ដូនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលបានប្រកាសធ្វើប្រជាមតិ ស្តីពីការចូលរួមជាមួយរុស្ស៊ី។
រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាប្រទេសចេញមុខមុនគេក្នុងការប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតធ្វើប្រជាមតិបំបែកទឹកដីចេញពីអ៊ុយក្រែន។
លោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលការបោះឆ្នោតនាពេលខាងមុខថា ជាការធ្វើប្រជាមតិក្លែងក្លាយ និងមិនអាចទទួលយកបានទេ ព្រោះទង្វើបែបនេះវាផ្ទុយគ្នានឹងការចង់បានរបស់ប្រជាជនអ៊ុយក្រែន ដែលខំតស៊ូប្រយុទ្ធជាមួយទាហានរុស្ស៊ីឈ្លានពាន។
លោក អូឡាហ្វ សូល បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកថា ខ្លួននឹងមិនទទួលស្គាល់ការអះអាងរបស់រុស្ស៊ីចំពោះការយកទឹកដីអ៊ុយក្រែន ភាគខាងកើត ដាក់ចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ី។
ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិកប្រចាំសេតវិមាន លោក ជេក សូលីវ៉ាន់ (Jake Sullivan) បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែចាត់ទុកទឹកដីនោះ គឺជាផ្នែកមួយរបស់អ៊ុយក្រែនជានិច្ច ដោយលោកបាននិយាយបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកក៏បដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រជាមតិនោះដែរ។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថេនប៊ើក (Jens Stoltenberg) ក៏បានហៅការបោះឆ្នោតប្រជាមតិតនាពេលខាងមុខថា ជាការធ្វើប្រជាមតិក្លែងក្លាយ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសចំពោះការរំលោភច្បាប់អន្តរជាតិយ៉ាងសាហាវនេះ។
លោកប្រធានអង្គការណាតូ បានពិពណ៌នាការព្យាយាមធ្វើប្រជាមតិដូច្នោះ គឺជាការបន្ថែមជម្លោះ នៅក្នុងសង្គ្រាមអ៊ុយក្រែន។
មេដឹកនាំតំបន់បំបែកខ្លួនដូនបាស បានប្រកាសកាលពីថ្ងៃអង្គារថា ប្រជាជននៅក្នុងខេត្តទាងពីរនៃតំបន់ដូនបាស គឺខេត្តលូហាន់ និងខេត្តដូណែត នឹងបោះឆ្នោតប្រជាមតិកាត់ទឹកដីចូលរួមជាមួយរុស្ស៊ី រវាងថ្ងៃទី២៣ និង២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
កាលពីក្នុងខែកុម្ភៈ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានទទួលស្គាល់ទឹកដីក្នុងខេត្តទាំងពីរថា ជាសាធារណរដ្ឋឯករាជ្យ ហើយទាមទារឲ្យអ៊ុយក្រែនប្រកាសខ្លួនជាផ្លូវការថា ជាប្រទេសអព្យាក្រឹត មិនចូលរួមជាមួយប្លុកយោធាលោកខាងលិចណាមួយឡើយ។
ឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីដណ្តើមយក ដាក់បញ្ចូលជាទឹកដីរបស់ខ្លួន ហើយឥឡូវនេះអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េតវីដេវ (Dmitry Medvedev) បាននិយាយថា ក្រុមមេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី គួរតែរៀបចំធ្វើប្រជាមតិ ដាក់បញ្ចូលទឹកដីខេត្តលូហាន់ (Luhansk និងខេត្ត ដូណែត (Donetsk) នៅក្នុងតំបន់ដូនបាស់ (Donbas) ឲ្យភ្ជាប់ជាមួយទឹកដីរុស្ស៊ី ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀតថា ការរំដោះយកតំបន់ពីអ៊ុយក្រែន គឺជាគោលដៅចម្បងរបស់រុស្ស៊ី។ ចំណែកលោក ឌីមីទ្រី ម៉េតវីដេវ ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា ការធ្វើប្រជាមតិនៅតំបន់ដូនបាស់ គឺជាករណីចាំបាច់បំផុតសម្រាប់រុស្ស៊ី។
មេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី នៅក្នុងខេត្តលូហាន់ និងខេត្តដូណែត ក៏បានអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិជាបន្ទាន់ផងដែរ៕