អង្គការសហប្រជាជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានសម្តែងការខកចិត្តចំពោះបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយបានអំពាវនាវឲ្យធ្វើកំណែទម្រង់ ដែលអាចអនុញ្ញាតឲ្យអង្គការសហប្រជាជាតិមានសិទ្ធិការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកបានប្រសើរជាងមុន។

លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នាទីក្រុងញូវយ៉ក នៅថ្ងៃនេះ ដោយអំពាវនាវឲ្យមានការកែទម្រង់ថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាទង្វើជាន់ឈ្លីទស្សនវិស័យ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ … វាមិនគួរអត់ឱនឲ្យបានឡើយ»។

លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយនៅក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាត លើកទី៧៧ថា «យើងត្រូវតែប្រឈមមុខនឹងការពិតដែលថាសុចរិតភាពរបស់អង្គការសហប្រជាជាតិ គឺមានគ្រោះថ្នាក់ដោយសារតែការឈ្លានពានអ៊ុយក្រែនពីប្រទេសរុស្ស៊ី ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

លោក​បានបន្ត​ទៀតថា «កំណែ​ទម្រង់​ត្រូវ​បាន​លើកមកពិភាក្សា​គ្នាអស់​រយៈពេល​ជិត៣០​ឆ្នាំ​កន្លងមក​ហើយ។ អ្វី​ដែល​យើង​ត្រូវ​ការ​ គឺ​សកម្មភាព​ឆ្ពោះ​ទៅ​រក​ការធ្វើកំណែ​ទម្រង់​ពិតប្រាកដ មិន​មែន​គ្រាន់​តែ​និយាយ​ទេ»។

ប្រទេសជប៉ុន បានព្យាយាមឲ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថា វាត្រូវបានតាក់តែងឡើងដោយអ្នកឈ្នះសង្គ្រាមលោកលើកទី២ និងមិនឆ្លុះបញ្ចាំងពីការពិតនៃសង្គមអន្តរជាតិ ហើយចាប់តាំងពីឆ្នាំ២០០៤ បានផ្សព្វផ្សាយផែនការធ្វើកំណែទម្រង់ជាមួយប្រទេសអាល្លឺម៉ង់ ឥណ្ឌា និងប្រទេសប្រេស៊ីល។

ប្រទេសជប៉ុន​នឹងទទួលបានអាសនៈ​មួយ​ ក្នុង​ចំណោម​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ចាប់ផ្តើម​នៅ​ខែ​មករា ឆ្នាំ២០២៣។

លោក ហ្វូមីអូ គីហ្ស៊ីដា កើតនៅទីក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា (Hiroshima) ដែលជាទីក្រុងរងការទម្លាក់គ្រាប់បែកបរមាណូពីអាមេរិក ក៏បានសម្តែងការខកចិត្តចំពោះបរាជ័យរបស់អ្នកចរចាកាលពីខែមុន ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងម៉ូស្គូ បានរារាំងវគ្គផ្តាច់ព្រ័ត្រនៅក្នុងសេចក្តីព្រាងនោះ។

លោក​ក៏​ថ្កោលទោស​ចំពោះការ​គំរាម​កំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រទេសរុស្ស៊ី​ បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២២ ហើយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាន​លើក​ឡើង​ភ្លាមៗ ពី​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ដោយអាវុធនុយក្លេអ៊ែរ​។

កាលពីខែមុន អ្នកការទូតរុស្ស៊ី បាននិយាយនៅអង្គការសហប្រជាជាតិថា ជម្លោះនៅអ៊ុយក្រែនមិនធានាចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីទេ ប៉ុន្តែទីក្រុងម៉ូស្គូអាចសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ពីប្រទេសសមាជិកអង្គការណាតូ។

ត្រង់ចំណុចនេះ លោក ហ្វូមីអូ គីហ្ស៊ីដា បាននិយាយថា «ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដូចរុស្ស៊ីបានធ្វើនៅពេលនេះ អនុញ្ញាតឲ្យប្រើប្រាស់អាវុធទាំងនោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសុវត្ថិភាពរបស់សហគមន៍អន្តរជាតិ ហើយមិនអាចទទួលយកបានឡើយ»។

កាលពីថ្ងៃអង្គារ មន្ត្រីដែលតែងតាំងដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន បានប្រកាសពីផែនការធ្វើប្រជាមតិ ថាតើត្រូវចូលរួមជាមួយរុស្ស៊ីដែរឬទេ។

លោក ឌីមីទ្រី ម៉េតវីដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ការបោះឆ្នោតនេះនឹងអនុញ្ញាតឲ្យវិមានក្រឹមឡាំងមានជម្រើសបន្ថែមទៀតសម្រាប់ការពារនូវអ្វី ដែលលោកបាននិយាយថា នឹងក្លាយជាទឹកដីរុស្ស៊ី។

លោកបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមថា «ការទន្ទ្រានចូលទឹកដីរុស្ស៊ី គឺជាឧក្រិដ្ឋកម្ម ដែលអនុញ្ញាតឲ្យប្រើកម្លាំងការពារខ្លួនតាមគ្រប់រូបភាពទាំងអស់»៕

 

By Ana

You missed